FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់១៩គ្រួសារ ក្នុងឃុំអូរដំបង២ ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសង្កែ

04-05-2026 15:24

(បាត់ដំបង)៖ អនុវត្តតាមអនុសាសន៍ របស់លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ក្រុមការងារ អនុសាខាកាកបាទក្រហ មកម្ពុជាស្រុកសង្កែ ដែលមានលោក នាង ច័ន្ទថារ៉ា អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក និងសហការី ព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយក អំណោយមនុស្សធម៌ របស់សប្បុរសជនតាមរយៈអនុសាខាកាកបាទក្រហមកម្ពុជាស្រុកផ្តល់ជូន ប្រជាពលរដ្ឋរង គ្រោះដោយខ្យល់កន្រ្តាក់ចំនួន១៩ គ្រួសារ មកពីភូមិចំនួន២ ភូមិស្វាយជ្រុំ និងភូមិកំពង់ម្តោកឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ដែលបានរងគ្រោះ ដោយសារខ្យល់កន្ត្រាក់ កាលពីថ្ងៃទី២៦ ខែមេសា ២០២៦កន្លងទៅ។

ថ្លែងក្នុងឱកាសសំណេះសំណាលនេះ លោក នាង ចន្ទថារ៉ា បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបានសម្ដែងនូវការសោកស្ដាយ ចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិរបស់បងប្អូន ដែលនេះជាគ្រោះមហន្តរាយបង្កដោយធម្មជាតិ គ្មាននរណា ម្នាក់ចង់ជួបប្រទះឡើយ។

លោកប្រធានអនុសាខាបានបន្តទៀតថាជានិច្ចកាល សម្តេចតែង តែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខ ទុក្ខរបស់បងប្អូន ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់រូប ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ពោលគឺទីណា មានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។

ទន្ទឹមនោះ លោកប្រធាន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំអស់មានការប្រុងប្រយ័ត្នឲ្យបានគ្រប់ៗគ្នា ជាពិសេសសូមមេត្តាថែទាំសុខភាព ឱ្យបានល្អថែទាំកូនចៅតូចៗ ត្រូវប្រុងប្រយ័ត្ន ខ្លាចក្រែងជួបវិបត្តិផ្សេងៗ ម្យ៉ាងវិញទៀត បើឃើញភាពមិនស្រួលចំពោះសុខភាព ត្រូវប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត ដើម្បីអាចពិគ្រោះ ឬព្យាបាលបានទាន់ពេលវេលា ។

សូមបញ្ជាក់ថា គ្រួសារនីមួយៗ ទទួលបានអំណោយពីអនុសាខារួមមាន៖ អង្ករ២៥គីឡូ, មី១កេស, ត្រីខ១យួរ, ទឹកត្រី១យួរ និងថវិកាចំនួន៥០,០០០រៀល៕