រូបសំណាក «ព្រះវិស្ណុគង់លើស្តេចគ្រុឌ» ត្រូវបានយកមកដាក់ទីតាំងដើមវិញ ក្រោយមានសំណូមពររបស់ប្រជាពលរដ្ឋ
04-05-2026 11:46
(សៀមរាប)៖ នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តឧត្ដរមានជ័យ និងរដ្ឋបាលខេត្តសៀមរាប បានសហការគ្នារៀបចំពិធីមង្គលបួងសួងសុំយាង «ព្រះវិស្ណុគង់លើស្ដេចគ្រុឌ» ដង្ហែចេញពីទឹកដីខេត្តឧត្ដរមានជ័យ មកកាន់ទីតាំងដើមវិញ គឺនៅរង្វង់មូលមុខវិទ្យាល័យសម្តេចឪ ឬរង្វង់មូលអតីតព្រលានយន្តហោះអន្តរជាតិសៀមរាប។
«ព្រះវិស្ណុគង់លើស្ដេចគ្រុឌ» មិនត្រឹមតែជារូបសំណាកសក្ការៈនោះទេ ប៉ុន្តែគឺជាដួងព្រលឹងដែលនាំមកនូវសេចក្តីសុខសន្តិភាព និងភាពត្រជាក់ត្រជុំដល់ទឹកដី និងប្រជារាស្ត្រខ្មែរ។
រូបសំណាកព្រះវិស្ណុផ្លែងសជិះលើគ្រុឌ ត្រូវបានដកចេញ និងជំនួសរូបសំណាកព្រះបាទជ័យវរ្ម័នទី៧ នៅអំឡុងឆ្នាំ២០១០ ឬ២០១១ ក្នុងអាណត្តិលោក ស៊ូ ភិរិន្ទ ជាអភិបាលខេត្តសៀមរាប ដោយអាជ្ញាធរមិនបានបញ្ជាក់ពីមូលហេតុនោះទេ។ រូបសំណាកព្រះវិណ្ណុផ្លែងសជិះលើគ្រុឌ ត្រូវបានគេយកទៅដាក់នៅក្បែររង្វង់មូលរដ្ឋបាលខេត្តឧត្តរមានជ័យ។
កំលុងពេលមានសង្គ្រាមថៃឈ្លានពានលើដីខ្មែរ មានប្រជាពលរដ្ឋជាច្រើន បានស្នើឱ្យយករូបសំណាកនេះ ដាក់នៅទីតាំងដើមវិញ។ ក្រោយមានសំណើបែបនេះ ទើបអាជ្ញាធរខេត្តឧត្តរមានជ័យ និងសៀមរាប សម្រេចយករូបសំណាកមកតម្កល់នៅទីតាំងដើមវិញ។
យោងតាមឯកសារនានា បានរៀបរាប់នូវដំណើររឿងព្រះវិស្ណុ ឬព្រះនារាយណ៍ គង់ប្រថាប់គង់លើ ស្ដេចគ្រុឌជាយានជំនិះ គឺមានប្រវត្តិទាក់ទងនឹងការសន្យា និងការគោរពចំពោះឫទ្ធានុភាពរបស់គ្នាទៅវិញទៅមក ក្នុងទេវកថាព្រហ្មញ្ញសាសនា។ ដំណើររឿងសំខាន់ៗដែលនាំឱ្យមានការផ្សារភ្ជាប់នេះមានដូចជា៖
* ការសង្គ្រោះមាតាពីទាសភាព៖ មាតារបស់គ្រុឌ (នាងវីនីតា) ត្រូវបានចាញ់ល្បិចនាងកាឌ្រុ (មាតានៃពួកនាគ) រហូតធ្លាក់ខ្លួនជាទាសី។ ដើម្បីដោះលែងមាតា គ្រុឌត្រូវទៅយក «ទឹកអម្រឹត» ពីឋានសួគ៌មកប្ដូរ។
* ការជួបជាមួយព្រះវិស្ណុ៖ នៅពេលគ្រុឌដណ្ដើមបានទឹកអម្រឹត ហើយហោះត្រឡប់ មក វិញ ព្រះវិស្ណុបានយាងមកស្កាត់ផ្លូវ។ ព្រះអង្គមានការកោតសរសើរចំពោះគ្រុឌ ដែលមាន ឫទ្ធិខ្លាំងក្លាអាចយកឈ្នះពួកទេវតាបាន ប៉ុន្តែបែរជាមិនព្រមផឹកទឹកអម្រឹតនោះ ដោយខ្លួនឯង ព្រោះតែចង់រក្សាភាពស្មោះត្រង់ដើម្បីដោះលែងមាតា។
* ការផ្ដល់ពរ និងការសន្យា៖ ដោយសារតែគុណធម៌ និងភាពស្មោះត្រង់នេះ ព្រះវិស្ណុបាន ផ្ដល់ពរឱ្យគ្រុឌមានជីវិតអមតៈ (មិនចេះស្លាប់) ទោះបីជាមិនបានផឹកទឹកអម្រឹតក៏ដោយ។ ជាការតបស្នង គ្រុឌក៏បានសន្យាធ្វើជាយានជំនិះថ្វាយព្រះវិស្ណុជារៀងរហូតមក។
* និមិត្តរូបនៃអំណាច៖ ការដែលព្រះវិស្ណុគង់លើគ្រុឌ តំណាងឱ្យអំណាចលើលំហអាកាស និងការគ្រប់គ្រងពិភពលោក។ គ្រុឌតំណាងឱ្យល្បឿន និងកម្លាំង ខណៈព្រះវិស្ណុតំណាងឱ្យការថែរក្សាសន្តិសុខលោក។ ក្រៅពីជាយានជំនិះ គ្រុឌក៏មានវត្តមាននៅលើ ទង់ជ័យ (Banner) របស់ព្រះវិស្ណុផងដែរ ដែលជានិមិត្តរូបនៃជ័យជម្នះ និងយុត្តិធម៌៕



