រដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើកជាផ្លូវការ «យុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតងឆ្នាំ២០២៦» ដើម្បីជំរុញទេសចរណ៍កម្ពុជា
04-05-2026 08:59
(ភ្នំពេញ)៖ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងភរិយា នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើកជាផ្លូវការ «យុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតងឆ្នាំ២០២៦» ក្រោមបរិយាកាសដ៏អធិកអធម ស្និទ្ធស្នាលនិងសប្បាយរីករាយ ដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានទន្ទឹមរង់ចាំមកជាយូរ។
ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងអង្គទូតបរទេសប្រចាំនៅកម្ពុជា, តំណាងដៃគូអភិវឌ្ឍ អង្គការជាតិ និងអន្តរជាតិ, លោក ហួត ហៃ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាង លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ, ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងអន្តរក្រសួង ស្ថាប័ន, តំណាងគណៈអភិបាលខេត្តទាំង ២៤, អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលអញ្ជើញមកពីវិស័យឯកជន ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
តាមរយៈការទស្សនាវីដេអូខ្លី និងរបាយការណ៍បូកសរុបលទ្ធផលការងារយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង, រដ្ឋមន្ត្រី ហួត ហាក់ បានយកឱកាសដ៏ថ្លៃថ្លានេះសម្តែងនូវការកោតសរសើរ និងវាយ តម្លៃខ្ពស់ ជូនចំពោះថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក៏ដូចជាក្រុមការងារជំរុញយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង និងលោក មហាំម៉ាត់ យូណេះ អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាន,ព្រមទាំងសហការី ទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ ចិត្ត, ប្រាជ្ញាស្មារតី, ពេលវេលា និងធនធានសម្ភារៈ ជំរុញឱ្យការអនុវត្តយុទ្ធនាការរដូវកាលបៃតងទទួលបានលទ្ធផលផ្លែផ្កាគួរជាទីកត់សម្គាល់នៅឆ្នាំ២០២៥ និងឈានដល់ការបន្តអនុវត្តយុទ្ធនាការនេះកាន់តែសកម្មឡើងថែមទៀតក្នុងឆ្នាំ២០២៦នេះ។
តាងនាមមហាគ្រួសារវិស័យទេសចរណ៍, លោករដ្ឋមន្ត្រី បានយកឱកាសដ៏ប្រពៃថ្លៃថ្លានេះ សូមគោរពដឹងគុណ និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត គោពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានគាំទ្រគំនិតផ្តួចផ្តើមរបស់ក្រសួងទេសចរណ៍ ក្នុងការដាក់ចេញនូវយុទ្ធនាការ «រដូវកាលបៃតង» (Green Season) ជំនួសឱ្យពាក្យ «រដូវកាលភ្ញៀវតិច»ឬ (Low Season) ចាប់ពីខែឧសភា ដល់ខែតុលា, និងបាន ឯកភាពផ្តល់សន្ទុះថ្មីដល់ការបន្តអនុវត្តយុទ្ធនាការរដូវកាលបៃតង សម្រាប់ឆ្នាំ២០២៦នេះ។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រី ហួត ហាក់ គូសបញ្ជាក់ថា ការបំប្លែងរដូវកាល«Green Season» មិនមែនគ្រាន់តែជាការផ្លាស់ប្តូរឈ្មោះនោះទេ ប៉ុន្តែគឺជាការផ្លាស់ប្តូរផ្នត់គំនិត និងជាយុទ្ធសាស្ត្រជាតិដ៏មុតស្រួច។ លោករដ្ឋមន្ត្រីបន្តថា រដូវកាលនេះ គឺជារដូវកាលដែលកម្ពុជាបញ្ចេញនូវសម្រស់ពិតប្រាកដរបស់ខ្លួន ជាមួយនឹងភាពស្រស់បំព្រងនៃធម្មជាតិ ពណ៌បៃតងខ្ចី និងបរិយាកាសបរិសុទ្ធ ដែលស័ក្តិសមបំផុតសម្រាប់ទេសចរណ៍បែបធម្មជាតិ អេកូទេសចរណ៍ និងការលំហែកាយដើម្បីសុខុមាលភាព។
រដ្ឋមន្ត្រី ហួត ហាក់ គូសបញ្ជាក់បន្ថែមថា យុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតង» មានចក្ខុវិស័យសំខាន់ៗ ចំនួន ៣៖ គឺទី១៖ ការបង្កើនភាពទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ទី២៖ ជំរុញចលនាទេសចរណ៍ក្នុងស្រុក និងទី៣៖ ពង្រាយរបាយភ្ញៀវទេសចរឱ្យបានច្រើន ជាពិសេសបំពេញបន្ថែមចរន្តទេសចរក្នុងរដូវកាលបៃតង ពីខែឧសភា ដល់ខែតុលា សំដៅជំរុញកម្ពុជា ឱ្យក្លាយជាគោលដៅទទួលបានកំណើនទេសចរពេញមួយឆ្នាំ (Year Round Destination)។
លោករដ្ឋមន្ត្រី មានជំនឿយ៉ាងមុតមាំថា តាមរយៈការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ វិស័យឯកជន និងប្រជាពលរដ្ឋក្រោមម្លប់នៃសុខសន្តិភាពពេញលេញ និងការចង្អុលបង្ហាញផ្លូវប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី យើងពិតជានឹងរួមគ្នាប្រែក្លាយរដូវកាលនេះ ឱ្យទៅជា «រដូវកាលមាសពណ៌បៃតង» ដែលពោរពេញទៅដោយភាពរស់រវើក ស្នាមញញឹម ការបង្កើតការងារ និងការស្រូបយកកំណើនសេដ្ឋកិច្ចយ៉ាងពិតប្រាកដ ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន៕







