កម្ពុជា-ម៉ាឡេស៊ី ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការកសិឧស្សាហកម្ម និងការប្រើប្រាស់ថាមពលជីវម៉ាស៊ូត
03-05-2026 20:24
(គូឡាឡាំពួរ)៖ ក្នុងកិច្ចខិតខំប្រឹងប្រែងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានជួបពិភាក្សាការងារជាមួយលោកស្រី Noraini Ahmad រដ្ឋមន្ត្រីក្រសួងកសិឧស្សាហកម្ម និងផលិតផល នៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ នៅអគារពាណិជ្ជកម្មពិភពលោក (WTC) ក្នុងរដ្ឋធានីគូឡាឡាំពួរ។
ក្នុងជំនួបនោះ ទេសរដ្ឋមន្ត្រី បានលើកឡើងពីភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យកសិឧស្សាហកម្មកម្ពុជា ដោយសង្កត់ធ្ងន់លើដំណាំយុទ្ធសាស្ត្រសំខាន់ៗ រួមមាន កៅស៊ូ ស្វាយ និងជាពិសេសគឺ ស្វាយចន្ទី។
លោកបានគូសបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាបានក្លាយជាប្រទេសផលិតស្វាយចន្ទីច្រើនជាងគេបំផុតលំដាប់ទីពីរនៅលើពិភពលោក ដែលនេះគឺជាឱកាសមាសសម្រាប់វិនិយោគិនម៉ាឡេស៊ី ក្នុងការមកបណ្តាក់ទុនលើការកែច្នៃសម្រាប់នាំចេញ។ ទន្ទឹមនេះ លោកបានជម្រាបជូនភាគីម៉ាឡេស៊ី អំពីច្បាប់វិនិយោគថ្មី និងគោលនយោបាយគាំទ្រនានារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តល់នូវភាពអនុគ្រោះ និងបរិយាកាសធុរកិច្ចដ៏ល្អប្រសើរសម្រាប់វិនិយោគិនបរទេស។
ជាការឆ្លើយតប លោកស្រី Noraini Ahmad បានសម្តែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជា។ ក្នុងឱកាសនោះ លោកស្រីក៏បានលើកបង្ហាញពីគម្រោងថ្មីរបស់ម៉ាឡេស៊ី ក្នុងការកែច្នៃផលិតផលដូងប្រេងទៅជា «ជីវម៉ាស៊ូត» ដើម្បីប្រើប្រាស់ជំនួសម៉ាស៊ូតធម្មតា ក្នុងគោលដៅកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈផូស៊ីល និងដោះស្រាយបញ្ហាតម្លៃថាមពលដែលកំពុងហក់ឡើងខ្ពស់។
បន្ទាប់ពីកិច្ចពិភាក្សា លោកបណ្ឌិត អូស្មាន ហាស្សាន់ ក៏បានអញ្ជើញពិនិត្យមើលការដាក់តាំងបង្ហាញរថយន្តដែលប្រើប្រាស់ថាមពលជីវម៉ាសូត។ លោកបានវាយតម្លៃខ្ពស់ចំពោះបច្ចេកវិទ្យានេះ ដែលជាដំណោះស្រាយដ៏វៃឆ្លាតចំពេលដែលពិភពលោកកំពុងប្រឈមនឹងវិបត្តិថាមពល និងកង្វះខាតប្រេងម៉ាស៊ូត ដោយសារផលប៉ះពាល់ នៃសង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ា។
ជំនួបពិភាក្សានេះ មិនត្រឹមតែបើកផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសញ្ញាវិជ្ជមានក្នុងការដោះដូរបច្ចេកវិទ្យាថាមពលថ្មីៗ រវាងប្រទេសទាំងពីរក្នុងពេលអនាគតដ៏ខ្លីខាងមុខផងដែរ៕
