FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តាមរយៈទំនាក់ទំនងល្អរវាងកម្ពុជា និងជប៉ុន គំនិតផ្តួចផ្តើមថ្មីមួយកំពុងដំណើរការ ដើម្បីជួយដល់កុមារមានពិការភាព (Video inside)

03-05-2026 17:13

(ភ្នំពេញ)៖ កម្ពុជាតាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជប៉ុន តាមរយៈអង្គការមិនមែនរដ្ឋាភិបាលរបស់ជប៉ុន ដែលមានឈ្មោះថា «ប្រព័ន្ធគាំទ្រអភិវឌ្ឍផ្លូវចិត្តនិងរាងកាយ» បានបង្កើតគំនិតផ្តួចផ្តើមថ្មីមួយ កំពុងដំណើរការដើម្បីជួយដល់កុមារមានពិការភាព។

គម្រោងនេះគឺជាកម្មវិធីជួយគាំទ្រទ្វេភាគីសម្រាប់កុមារមានពិការភាព នៅក្នុងប្រទេសជប៉ុន និងកម្ពុជា ដោយប្រើប្រាស់ទូរទស្សន៍ឆ្លាតវៃ (Smart Panel) ដើម្បីតភ្ជាប់ការបង្រៀនបច្ចេកទេសតាមអនឡាញ។ គម្រោងនេះបានចាប់ផ្តើមនៅក្នុងខែមេសា ឆ្នាំ២០២៥ នឹងកំពុងបន្ត ។

គំនិតផ្ដួចផ្ដើមនេះ ត្រូវបានអនុវត្តដោយអង្គការមិនមែនរដ្ឋាភិបាលរបស់ជប៉ុនដែលមានឈ្មោះថា «ប្រព័ន្ធគាំទ្រអភិវឌ្ឍផ្លូវចិត្ត និងរាងកាយ» ហើយគម្រោងនេះទទួលបានការគាំទ្រពីមូលនិធិ KDDI ។

គម្រោងជំនួយគាំទ្រនេះផ្តោតលើមជ្ឈមណ្ឌលទារក និងកុមារជាតិ (NCIC) ដែលជាមណ្ឌលស្នាក់នៅសម្រាប់កុមារមានពិការភាពធំជាងគេបំផុត នៅប្រទេសកម្ពុជា ដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញ។កុមារជាង ១៥០ នាក់ ដែលមានពិការភាពចលករខួរក្បាលកំពុងរស់នៅ និងទទួលសេវាក្នុងមណ្ឌលនេះ។ គម្រោងនេះផ្តល់ការព្យាបាលដោយលំហាត់ប្រាណ ដើម្បីជួយកុមារឱ្យរៀនអង្គុយ ឈរ និងដើរដោយខ្លួនឯង។

ការព្យាបាលនេះត្រូវបានគេហៅជាភាសាជប៉ុនថា «ដូសាហូ» វិធីសាស្ត្រព្យាបាលនេះ បានបង្កើតឡើងនៅក្នុងប្រទេសជប៉ុន ។
ដូសាហូ គឺជាវិធីសាស្ត្រមួយដែលមិនត្រឹមតែធ្វើឱ្យប្រសើរឡើង នូវចលនារាងកាយប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយដល់ការទំនាក់ទំនង និងស្ថេរភាពអារម្មណ៍ផ្លូវចិត្តផងដែរ។

វិធីសាស្ត្រព្យាបាលនេះត្រូវបានគេប្រើប្រាស់ យ៉ាងទូលំទូលាយអស់រយៈពេលជាង ៦០ឆ្នាំមកហើយ នៅក្នុងសាលាអប់រំពិសេសសម្រាប់កុមារមានពិការភាពនៅប្រទេសជប៉ុន ។

វិធីសាស្ត្រព្យាបាលនេះ បានដំណើរការអស់រយៈពេលជាង២០ឆ្នាំមកហើយនៅ ក្នុងប្រទេសកម្ពុជា ដោយចាប់ផ្តើមដំបូងនៅមណ្ឌល NCIC ។ ជាការពិតតាមរយៈវិធីសាស្រ្តនេះ អាចឱ្យកុមារជាច្រើនអាច អង្គុយ ឈរ និង ដើរបានដោយខ្លួនឯង ។

លក្ខណៈពិសេសមួយនៃគម្រោងនេះ គឺការប្រើប្រាស់ទូរទស្សន៍ឆ្លាតវៃ (Smart Panel) ។ តាមរយៈការប្រើប្រាស់អ៊ីនធឺណិត អ្នកជំនាញជប៉ុនអាចផ្តល់ដំបូន្មាន និងវិធីសាស្ត្រធ្វើចលនាពីចម្ងាយបាន ។

តាមរយៈវិធីនេះបានធ្វើឱ្យលទ្ធភាព ក្នុងការផ្តល់ការជួយគាំទ្របច្ចេកទេស ដែលមានគុណភាពខ្ពស់ដល់កុមារកាន់តែច្រើន។ គំនិតផ្ដួចផ្ដើមជួយគាំទ្របច្ចេកទេសពីចម្ងាយបែបនេះ កម្រមានណាស់នៅក្រមខណ្ឌជាសកល។

យើងខ្ញុំមានគម្រោងប្រើប្រាស់ប្រព័ន្ធគាំទ្របច្ចេកទេសបែបនេះ ទៅកាន់កន្លែងនានានៅតំបន់ជនបទ និងជាយក្រុងនៅក្នុងប្រទេសកម្ពុជា។ បើមានការតភ្ជាប់ប្រព័ន្ធអ៊ីនធឺណិត ការគាំទ្របច្ចេកទេសអាចផ្តល់ជូនពីគ្រប់ទីកន្លែង។

លើសពីនេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាកម្ពុជា មានការកោតសរសើរយ៉ាងខ្លាំងចំពោះគំនិតផ្តួចផ្តើមថ្មីនេះ ។ នាពេលអនាគត មានគម្រោងពង្រីកការជួយគាំទ្របច្ចេទេសនេះទូទាំងប្រទេស ដោយយកមណ្ឌល NCIC ជាមណ្ឌលឈានមុខគេ។ តាមរយៈគំនិតផ្ដួចផ្ដើមនេះ រំពឹងថានឹងជួយកុមារកាន់តែច្រើនឱ្យឈានមួយជំហានទៀត ឆ្ពោះទៅរកឯករាជ្យភាពរបស់ពួកគេ៕