អគ្គិសនីកម្ពុជា ដាក់ឱ្យដំណើរការអនុស្ថានីយអគ្គិសនីវាលរេញ ក្នុងខេត្តព្រះសីហនុ និងអនុស្ថានីយអគ្គិសនីសំរោងយ៉ោង ក្នុងខេត្តតាកែវ បណ្តោះអាសន្ន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ធំបន្ទាន់
03-05-2026 12:02
(ភ្នំពេញ)៖ នៅចុងខែខែមេសា ឆ្នាំ២០២៦ អគ្គិសនីកម្ពុជាបានបញ្ចប់ការធ្វើតេស្តសាកល្បង និងដាក់ឱ្យដំណើរការដោយជោគជ័យអនុស្ថានីយប្រភេទ Modular (ក្នុងទូកុងទឺន័រ) តង់ស្យុង ២៣០/២២គីឡូវ៉ុល អានុភាព ៧៥ មេហ្គាវ៉ុលអំពែ ចំនួន ២ កន្លែង ដែលប្រើប្រាស់ជាបណ្តោះអាសន្នរួមមាន៖ (១) អនុស្ថានីយអគ្គិសនីវាលរេញ ស្ថិតនៅឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និង (២) អនុស្ថានីយអគ្គិសនីសំរោងយ៉ោង ស្ថិតនៅក្នុងឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ធំបន្ទាន់ចំពោះមុខ។
ទីតាំងទាំងពីរនេះ អនុស្ថានីយអគ្គិសនីវាលរេញ គ្រោងសាងសង់ ដោយប្រើប្រាស់ឥណទានរបស់ធនាគារអហរ័ណ-នីហរ័ណ នៃសាធារណរដ្ឋកូរ៉េ ដែលត្រូវចំណាយពេលប្រមាណ ៣ ទៅ ៥ឆ្នាំទៀត ចំណែកអនុស្ថានីយអគ្គិសនីសំរោងយ៉ោង បាននឹងកំពុងអនុវត្តការងារសាងសង់ដោយប្រើប្រាស់កម្ចីឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលនឹងត្រូវការពេលរហូតដល់ឆ្នាំ២០២៧។ ដូច្នេះ ដើម្បីដាក់ឱ្យដំណើរការអនុស្ថានីយទាំងពីរខាងលើឱ្យទាន់ពេលវេលា ក្នុងការឆ្លើយតបទៅនឹងតម្រូវការដល់រោងចក្រឧស្សាហកម្ម រួមនឹងតំបន់សេដ្ឋកិច្ចពិសេស ដែលបច្ចុប្បន្នមានតម្រូវការថាមពលកើនឡើងខ្ពស់ អគ្គិសនីកម្ពុជា បានកែសម្រួល និងបង្វែរសម្ភារអគ្គិសនីសំខាន់ៗខ្លះ ដើម្បីមានលទ្ធភាពភ្ជាប់ជាមួយខ្សែបញ្ជូនតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល ឱ្យប្រើប្រាស់ជាលក្ខណៈបណ្តោះអាសន្ន រហូតដល់អនុស្ថានីយអគ្គិសនីទាំងពីរនេះសាងសង់រួចរាល់ អគ្គិសនីកម្ពុជា នឹងរុះរើតែសម្ភារមួយចំនួន ហើយអាចចល័តទៅប្រើកន្លែងផ្សេងបាន។
អនុស្ថានីយបណ្តោះអាសន្ន ត្រូវបានប្រើប្រាស់ជាទូទៅនៅការដ្ឋានសាងសង់ធំៗ នៅតំបន់អាជីវកម្មរុករករ៉ែ ឬតំបន់ឧស្សាហកម្មធំៗ នៅក្បែរខ្សែបញ្ជូនតង់ស្យុងខ្ពស់មានស្រាប់ ដែលត្រូវការប្រើពេលខ្លីៗ។ នៅពេលអនុស្ថានីយអគ្គិសនីទាំងពីរនេះ ដំណើរការពេញលេញ អគ្គិសនីកម្ពុជា គ្រាន់តែរុះរើសម្ភារមួយចំនួនប៉ុណ្ណោះ (ដែលដាក់ក្នុងកុងទឺន័ររួចរាល់) ហើយសម្ភារអគ្គិសនីធំៗ នឹងត្រូវរក្សាទុកដ៏ដែលប្រើជាមួយសម្ភារក្នុងគម្រោងដែលបានអនុម័តរួច ដែលនេះជាដំណោះស្រាយបន្ទាន់ និងទំនើបមួយ សម្រាប់ដោះស្រាយបញ្ហាប្រឈមចំពោះមុខ។ ជាក់ស្តែងការដាក់ឱ្យដំណើរការអនុស្ថានីយអគ្គិសនីទាំងពីរជិតមួយសប្តាហ៍កន្លងទៅនេះ ឃើញថាបន្ទុកប្រើប្រាស់ភ្ជាប់ចេញពីអនុស្ថានីយថ្មីនេះ កើនឡើងរហូតដល់ 34MW (៥០ភាគរយ នៃកំលាំងសរុបត្រង់ស្វូម៉ាទ័រ) សម្រាប់អនុស្ថានីយអគ្គិសនីវាលរេញ និង 18MW (ជិត 30% នៃកំលាំងសរុបត្រង់ស្វូម៉ាទ័រ) សម្រាប់អនុស្ថានីយអគ្គិសនីសំរោងយ៉ោង។
ប្រភពថ្មីទាំងនេះ នាំមកនូវការផ្គត់ផ្គង់មានស្ថិរភាព និរន្តភាពកាន់តែល្អប្រសើរ ដោយយកប្រភពមកខិតជិតនឹងអ្នកប្រើប្រាស់ ដែលផ្តល់នូវការរស់នៅប្រកបដោយផាសុខភាពសម្រាប់ប្រជាពលរដ្ឋ ក្នុងតំបន់ទាំងនេះដែលពីមុនធ្លាប់បានផ្គត់ផ្គង់តាមរយៈខ្សែបណ្តាញតង់ស្យុងមធ្យម ២២ គីឡូវ៉ុល ដែលមានចម្ងាយប្រមាណ ៤០ គីឡូម៉ែត្រ ចេញពីអនុស្ថានីយដែលមានស្រាប់ និងធ្លាប់មានការរអាក់រអួលក្នុងការផ្គត់ផ្គង់អគ្គិសនីជាមួយកន្លងមក៕









