ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ចូលរួមវេទិកា «ការវិនិយោគបែបឥស្លាម ដើម្បីពិភពលោកប្រកបដោយចីរភាព» នៅប្រទេសម៉ាឡេស៊ី
02-05-2026 21:10
(កូឡាឡាំពួរ)៖ នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញជាភ្ញៀវកិត្តិយស ក្នុងវេទិកាពិភាក្សាកម្រិតខ្ពស់ក្រោមប្រធានបទ «ការវិនិយោគបែបឥស្លាម ដើម្បីពិភពលោកប្រកបដោយចីរភាព» ដែលប្រារព្ធឡើងនៅរដ្ឋធានីគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមអធិបតីភាពលោក Zulfikri Osman នាយកប្រតិបត្តក្រុមប្រឹក្សា MARA។
វេទិកានេះត្រូវបានរៀបចំឡើង ដើម្បីអបអរសាទរខួបលើកទី៦០ នៃក្រុមប្រឹក្សាទំនុកចិត្តប្រជាជន (MARA) ដែលជាស្ថាប័នរដ្ឋាភិបាលម៉ាឡេស៊ី ក្នុងការលើកកម្ពស់សេដ្ឋកិច្ច និងកម្រិតជីវភាពប្រជាជន។
អង្គវេទិកាបានផ្តោតការពិភាក្សាយ៉ាងស៊ីជម្រៅលើ «ការវិនិយោគលើឥណទានកាបូនបែបឥស្លាម» ដែលជាយន្តការសេដ្ឋកិច្ចថ្មីមួយ ដែលរួមបញ្ចូលគ្នារវាងគោលការណ៍ហិរញ្ញវត្ថុឥស្លាម និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុសកល ដែលបានគូសបញ្ជាក់ពីកាលានុវត្តភាព នៃសេដ្ឋកិច្ចបៃតង ដែលមិនត្រឹមតែផ្តល់ផលចំណេញផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកដល់ការការពារបរិស្ថានប្រកបដោយបរិយាបន្ន ស្របតាមនិន្នាការពិភពលោកនាពេលបច្ចុប្បន្ន។
វត្តមានរបស់ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ក្នុងព្រឹត្តិការណ៍នេះ ក៏បានបង្ហាញពីការយកចិត្តទុកដាក់របស់កម្ពុជា ក្នុងការស្វែងយល់ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យហិរញ្ញវត្ថុ និងការវិនិយោគបែបថ្មីៗ ជាមួយបណ្តាប្រទេសក្នុងតំបន់ ជាពិសេសក្នុងក្របខណ្ឌសេដ្ឋកិច្ចឥស្លាម និងការអភិវឌ្ឍប្រកបដោយចីរភាព៕
