ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ជួបពិភាក្សាការងារជាមួយប្រធាន FELDA ម៉ាឡេស៊ី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគ
02-05-2026 21:08
(ម៉ាឡេស៊ី)៖ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Dato’Sri Ahmad Shabery Cheek ប្រធានអាជ្ញាធរអភិវឌ្ឍន៍ដីធ្លីសហព័ន្ធ (FELDA) នៃប្រទេសម៉ាឡេស៊ី ដើម្បីរឹតចំណងមិត្តភាព និងស្វែងរកឱកាសកិច្ចសហប្រតិបត្តិការថ្មីៗ រវាងប្រទេសទាំងពីរ។
ក្នុងឱកាសនៃជំនួបនោះ ទេសរដ្ឋមន្ត្រី បាននាំនូវការអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះ FELDA ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ នៃថ្ងៃបង្កើតស្ថាប័នដ៏មានឥទ្ធិពលមួយនេះ។ ទន្ទឹមនឹងនេះ លោកបានជម្រាបជូនភាគីម៉ាឡេស៊ីអំពីវឌ្ឍនភាពដ៏រីកចម្រើន នៃសហគមន៍ឥស្លាមនៅកម្ពុជា ដែលទទួលបានការយកចិត្តទុកដាក់ និងគាំពារយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាលកម្ពុជា។
ក្រៅពីការរឹតចំណងសាមគ្គីភាព លោក អូស្មាន ហាស្សាន់ ក៏បានបង្ហាញពីសក្តានុពលសេដ្ឋកិច្ចដ៏សម្បូរបែបរបស់កម្ពុជា និងគោលនយោបាយលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាលសម្រាប់វិនិយោគិនបរទេស។ លោកបានបញ្ជាក់ថា កម្ពុជាកំពុងបើកចំហរទ្វារទទួលរាល់ការវិនិយោគ ក្នុងវិស័យសំខាន់ៗ ដែលផ្តល់ផលចំណេញទៅវិញទៅមក និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ជាការឆ្លើយតប លោក Dato’Sri Ahmad Shabery Cheek ប្រធាន FELDA និងជាអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម បានសម្តែងនូវការកោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជា និងបានចែករំលែកនូវបទពិសោធន៍ជោគជ័យជាច្រើនទសវត្សរ៍របស់ FELDA ក្នុងការគ្រប់គ្រងដីធ្លី និងកសិកម្ម។
លោកប្រធានបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងលើកម្ពុជា និងបានចាត់ឱ្យក្រុមការងារបច្ចេកទេស ចុះសិក្សាស្វែងយល់ជាបន្ទាន់អំពីលទ្ធភាពវិនិយោគ ជាពិសេសក្នុង វិស័យកសិកម្ម ដែលជាចំណុចខ្លាំងរបស់ FELDA បន្ថែមលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។
លោកប្រធាន FELDA ក៏បានណែនាំឱ្យមានការរៀបចំកម្មវិធីទស្សនកិច្ចទេសចរណ៍មកកាន់ប្រទេសកម្ពុជាផងដែរ ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ក៏ដូចជាស្វែងយល់បន្ថែមពីវប្បធម៌ និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា។
ជំនួបពិភាក្សានេះ បានបញ្ចប់ទៅក្នុងបរិយាកាសស្និទ្ធស្នាលបំផុត ដែលជាសញ្ញាណវិជ្ជមាន ក្នុងការទាក់ទាញវិនិយោគិនធំៗពីម៉ាឡេស៊ី មកកាន់ទីផ្សារកម្ពុជានាពេលអនាគតដ៏ខ្លីខាងមុខ។
សូមជម្រាបថា អាជ្ញាធរអភិវឌ្ឍន៍ដីធ្លីសហព័ន្ធ (FELDA)ម៉ាឡេស៉ី ត្រូវបានបង្កើតនៅឆ្នាំ១៩៥៦ ដែលជាទីភ្នាក់ងាររដ្ឋាភិបាលម៉ាឡេស៊ីមួយ ក្នុងគោលបំណងលុបបំបាត់ភាពក្រីក្រ តាមរយៈការអភិវឌ្ឍដីជនបទ និងការបោះទីលំនៅថ្មីរបស់ប្រជាជន។ ស្ថាប័ននេះគ្រប់គ្រងចម្ការដូងប្រេងដ៏ធំសម្បើម ដែលផ្តល់អត្ថប្រយោជន៍ជាចម្បង ដល់ម្ចាស់ចម្ការខ្នាតតូច ហើយថែមទាំងត្រួតពិនិត្យលើគំនិតផ្តួចផ្តើមនានា ដើម្បីផ្លាស់ប្តូរការគ្រប់គ្រងចម្ការតាមរយៈប្រព័ន្ធឌីជីថល៕
