ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំព្រះធាតុ បើកវេទិកាសាធារណៈដើម្បីដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ
02-05-2026 19:50
(ត្បូងឃ្មុំ)៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំព្រះធាតុ នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ បានរៀបចំវេទិកាសាធារណៈស្តីពីការផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដើម្បីស្តាប់នូវសំណូមពរ និងដោះស្រាយបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន នៅបរិវេណវត្តនទីបុព្វតារាម (វត្តថ្មីលើ) ស្ថិតក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំព្រះធាតុ បានលើកឡើងថាពិធីនេះត្រូវបានរៀបចំឡើង ដោយមាសូមបញ្ជាក់ថា វេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននេះ បានរៀបចំឡើងដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន បានជួបផ្ទាល់ជាមួយ ថ្នាក់ដឹកនាំ អង្គភាពផ្តល់សេវា ដើម្បីលើក ជាសំណើ សំណូមពរ និងបញ្ហាប្រឈមនានា ព្រមទាំងបានធ្វើការពិភាក្សាយ៉ាងផុលផុស និងមានដំណោះស្រាយបញ្ហាមួយចំនួន ដើម្បីកាត់បន្ថយការលំបាកនិងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។
វេទិកាសាធារណៈដែលបានរៀបចំឡើងនៅថ្ងៃនេះ ត្រូវបានប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន មានការពេញចិត្ត និងទទួលយកដំណោះស្រាយនានា ដោយក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន និងរដ្ឋបាលថ្នាក់ស្រុក និងរដ្ឋបាលឃុំ។
មានប្រសាសន៍ក្នុងវេទិកានោះ ឯកឧត្តម ខ្វៃ អាទិត្យា បានជំរុញដល់អាជ្ញាធរមូលដ្ឋាន៖
*បន្តយកចិត្តទុកដាក់ផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ខ្ជាប់ខ្ជួន និងប្រកបដោយក្រមសីលធម៌។
*ការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ក្នុងបន្តពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ ក្នុងមូលដ្ឋានឱ្យបានម៉ឺងម៉ាត់។
*បន្តចុះជាប់ជាមួយមូលដ្ឋាន ដើម្បីស្តាប់ទុក្ខលំបាក និងដោះស្រាយរាល់បញ្ហាប្រឈមរបស់ពលរដ្ឋឱ្យបានទាន់ពេលវេលា។
*បន្តចូលរួមយុទ្ធនាការនានា ប្រមូលទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ រៀបចំផ្លូវថ្នល់កុំឱ្យមានសំរាម និងសំណល់ប្លាស្ទិក កាត់បន្ថយការប្រើ់ប្រាស់ប្លាស្ទិក ដើម្បីឃុំព្រះធាតុមានភាពស្អាត មានអនាម័យ មានសោភ័ណភាព ប្រជាពលរដ្ឋរស់នៅមានសុខភាពល្អ និងមានជីវភាពល្អប្រសើរ៕
















