ប្រធានគណៈកម្មាធិការគណបក្សខេត្តក្រចេះ អញ្ជើញជាអធិបតីបិទវគ្គអប់រំនយោបាយកម្រិត១ ជំនាន់ទី១២
02-05-2026 18:06
(ក្រចេះ)៖ លោក វ៉ា ថន ប្រធានគណៈកម្មាធិការគណបក្សខេត្តក្រចេះ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីបិទវគ្គអប់រំនយោបាយកម្រិត១ ជំនាន់ទី១២ របស់គណៈកម្មាធិការគណបក្សខេត្ត។
ពិធីនេះ មានការចូលរួមពីអនុប្រធានគណៈកម្មាធិការគណបក្សខេត្ត លោក លោកស្រីសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត លោក លោកស្រី គ្រូឧទ្ទេសគណបក្សខេត្ត និងមន្រ្ដីគណបក្ស អញ្ជើញមកពីសាខាបក្សមន្ទីរ អង្គភាពទាំង១៨ ក្នុងខេត្ត សមាសភាពសរុប ១២០នាក់ នៅមន្ទីរបក្សខេត្ត។
លោក វ៉ា ថន បានឲ្យដឹងថា ក្នុងនាម គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងខ្លួនខ្ញុំផ្ទាល់ សូមសម្តែងនូវក្តីសោមនស្សរីករាយក្រៃលែង ដោយបានឃើញវគ្គអប់រំ នយោបាយមន្ត្រីគណបក្សខេត្ត កម្រិត១ នេះ បានដំណើរការយ៉ាងល្អ ស្របតាមកម្មវិធីដែលបានគ្រោងទុក និងបានបញ្ចប់ដោយជោគជ័យ។
លោកសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីខិតខំរៀនសូត្រ ស្មារតី គោរពវិន័យ និងស្មារតីសាមគ្គីភាពរបស់សិក្ខាកាមក្នុងរយៈពេល ២ថ្ងៃ ដែលបង្ហាញឲ្យឃើញ ពីការទទួលខុសត្រូវរបស់មន្ត្រី និងសមាជិកគណបក្សក្នុងការអនុវត្ត តួនាទី ភារកិច្ច តាមការចាត់តាំងរបស់គណៈកម្មាធិការគណបក្សខេត្ត ព្រមទាំងបង្ហាញនូវការត្រៀមខ្លួនក្នុងការជួយគណបក្សខេត្ត លើការងារអប់រំនយោបាយរបស់គណបក្ស។
លោកសូមវាយតម្លៃខ្ពស់ចំពោះគ្រូឧទ្ទេសនាម ដែលបានចំណាយពេលវេលាធ្វើការស្រាវជ្រាវរៀបចំបទឧទ្ទេសនាម និងបានឧទ្ទេសនាមក្នុងវគ្គសិក្សានេះ ដោយស្មារតីទទួលខុសត្រូវខ្ពស់។ ចំពោះគណៈគ្រប់គ្រងវគ្គ និងបណ្តាគណៈនានារបស់មន្ទីរគណបក្សខេត្ត ដែលសហការគ្នាបានល្អក្នុងការត្រៀមរៀបចំវគ្គសិក្សានេះ ក៏ដូចជាការគ្រប់គ្រងដំណើរការវគ្គសិក្សាទាំងមូល ឆ្លើយតបនិងស្មារតីណែនាំរបស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត។
លោក វ៉ា ថន បានលើកឡើងថា ការអប់រំនយោបាយក្នុងពេលបច្ចុប្បន្ន គឺជាផ្នែកមួយនៃការងារសតិអារម្មណ៍ ពិសេសមន្ត្រីវ័យក្មេងដែលកំពុងបំពេញតួនាទីក្នុងអង្គការចាត់តាំងគណបក្ស និងអង្គភាពរដ្ឋនៅតាមមន្ទីរ-អង្គភាពជុំវិញខេត្ត និងក្នុងអង្គភាពយុវជនរបស់គណបក្ស ដើម្បីក្លាយជាកម្លាំងពិតមានការឯកភាពគ្នាខាងការយល់ដឹង ខាងទស្សនៈ និងសតិអារម្មណ៍ និងមានលទ្ធភាពជួយពង្រឹងការងារគណបក្សនៅតាមបណ្តាថ្នាក់ បណ្តាផ្នែក និងជាពិសេសការចូលរួមលើសមរភូមិសាធារណៈមតិដ៏ស្រួចស្រាលនាពេលបច្ចុប្បន្ន ក៏ដូចជាការពង្រឹងលទ្ធភាពបន្តវេន នាពេលអនាគត។
ជាទិសដៅរបស់គណបក្ស ការអប់រំនយោបាយរបស់គណបក្សមិនមែនគ្រាន់តែធ្វើនៅថ្នាក់ខេត្តប៉ុណ្ណោះទេ តែត្រូវធ្វើឲ្យទូលំទូលាយបន្តដល់មន្ត្រីគណបក្ស និងយុវជនគណបក្សនៅតាមគ្រប់មូលដ្ឋានទូទាំងខេត្តថែមទៀត។ នេះជាការបញ្ជាក់បន្ថែម របស់លោក វ៉ា ថន។
គួរកត់សម្គាល់ថា ក្នុងវគ្គអប់រំនយោបាយមន្ត្រីគណបក្សខេត្ត កម្រិត១ នេះ សិក្ខាកាមមានការយល់ដឹងពីលក្ខន្តិកៈគណបក្ស កម្មវិធីនយោបាយ គោលការណ៍ និងគោលនយោបាយ របស់គណបក្ស មានបទពិសោធន៍ក្នុងការងារគណបក្ស ជាពិសេសក្នុងការឃោសនាអប់រំ និងការងារចាត់តាំងរបស់គណបក្ស ដែលជាភាពអំណោយផល សម្រាប់ការរៀនសូត្រក្នុងវគ្គអប់រំនយោបាយ ដែលមានសិក្ខាកាមជាមន្ត្រីគណបក្សវ័យក្មេងដែលជាប្រការល្អមួយ មានអត្ថន័យសំខាន់ចំពោះការរៀនសូត្រពីគ្នាទៅវិញទៅមក ដោយស្មារតីសាមគ្គីភាព និងការបន្តវេន៕











