ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង ប្រកាសបញ្ចូលសមាជិកបក្សថ្មីជាយុវជន ចំនួន៦០០នាក់ នៅស្រុកព្រះស្ដេច
02-05-2026 15:26
(ព្រៃវែង)៖ លោក សួន សុម៉ាលីន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានយុវជនគណបក្សខេត្ត នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញបិទវគ្គ «អប់រំនយោបាយសតិអារម្មណ៍ និងបញ្ចូលសមាជិកបក្សថ្មីជាយុវជន» របស់យុវជនគណបក្សខេត្ត ចំនួន៦០០នាក់ (ស្រី៣៣១នាក់)។
ពិធីនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកព្រះស្ដេច ខេត្តព្រៃវែង ដោយមានការចូលរួមលោកស្រី ហ៊ឺ ផានិន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក តំណាងលោក ហ៊ឺ បាវី ប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានស្រុក លោក លោកស្រី អនុប្រធានយុវជនគណបក្សខេត្ត ក្រុមគ្រូឧទ្ទេស គ្រូជំនួយ និងសហការី លោក ប្រធានសកម្មជនយុវជនបក្សមន្ទីរអភិវឌ្ឍន៍ជនបទ និងមន្ទីរធនធានទឹក លោក ប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សស្រុក ប្រធាន អនុប្រធានយុវជនគណបក្សស្រុក និងសមាជិក សមាជិកាបក្សស្រុកនិង យុវជនសរុបចំនួន ១.០១៤នាក់។
ក្នុងឱកាសនេះ លោកសួន សុម៉ាលីន បាននាំមកនូវអនុសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងអភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ដែលលោកទាំងពីរតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយឧបត្ថម្ភគាំទ្ររាល់សកម្មភាពនានា ក៏ដូចជាសកម្មភាពបណ្តុះបណ្តាលរបស់យុវជនគណបក្សខេត្តនាពេលនេះ។
លោក សួន សុម៉ាលីន បានបន្ថែមថា «ក្នុងនាមយើងទាំងអស់គ្នាជាយុវជន យើងត្រូវតែជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងមិនត្រូវជឿលើការញុះញង់បំភ្លៃការពិតរបស់ជនអគតិមួយណាឡើយ»៕



























