FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះសង្ឃ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ចូលរួមដង្ហែរពិធីបុណ្យវិសាខបូជា នៅតាមដងផ្លូវនៅក្នុងក្រុងសៀមរាប

02-05-2026 14:45

(សៀមរាប)៖ គណៈកម្មការវត្តប្រាសាទគោកចក សហការជាមួយរដ្ឋបាលសង្កាត់គោកចក លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦នេះ បានរៀបចំក្បួនដង្ហែរ បុណ្យវិសាខបូជា ក្រោមការដឹកនាំរបស់ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក និងជាទីប្រឹក្សាពុទ្ធិកសមាគកម្ពុជរដ្ឋ នៅតាមដងផ្លូវមួយចំនួន ក្នុងក្រុងសៀមរាប។

ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ មានសង្ឃដីកាថា បុណ្យវិសាខបូជា គឺជាបុណ្យដ៏ធំមួយ ក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកម្ពុជាបានចាត់ទុកជាបុណ្យជាតិ។ ជាងនេះទៀត ប្រទេសជិត២០០ ដែលជាសមាជិកនៃអង្គការសហប្រជាជាតិ បានអនុម័ត និងទទួលស្គាល់ វិសាខបូជា ជាបុណ្យអន្តរជាតិ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩។

ព្រះគ្រូវិចិត្រវង្សា មានសង្ឃដីកាបន្តថា បុណ្យវិសាខបូជា គឺជាបុណ្យមួយក្នុងចំណោមបុណ្យធំៗទាំងឡាយក្នុងព្រះពុទ្ធសាសនា ទាំងបុព្វជិត ទាំងគ្រហស្ថនៅលើសកលលោក តែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំពុំដែលខាន និងប្រារព្ធឡើងក្នុងគោលបំណង រម្លឹកដល់ព្រះសម្មាសម្ពុទ្ធបរមគ្រូ ទ្រង់ប្រសូត្រចាកឧទរព្រះមាតា ទ្រង់បានត្រាស់ដឹង និងទ្រង់រម្លត់ខន្ធចូលកាន់ព្រះបរិនិព្វាន ហើយរៀងរាល់ឆ្នាំ ពុទ្ធសាសនិកខ្មែរ តែងតែប្រារព្ធពិធី បុណ្យនេះនៅគ្រប់វត្ដអារាមទូទាំងប្រទេស ដោយចាត់ទុកថា ជាការកសាងមហាកុសលដ៏ថ្លៃថ្លាឧត្តុង្គឧត្តមបំផុត។

ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន មានសង្ឃដិកាបន្ថែមថា ពិធីបុណ្យវិសាខបូជា ត្រូវបានពុទ្ធសាសនិកចាត់ទុកថាមានសារសំខាន់បំផុតមួយក្នុងចំណោមបុណ្យដទៃទៀតនៃព្រះពុទ្ធសាសនា គឺប្រារព្ធឡើងដើម្បីការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបីនាសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធ សមណគោតម ដែលជាថ្ងៃព្រះអង្គទ្រង់ប្រសូត ព្រះអង្គទ្រង់បានត្រាស់ដឹង និងព្រះអង្គទ្រង់បរិនិព្វាន។

ជាមួយនេះព្រះអង្គបញ្ជាក់ថា តាមទំនៀមទម្លាប់ប្រពៃណីពុទ្ធបរិស័ទ ទាំងបព្វជិត ទាំងគ្រហស្ថ ត្រូវដើរដង្ហែរប្រទក្សិណ ៣ជុំសិន មុននឹងចូលព្រះវិហារ ហើយគេយកទេយ្យវត្ថុរៀបចំដាក់នៅមុខពុទ្ធរូប រួចអុជទៀនបូជា ផ្កាភ្ញីផ្សេងៗ ដោយនាំគ្នានមស្ការព្រះរតនត្រ័យ សមាទានសីល សា្តប់ពុទ្ធមន្ត ស្តាប់ធម៌ទេសនា អំពីពុទ្ធប្រវត្តិតាំងពីដើមរហូតដល់ចប់ ព្រះសង្ឃ និងឧបាសក ឧបាសិកា សូត្រធម៌បទផ្សេងៗ និងសម្តែងព្រះធម៌ទេសនា ព្រមទាំងធ្វើពិធីប្រកាសវិសាខបូជាផងដែរ៕