រដ្ឋបាលខេត្តបន្ទាយមានជ័យ ព្រះសង្ឃ និងពុទ្ធបរិស័ទ ប្រារព្ធពិធីបុណ្យវិសាខបូជានៅ (វត្តអញ្ចាញ) ស្រុកមង្គលបូរី
01-05-2026 21:57
(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦នេះ លោក លី វណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ, ព្រះឧត្តមសីលញាណ ធុល សុធា ព្រះមេគណខេត្តបន្ទាយមានជ័យ, ព្រះវរៈមុនី វ៉ា ចិន្តា ព្រះមេគណគណៈធម្មយុត្តិកនិកាយ, លោក រ័ត្នដាសុី ណង់អភិបាលស្រុកមង្គលបុរី, លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តបន្ទាយមានជ័យ មន្ត្រីសង្ឃ ព្រះសង្ឃ ពុទ្ធបរិស័ទជិតឆ្ងាយ សិស្ស យុវជន យុវនារី ១,២១០អង្គ/នាក់ បានចូលរួមប្រារព្វពិធីបុណ្យពិសាខបូជា ក្នុងវត្តអញ្ចាញ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោក បៀវ ថាន បានឲ្យដឹងថា ក្រសួងធម្មការ និងសាសនាលេខ ១០/២៥ ក.ធ.ស.ស ណ ន ស្តីពីការធ្វើពិធីបុណ្យវិសាខបូជា ជាបុណ្យមួយដ៏សំខាន់បំផុត ដែលប្រទេសអ្នកកាន់ព្រះពុទ្ធសាសនា និងពុទ្ធបរិស័ទទូទាំងពិភពលោក ក៏ដូចជាកម្ពុជា តែងប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដើម្បីរំលឹកនឹកដល់អភិលក្ខិតសម័យទាំងបី គឺថ្ងៃដែលព្រះពុទ្ធទ្រង់ប្រសូតិ ត្រាស់ដឹង និងបរិនិព្វាន នាថ្ងៃ ១៥កើត ពេញបូណ៌មី ក្នុងខែពិសាខ ដូចគ្នាហើយ បុណ្យវិសាខបូជានេះដែរ ត្រូវបានអង្គការសហប្រជាជាតិប្រកាសទទួលស្គាល់នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ ហើយបានប្រារព្ធធ្វើនៅការិយាល័យអង្គការសហប្រជាជាតិ ជារៀងរាល់ឆ្នាំផងដែរ។
លោក បៀវ ថាន បានបន្តទៀតថា បុណ្យវិសាខបូជា ឆ្នាំនេះ ធ្វើនៅថ្ងៃទី១៥កើតពេញបូណ៍មី ត្រូវនិងថ្ងៃសុក្រ ទី១ ខែឧសភា ឆ្នាំ មមី អដ្ឋស័ក ព.ស ២៥៦៩ គ.ស ២០២៦ ។
ក្នុងប្រារព្ធពិធីបុណ្យវិសាខបូជានេះ លោក លី វណ្ណារិទ្ធ បានធ្វើពិធីដង្ហែហែក្បួនរថយន្ត និងមធ្យបាយនានា ដែលមានតាំងព្រះពុទ្ធទ្រង់ប្រសូត្រ ព្រះពុទ្ធត្រាស់ដឹង និងព្រះពុទ្ធចូលបរិនិពាន្តផងដែរ បានធ្វើដំណើរលើផ្លូវសំខាន់ៗ ក្នុងក្រុងសិរីសោភ័ណ រួចមកជួបជុំប្រារព្ធពិធីនៅវត្តវត្តអញ្ចាញ។
លោក លី វណ្ណារិទ្ធ បានបន្តថា ទីវត្តអារាមជាកន្លែង អប់រំកាយវាចារចិត្ត ដល់ព្រះសង្ឃ ឲ្យសុភាពរាបសារទន់ភ្លន់ ចេះគោរពចាស់ទុំ ឪពុកម្តាយ ជីដូនជីតា គ្រូ ញាត់មិត្តខិតខំប្រតិបត្តិតាមព្រះពុទ្ធសាសនា ខិតខំរៀនសូត្រវៀរចាកអបាយមុខ និងផ្លូវអាក្រក់ទាំងឡាយផងដែរ៕

























