FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហជីពនៅកម្ពុជា លើកឡើងថា កម្ពុជាមានលក្ខខណ្ឌការងារល្អប្រសើរ មានសុវត្ថិភាព ប្រាក់ឈ្នួលកាន់តែខ្ពស់ និងមានការគាំពារសង្គមសម្បូរបែប

29-04-2026 17:16

(ភ្នំពេញ)៖ សហជីពនៅកម្ពុជា បានបង្ហាញការវាយតម្លៃជាវិជ្ជមាន ចំពោះការកែលម្អលក្ខខណ្ឌការងារ ដោយអះអាងថា បរិយាកាសការងារកាន់តែមានភាពល្អប្រសើរឡើង មានសុវត្ថិភាពខ្ពស់ និងមានការផ្តល់អត្ថប្រយោជន៍ច្រើនសម្បូរបែបសម្រាប់បងប្អូនកម្មករនិយោជិត។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានមើលឃើញថា បច្ចុប្បន្នេះ ប្រាក់ឈ្នួលរបស់បងប្អូនកម្មករនិយោជិតមានការកើនឡើងជាបន្តបន្ទាប់ ពីមួយឆ្នាំទៅមួយឆ្នាំ ទោះបីមានវិបត្តិសាកលកើងឡើងក៏ដោយ។ ស្របពេលជាមួយគ្នានេះ ការផ្តល់ការពារសង្គមក៏ត្រូវបានពង្រឹង និងពង្រីកវិសាលភាពគ្របដណ្តប់កាន់តែទូលំទូលាយ ដែលជាកត្តារួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់បងប្អូនកម្មករនិយោជិត។

លោកបានបន្ដថា៖ «ខ្ញុំមើលឃើញថា លក្ខខណ្ឌការងារនៅកម្ពុជាបច្ចុប្បន្ន កំពុងមានភាពល្អប្រសើរឡើងជាបន្តបន្ទាប់ ដោយមានបរិយាកាសការងារល្អប្រសើរ មានសុវត្ថិភាព ប្រាក់ឈ្នួលកាន់តែខ្ពស់ និងមានការគាំពារសង្គមសម្បូរបែប ដែលជួយលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់កម្មករនិយោជិត»។

ចំណែក លោក គង់ អាទិត្យ ប្រធានសហភាពការងារកម្ពុជា ក៍បានទទួលស្គាល់ថា បច្ចុប្បន្នកម្ពុជាពិតជាមានភាពល្អប្រសើរឡើងនូវលក្ខខណ្ឌការងារ សុវត្ថិភាពការងារ ប្រាក់ឈ្នួលមានលទ្ធភាពខ្ពស់ និងឡើងរាល់ឆ្នាំ ខណៈការគាំពារសង្គមក៏មានភាពល្អប្រសើរផងដែរ ប៉ុន្តែត្រូវបន្តធ្វើយ៉ាងណាឱ្យមាននិរន្តរភាព។ បើតាមលោក គង់ អាទិត្យ ដើម្បីធានាបាននិរន្តរភាពនៃភាពល្អប្រសើរទាំងនេះ ត្រូវមានការពង្រឹងប្រព័ន្ធភាពធន់ជាចាំបាច់។

លោកបានបន្ថែមថា៖ «ការពង្រឹងប្រព័ន្ធភាពធន់ជារឿងសំខាន់បន្តទៀត ដើម្បីយើងធានាឱ្យបន្តប្រសើរ និងមាននិរន្តរភាព»។

យ៉ាងណាក៏ដោយ សហជីពខាងលើក៏បានលើកឡើងដែរថា ទន្ទឹមការធានាបាននូវលក្ខខណ្ឌការងារល្អប្រសើរ មានសុវត្ថិភាព ប្រាក់ឈ្នួលកាន់តែខ្ពស់ និងមានការគាំពារសង្គមសម្បូរបែបមិនចេះរីងស្ងួត ក៏ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ និងការត្រួតពិនិត្យលើលក្ខខណ្ឌការងារឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាថា ការកែលម្អទាំងនេះមានភាពចីរភាព និងអាចឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់បងប្អូនកម្មករនិយោជិត៕