មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ សម្តែងការអរគុណ និងដឹងគុណចំពោះសប្បុរសជនដែលបានបន្តជួយគាំទ្រដល់កងទ័ពគ្រប់កាលៈទេសៈ
29-04-2026 16:02
(ព្រះវិហារ)៖ ជំនួសមុខជូនឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ វរសេនីយ៍ឯក អ៊ុយ ណារីន នាយរងសេនាធិការ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះឧកញ៉ា ទៀង ថៃ និងលោកស្រី វ៉ាន់ លុយ អគ្គនាយក អគ្គនាយិការ ក្រុមហ៊ុនទឹកពិសារអេរ៉ូទិច ដែលបានបន្តជួយឧបត្ថម្ភទឹកពិសារអេរ៉ូទិច ចំនួន១០០កេស, នំបន្លែ ចំនួន០៥កេសធំ, កាហ្វេ ចំនួន០២កេស, ត្រីខចំនួន ០៣ កេស, ខ្ទឹមបារាំង ចំនួន ៣០គីឡូក្រាម, ខ្ទឹមសចំនួន២០គីឡូក្រាម, បបរកញ្ចប់ចំនួន ០៤កេស និងពីដុងទឹកចំនួន៥០ ជូនដល់កងពលតូចដឹកជញ្ជូនលេខ៩៩។
វរសេនីយ៍ឯក អ៊ុយ ណារីន សកម្មភាពដ៏សប្បុរសនេះ គឺជាសក្ខីភាពនៃទឹកចិត្តសមរភូមិក្រោយ ដែលជានិច្ចកាលតែងតែនៅជាប់ជាមួយវីរកងទ័ពជួរមុខជានិច្ច ។ រាល់អំណោយ និងសម្ភារៈទាំងអស់កងពលនឹងនាំយកទៅចាត់ចែងប្រើប្រាស់ក្នុងអង្គភាព ជាពិសេសនឹងត្រូវនាំយកបន្តទៅចែកជូនវីរកងទ័ពជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ទោះក្នុងកាលៈទេសៈណាក៏ដោយ។
ការឧបត្ថម្ភនេះមិនត្រឹមតែជាការជួយសម្រួលដល់ជីវភាពកងទ័ពប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្ដល់នូវកម្លាំងចិត្តយ៉ាងធំធេងដល់យុទ្ធជនដែលកំពុងបំពេញភារកិច្ចការពារជាតិមាតុភូមិ។
វរសេនីយ៍ឯក អ៊ុយ ណារីន ក៏បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយប្រោះព្រំសព្ទសាធុការពរជ័យ ជូនចំពោះ លោកឧកញ៉ា លោកស្រី និងក្រុមគ្រួសារ ព្រមទាំងបុគ្គលិកក្រុមហ៊ុនទាំងអស់ សូមទទួលបាននូវសេចក្តីសុខ សុភមង្គល ជោគជ័យគ្រប់ភារកិច្ច និងប្រកបដោយពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕







