FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម បើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពវិជ្ជាជីវៈសម្រាប់អាជីវករជី-ថ្នាំកសិកម្ម ដើម្បីយល់ដឹងពីផលប៉ះពាល់ និងផលប្រយោជន៍នៃការប្រើប្រាស់ស្របតាមការស្ដង់ដារបច្ចេកទេស

29-04-2026 13:58

(តាកែវ)៖ លោក ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពវិជ្ជាជីវៈសម្រាប់អាជីវករជី-ថ្នាំកសិកម្ម ចំនួន៩៦នាក់ នៅខេត្តតាកែវ ដោយមានការចូលរួមពីតំណាងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត អគ្គនាយកដ្ឋានក្សេត្រសាស្រ្ត មន្ទីរកសិកម្មខេត្ត និងសហការី។

នៅចំពោះមុខអង្គពិធី លោក ឡោ រស្មី បានជម្រាបជូនអាជីវករដែលជាសិក្ខាកាមអំពីវឌ្ឍនភាពថ្មីៗនៃវិស័យកសិកម្ម និងការបន្តយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំពោះវិស័យកសិកម្ម និងប្រជាកសិករ។

ក្រោមការដឹកនាំរបស់លោករដ្ឋមន្រ្តី ឌិត ទីណា តាមរយៈការដាក់ចេញនូវគោលនយោបាយ «មានហូប មានប្រើ មានបាន និងមានរហូត» និងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តាមរយៈកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ ដែលរួមមាន «យន្តការរក្សាលំនឹងថ្លៃកសិផល, ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំនៅទូទាំងប្រទេស និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប» បាននិងកំពុងបម្រើផលប្រយោជន៍ប្រជាកសិករ ឱ្យមានកម្រិតជីវភាពកាន់តែប្រសើរឡើងថែមទៀត និងបង្កើនល្បឿននៃការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើនទៅមុខ។

ជាមួយនេះផងដែរ លោកអនុរដ្ឋលេខាធិការ បានលើកទឹកចិត្តឱ្យអាជីវករដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ ត្រូវយកចិត្តទុកដាក់ចំពោះមេរៀនរបស់គ្រូឧទ្ទេស ដើម្បីទទួលបានចំណេះដឹងថ្មីៗជាមូលដ្ឋានអំពីការប្រើប្រាស់ជី និងថ្នាំកសិកម្ម ដោយត្រូវលក់តែផលិតផលដែលបានចុះបញ្ជីកាត្រឹមត្រូវ ដើម្បីធានាបាននូវគុណភាពសម្រាប់ការដាំដុះរបស់ប្រជាកសិករ និងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្មប្រកបដោយប្រសិទ្ធភាព។

លោក បានសង្កត់ធ្ងន់ថា អាជីវករជី និងថ្នាំកសិកម្ម ត្រូវសហការជាមួយមន្ត្រីកសិកម្មឃុំ ត្រូវធ្វើជាដៃគូដ៏ល្អរបស់ប្រជាកសិករ មន្ទីរកសិកម្មខេត្ត និងក្រសួងកសិកម្ម តាមរយៈការជួយផ្គត់ផ្គង់ជី និងថ្នាំកសិកម្មដល់ប្រជាកសិករសម្រាប់ការដាំដុះ និងជួយពន្យល់ណែនាំដល់កសិករអំពីផលប្រយោជន៍ និងផលប៉ះពាល់នៃការប្រើប្រាស់ជី និងថ្នាំកសិកម្ម ឱ្យបានត្រឹមត្រូវតាមបច្ចេកទេស ក៏ដូចជាចូលរួមកាត់បន្ថយថ្លៃដើមផលិត ដើម្បីបង្កើនប្រាក់ចំណេញរបស់ប្រជាកសិករផ្ទាល់ ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល និងជៀសវាងការផ្សព្វផ្សាយព័ត៌មានអវិជ្ជមាននៅក្នុងបណ្ដាញសង្គម។

សិក្ខាកាមទាំងអស់ក្នុងនាមជាដៃគូរបស់កសិករ មន្ទីរ និងក្រសួង មានសេចក្តីសោមនស្សរីករាយដោយគាំទ្រការជួយផ្សព្វផ្សាយព័ត៌មានវិជ្ជមាន ដើម្បីជួយដល់ប្រជាកសិករ និងរួមចំណែកអភិវឌ្ឍវិស័យកសិកម្មនៅខេត្តតាកែវ ព្រមទាំងបានសម្តែងការតាំងចិត្ត និងចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះឱ្យបានចប់តាមកម្មវិធីដែលបានគ្រោងទុក ដើម្បីទទួលបានវិញ្ញាបនបត្រប្រកបដោយសមធម៌ តម្លាភាព ក្នុងការបំពេញអាជីពរបស់ខ្លួនឱ្យបានល្អប្រសើរប្រកបដោយមនសិការវិជ្ជាជីវៈ៕