រដ្ឋមន្ត្រីការបរទេសកម្ពុជា និងថៃ ជួបគ្នានៅប្រ៊ុយណេ ជជែកលើបញ្ហាព្រំដែន ពង្រឹងទំនុកចិត្តរវាងគ្នា (Video inside)
28-04-2026 01:08
(ភ្នំពេញ)៖ យោងតាមការចេញផ្សាយរបស់ថៃ បានឱ្យដឹងថា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក ស៊ីហាសាក់ ភួងកិតកែវ ដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានជួបគ្នា ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន-សហភាពអឺរ៉ុប (AEMM) លើកទី២៥ នៅប្រទេសប្រ៊ុយណេដារូសាឡឹម។
បើតាមសារព័ត៌មានថៃ ក្នុងជំនួបលោករដ្ឋមន្ត្រីការបរទេសទាំងពីររូប បានពិភាក្សាអំពីការកសាងទំនុកចិត្តរវាងគ្នា ដោយបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការបន្ធូរបន្ថយភាពតានតឹង និងការប្រើប្រាស់យន្តការទ្វេភាគីដើម្បីដោះស្រាយបញ្ហា។
លោករដ្ឋមន្ត្រីទាំងពីររូប បានស្វាគមន៍ចំពោះការបន្តកិច្ចព្រមព្រៀងឈប់បាញ់ដែលបានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍រួមនៃសម័យប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ហើយបានសន្យាថានឹងគាំទ្រវិធានការដែលបានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍រួម ដើម្បីកាត់បន្ថយភាពតានតឹង និងប្រើប្រាស់យន្តការទ្វេភាគីដែលមានស្រាប់ ដើម្បីដោះស្រាយបញ្ហារួមគ្នា។
លោករដ្ឋមន្ត្រីទាំងពីររូប ក៏បានពិភាក្សាអំពីវិធីដើម្បីបង្កើនទំនុកចិត្ត និងការយោគយល់គ្នា ចៀសវាងការចោទប្រកាន់ និងព័ត៌មានមិនពិត ដោយផ្អែកលើគោលការណ៍នៃភាពជាអ្នកជិតខាងល្អ៕
