FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋកេឡានតាន់ ប្រទេសម៉ាឡេស៊ី មានគោលបំណងយកទីក្រុងភ្នំពេញជាគំរូ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ

27-04-2026 17:46

(ភ្នំពេញ)៖ រដ្ឋកេឡានតាន់ ប្រទេសម៉ាឡេស៊ី មានគោលបំណងយកទីក្រុងភ្នំពេញជាគំរូ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដោយរាជធានីភ្នំពេញ មានការអភិវឌ្ឍបែបទំនើប មានបេតិកភណ្ឌ និងវៃឆ្លាត ក្នុងការទាក់ទាញភ្ញៀវទេសចរ បានមកទស្សនាជាហូរហែរ។

នេះជាការលើកឡើងរបស់លោក Haji Zulkifle Abdul Rahman ប្រធានក្រុមប្រឹក្សា ក្រុងកូតាបារូ រដ្ឋកេឡានតាន់ ប្រទេសម៉ាឡេស៊ី ក្នុងជំនួបពិភាក្សាការងារជាមួយលោក ហួត ហៃ អភិបាលស្ដីទីរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦នេះ នៅសាលារាជធានីភ្នំពេញ។

លោក Haji Zulkifle Abdul Rahman បានលើកឡើងថា រាជធានីភ្នំពេញសំបូរទៅដោយបេតិកភណ្ឌ ជាមួយនិងកំណើនសេដ្ឋកិច្ចខ្ពស់ ដូច្នេះហើយទើបរដ្ឋកេឡានតាន់ ចង់សិក្សារៀនសូត្រពីរាជធានីភ្នំពេញ ជាមួយនិងការបង្កើនកិច្ចសហការជាមួយរាជធានីភ្នំពេញ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

លោក Haji Zulkifle Abdul Rahman បានបញ្ជាក់ថា គោលបំណងមកលេងរាជធានីភ្នំពេញ ដោយសារពួកយើងបានឮអ្នកទេសចរណ៍ ពិសេសអ្នកទេសចរណ៍រដ្ឋកេឡានតាន់ បានកោតសរសើររាជធានីភ្នំពេញថា ជាទីក្រុងមានភាពស្រស់ស្អាត មានភាពទាក់ទាញ ដូច្នេះហើយទើបរដ្ឋកេឡានតាន់ មកលេងរាជធានីភ្នំពេញ ដើម្បីយកទីក្រុងភ្នំពេញជាគំរូ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលអាចទាក់ទាញភ្ញៀវទេសចរ បានមកទស្សនាជាហូរហែ ពិសេសការអភិវឌ្ឍបែបទំនើប បេតិកភណ្ឌ និងវៃឆ្លាត ទោះបីមិនបាន១០០% ក៏អាច៥០ទៅ៦០%ដែរ។

ក្នុងឱកាសនោះដែរ លោក Haji Zulkifle Abdul Rahman ក៏បានសូមឱ្យរាជធានីភ្នំពេញ បង្ហាញផ្លូវនិងបង្រៀនពួកយើងខ្ញុំ អំពីការអភិវឌ្ឍរៀបចំរាជធានីភ្នំពេញ ដើម្បីយកជាគំរូ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ឱ្យដូចរាជធានីភ្នំពេញដែរ។ ជាមួយគ្នានោះ ប្រធានក្រុមប្រឹក្សា ក្រុងកូតាបារូ រដ្ឋកេឡានតាន់ ក៏បានសូមអញ្ជើញប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ទៅលេងក្រុងកូតាបារូ នាពេលខាងមុខផងដែរ។

ជាការឆ្លើយតបលោក ហួត ហៃ បានថ្លែងថា ក្នុងនាមលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តកិច្ចសហការបន្ថែមទៀត ជាមួយក្រុងកូតាបារូ។ ថ្ងៃនេះក្រុងកូតាបារូ មកលេងរាជធានីភ្នំពេញ ថ្ងៃខាងមុខគណប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ នឹងទៅលេងក្រុងកូតាបារូវិញ៕