FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខណ្ឌរដ្ឋបាលព្រៃឈើ ខេត្ដក្រចេះ និងគណៈបញ្ជាការឯកភាពស្រុកចិត្របុរី ចុះបង្ក្រាបវាយកំទេចឡធ្យូង អាណាធិបតេយ្យឃុំថ្មី នៅស្រុកចិត្របុរី

27-04-2026 16:56

(ក្រចេះ)៖ ខណ្ឌរដ្ឋបាលព្រៃឈើ ខេត្ដក្រចេះ សហការជាមួយនឹងកម្លាំងគណៈបញ្ជាការឯកភាព ស្រុកចិត្របុរី ក្រោមការសម្របសម្រួល ដោយស្ថាប័នអយ្យការនៃសាលាដំបូងខេត្តក្រចេះ បានចុះបង្ក្រាប និងវាយកំទេចឡធ្យូង ចំនួន៥ឡ នឹងធ្វើកិច្ចសន្យាបញ្ឈប់សភាពរុះរើខ្លួនឯង ចំនួន២ថែមទៀត។

ប្រតិបត្តិការនេះ ធ្វើឡើងនាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ដោយមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើក្រចេះដឹកនាំដោយលោក ទ្រី ម៉េងលាង នាយផ្នែករដ្ឋបាលព្រៃឈើក្រចេះ សហការជាមួយនឹងកម្លាំងគណៈបញ្ជាការឯកភាពស្រុកចិត្របុរី ដឹកនាំដោយ លោក សន ស៊ីដែន អភិបាលរងស្រុក ក្រោមការសម្របសម្រួលនីតិវិធីដោយលោក ទៀវ ពណ្ណរាយ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ គឺបានចុះអនុវត្តនីតិវិធី បង្ក្រាបឡធ្យូង អាណាធិបតេយ្យ នៅ ភូមិ១០៥ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។

លោក ទ្រី ម៉េងលាង នាយផ្នែករដ្ឋបាលព្រៃឈើក្រចេះ បានឲ្យដឹងថា ដោយអនុវត្តតាម ការណែនាំពីលោកទ្រី សុភ័ក្រ្ត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ ក្រោយពីមន្ត្រីជំនាញសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត បានចុះធ្វើការស្រាវជ្រាវឡធ្យូងអាណាធិបតេយ្យ នៅចំណុចស្រះ ស្ថិតក្នុងភូមិ១០៥ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ឃើញមានចំនួន ៧ឡ ដែលជាប្រភេទឡខ្នាតធំ។

ខណ្ឌរដ្ឋបាលព្រៃឈើក្រចេះ បានស្នើរៀបចំក្រុមការ ងារចម្រុះមួយ ដើម្បីចុះធ្វើការ បង្ក្រាបជាបន្ទាន់ ចាប់ពីថ្ងៃទី២៧-២៨ ខែមេសា ឆ្នាំ២០២៦ ក្រោមការសម្របសម្រួល ដឹកនាំផ្ទាល់ពីស្ថាប័នអយ្យការនៃសាលាដំបូងខេត្តក្រចេះ ជាលទ្ធផល នៅក្នុងប្រតិបត្តិការនេះ យើងបានវាយកំទេចឡធ្យូងធំៗចំនួន៥ទីតាំង ដោយឡែកពីទីតាំងផ្សេងទៀត ដែលកំពុងតែដុតមិនទាន់បញ្ចេញធ្យូងនៅឡើយ មន្ត្រីជំនាញបានម្ចាស់ទីតាំងទាំងនោះមកធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាពជាបន្ទាន់ ដោយធ្វើការរុះរើទីតាំង ដែលនៅសេសសល់នោះដោយខ្លួនឯង ប្រសិនបើនៅតែបន្តសកម្មភាពដដែល មិនរាងចាលអាជ្ញាធរក៏ដូចជាមន្ត្រីជំនាញនិងចុះអនុវត្តនីតិវិធីច្បាប់។

លោក ទ្រី ម៉េងលាង បញ្ជាក់ដែរថា ការចុះបង្ក្រាប និងទប់ស្កាត់ឡធ្យូងអាណាធិបតេយ្យគ្មានច្បាប់អនុញ្ញាត គឺជាវិធានការដ៏មានសារៈសំខាន់ក្នុងការការពារធនធានធម្មជាតិ ហើយប្រតិបត្តិការនេះមិនមែនធ្វើត្រឹមតែរយៈពេល២ថ្ងៃនោះទេ អាជ្ញាធរក៏ដូចជាមន្ត្រីជំនាញរដ្ឋបាលព្រៃឈើនិងបន្តអនុវត្តនីតិវិធី ប្រសិនណាបើម្ចាស់ទីតាំងឡធ្យូង ទាំងនោះ នៅតែបន្តសកម្មភាពដដែលៗ៕