FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់៖ កងយោធពលខេមរភូមិន្ទ កែសម្រួលការហ្វឹកហ្វឺន ស្របតាមទំនើបកម្ម និងមានលក្ខណៈយុទ្ធសាស្ត្រយូរអង្វែង

27-04-2026 16:41

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាអនុប្រធានគណៈកម្មការដឹកនាំការងារ បណ្ដុះបណ្ដាល និងហ្វឹកហ្វឺនកងយោធពលខេមរភូមិន្ទ បានលើកឡើងថា កងយោធពលខេមរភូមិន្ទ នៅក្នុងឆ្នាំ២០២៦ តាមរយៈគណៈកម្មការដឹកនាំការងារបណ្ដុះបណ្ដាល និងហ្វឹកហ្វឺនបានបន្តកែសម្រួលប្រព័ន្ធហ្វឹកហ្វឺនគ្រឹះស្ថានសិក្សាយោធា ឱ្យបានសមស្របតាមបែបទំនើបកម្ម និងមានលក្ខណៈជាយុទ្ធសាស្ត្រយូរអង្វែង ក៏ដូចជាស្របតាមរចនាសម្ព័ន្ធរបស់កងយោធពលខេមរភូមិន្ទ ក្នុងនោះមានគ្រឹះស្ថានហ្វឹកហ្វឺនយោធា វិទ្យាស្ថាន និងសាលាទ័ពជំនាញជាដើម។

ការថ្លែងបែបនេះរបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានធ្វើឡើងនៅក្នុងសិក្ខាសាលាបូកសរុបការងារប្រចាំឆ្នាំ២០២៥ និងដាក់ទិសដៅផែនការបង្វិលបន្តសម្រាប់ឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ នៅឯអគ្គបញ្ជាការដ្ឋាន នាទីក្រុងភ្នំពេញ។

នៅក្នុងរបាយការណ៍ បូកសរុបលទ្ធផលការងារ ហ្វឹកហ្វឺនកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៥ និងផ្សព្វផ្សាយផែនការហ្វឹកហ្វឺន ឆ្នាំ២០២៦ ដែលលើកឡើងដោយឧត្តមសេនីយ៍ទោ ប៉ែន សុក្រិតវិទ្យា នាយកទីចាត់ការហ្វឹកហ្វឺនអគ្គបញ្ជាការ បានឱ្យដឹងថា ដើម្បីអនុវត្តផែនការហ្វឹកហ្វឺនបណ្ដុះបណ្ដាលធនធានមនុស្ស ឱ្យជោគជ័យ ជាពិសេសធ្វើឱ្យយោធិនគ្រប់រូបមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការបំពេញភារកិច្ចបានល្អប្រសើរ ក្រៅពីការកែសម្រួលប្រព័ន្ធហ្វឹកហ្វឺន ក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានជំរុញការងារហ្វឹកហ្វឺនបណ្ដុះបណ្ដាល និងបំប៉នយោធិនគ្រប់ថ្នាក់ គ្រប់ជំនាញតាមបណ្ដាគ្រឹះស្ថានសិក្សាយោធា អង្គភាព តាមសេចក្តីត្រូវការ របស់កងយោធពលខេមរភូមិន្ទ ដោយយកចិត្តទុកដាក់ពង្រឹងគុណភាពហ្វឹកហ្វឺន ជាអាទិភាពចម្បង ដើរទាន់បច្ចេកវិទ្យានៃសម័យទំនើបកម្ម។

សម្រាប់កិច្ចការនេះ គឺធ្វើឱ្យស្របតាមបច្ចេកវិទ្យាទំនើបកម្មយោធានាពេលបច្ចុប្បន្ន និងគោលការណ៍របស់ប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញ គឺទំនើបកម្មគ្រឹះស្ថានសិក្សាយោធា យោធាចារ្យ ឯកសារ សម្ភារសិក្សាឈានទៅកាត់បន្ថយការហ្វឹកហ្វឺននៅក្រៅប្រទេស និងម្ចាស់ការជាបណ្ដើរៗ សម្រាប់ការហ្វឹកហ្វឺនក្នុងប្រទេសជាសំខាន់។

របាយការណ៍បានបន្តថា បន្តយកចិត្តទុកដាក់កសាងពង្រឹង និងអភិវឌ្ឍមូលដ្ឋានគ្រឹះស្ថានសិក្សាយោធា ឱ្យមានទីតាំងសមស្រប ដើម្បីឆ្លើយតបតាមការវិវត្តន៍ប្រព័ន្ធបច្ចេកវិទ្យា នាពេលបច្ចុប្បន្ន, បន្តយកចិត្តទុកដាក់កសាងប្រភពយោធាចារ្យ ឱ្យមានសមត្ថភាពគ្រេប់គ្រាន់ ក្នុងការបំពេញភារកិច្ច តាមវិទ្យាសាស្ត្រទំនើប និងបណ្ដុះបណ្ដាលយោធាចារ្យវ័យក្មេង បំពេញបន្ថែមតាមសេចក្តីតម្រូវការជាក់ស្ដែង។ ត្រូវប្រមូលផ្ដុំហ្វឹកហ្វឺនដល់ពលទាហានថ្មី ដែលបានជ្រើសរើសបញ្ចូលបំពេញក្របខ័ណ្ឌ ក្នុងអង្គភាពនីមួយៗ នៃក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងយុទ្ធពលខេមរភូមិន្ទ និងបណ្ដាស្ថាប័នក្រោមឱវាទ ខណៈឆ្នាំ២០២៦នេះ កម្ពុជាក៏នឹងអនុវត្តកាតព្វកិច្ចយោធាចំពោះយុវជនចាប់ពីអាយុ១៨ឆ្នាំ ទៅដល់២៥ឆ្នាំផងដែរ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងថា អ្នកពាក់ព័ន្ធបានរៀបចំផែនការបន្ថែមអំពីការហ្វឹកហ្វឺនយោធានេះឱ្យកាន់តែមានប្រសិទ្ធភាពជាតិមុន ហើយចំគោលដៅព្រោះការងារហ្វឹកហ្វឺន គឺមានសារសំខាន់ណាស់ សម្រាប់កងយោធពលខេមរភូមិន្ទ។

ជាមួយនេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងនានា កាលពីឆ្នាំ២០២៥ លើការងារហ្វឹកហ្វឺនបណ្ដុះបណ្ដាលយោធិន ក្នុងការងារគាំទ្រដល់សមរភូមិមុខ ជាមួយនឹងការជឿជាក់ថា នៅឆ្នាំ២០២៦នេះ ការងារហ្វឹកហ្វឺនកាន់តែមានភាពល្អប្រសើរ និងសមត្ថភាពខ្ពស់។

គួរបញ្ជាក់ថា លទ្ធផលការងារហ្វឹកហ្វឺន ឆ្នាំ២០២៥ ក្នុងនោះបរិមាណការងារហ្វឹកហ្វឺនតាមស្ថាប័ន គ្រឹះស្ថានសិក្សាយោធា និងបណ្ដាអង្គភាពហ្វឹកហ្វឺន សម្រេចបានតាមផែនការឆ្នាំ សរុបរួមចំនួន ៣២៦វគ្គ ស្មើនឹង២៧ ៤០៤នាក់ និងហ្វឹកហ្វឺនពលទាហានថ្មីបំពេញក្របខ័ណ្ឌចំនួនជាង ៩ពាន់នាក់ បានចាត់តាំងហ្វឹកហ្វឺននៅនឹងកន្លែង ហ្វឹកហ្វឺនអប់រំចិត្តសាស្ត្រ និងហ្វឹកហ្វឺអប់រំច្បាប់ផ្សេងៗចំនួន ១០ ២២៩លើក ស្មើនឹង ២៤៤ ៧០៣នាក់។ សិក្ខាសាលានេះបានបញ្ចប់ប្រកបដោយលទ្ធផលជោគជ័យ នៅវេលាម៉ោងជាង ១១ថ្ងៃត្រង់ ថ្ងៃខែឆ្នាំដដែល៕