FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងទេសចរណ៍ ចាប់ផ្តើមបើកវគ្គបណ្តុះបណ្តាលជំនាញសេវាកម្មម្ហូបអាហារ ភេសជ្ជៈ និងគេហកិច្ច ដើម្បីពង្រឹងធនធានមនុស្ស ក្នុងវិស័យទេសចរណ៍

27-04-2026 14:45

(កំពង់ចាម)៖ រដ្ឋលេខាធិការក្រសួងទេសចរណ៍លោក ប៉ាក់ សុខុម នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល (Hoka) លើជំនាញសេវាកម្មម្ហូបអាហារ ភេសជ្ជៈ និងជំនាញគេហកិច្ច ដោយការបើកវគ្គនេះធ្វើឡើងនៅសណ្ឋាគារ LBN ខេត្តកំពង់ចាម ដោយមានការចូលរួមជាអធិបតីពីលោក គន់ សុភា អភិបាលរងខេត្តកំពង់ចាម និងឧកញ៉ា ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា និងមានការចូលរួមពីប្រធានមន្ទីរ នាយកប្រតិបត្តិមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ព្រមទាំងមន្ត្រីរាជការ និងសិក្ខាកាមជាច្រើនរូបទៀត។

លោក ប៉ាក់ សុខុម បានយកឱកាសនោះថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរទេសចរណ៍ខេត្ត និងសមាគមទេសចរណ៍កម្ពុជា ដែលបានរៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះឡើង។

លោករដ្ឋលេខាធិការ បានបញ្ជាក់ថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវ:ទេសចរណ៍ «HoKa» គឺជាយន្តការដ៏ចាំបាច់ ដើម្បីពង្រឹងធនធានមនុស្សក្នុងវិស័យទេសចរណ៍ឱ្យស្របទៅតាមស្តង់ដារជាតិ សំដៅធានាបាននូវសេវាកម្ម ដែលមានគុណភាព ប្រកបដោយភាពស្និទ្ធស្នាល និងវិជ្ជាជីវៈ។

គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពដល់ប្រតិបត្តិករទេសចរណ៍ សហគមន៍ និងអ្នកពាក់ព័ន្ធ ឱ្យមានជំនាញច្បាស់លាស់ក្នុងការបំពេញការងារ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ វិស័យទេសចរណ៍ ក្នុងខេត្តកំពង់ចាម ឱ្យកាន់តែទាក់ទាញ និងប្រកបដោយភាពប្រកួតប្រជែង។

កម្មវិធីនេះក៏ស្របទៅនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ ឆ្នាំ២០២៥-២០២៨ របស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត។

ក្នុងឱកាសនោះ តំណាងសមាគមទេសចរណ៍កម្ពុជា និងមូលនិធិអភិវឌ្ឍន៍ជំនាញ ក៏បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តកិច្ចសហការជាមួយរដ្ឋបាលខេត្តកំពង់ចាម ដើម្បីលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ តាមរយៈការបណ្តុះបណ្តាលបន្តបន្ទាប់ទៀត ដើម្បីជំរុញឱ្យវិស័យទេសចរណ៍ក្នុងខេត្តក្លាយជាគោលដៅទេសចរណ៍ដ៏មានសក្តានុពល និងទទួលបានការគាំទ្រពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕