រោងចក្រផលិតម៉្សៅដំឡូងមីរបស់ចិន តម្លៃទុនវិនិយោគ២០លានដុល្លារ ត្រូវបើកការដ្ឋានសាងសង់នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
27-04-2026 14:40
(កំពង់ស្ពឺ)៖ ដំឡូងមីគឺជាដំណាំកសិកម្មដ៏សំខាន់មួយរបស់កម្ពុជា ក្នុងនោះប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ទី៣ នៅក្នុងតំបន់អាស៊ី ទាំងផ្នែកនៃការប្រើប្រាស់ និងផលិតកម្ម និងផលិតកម្ម បន្ទាប់ពីប្រទេសថៃ និងឥណ្ឌូនេស៊ីនេះបើធៀបបរិមាណផលិតកម្ម នៅឆ្នាំ២០២៣ មានចំនួនប្រហែល ១៣.៨៩ ពាន់លានគីឡូក្រាម។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ រោងចក្រផលិតម៉្សៅដំឡូងមីរបស់ក្រុមហ៊ុន «Guanshen Shengda Agriculture Industry Co., Ltd.» បានបើកការដ្ឋានសាងសង់ថ្មីស្ថិតភូមិចេក ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចន្លោះគីឡម៉ែត្រ៧៤-៧៥។
លោក សុន សេងហួត រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង បានលើកឡើងថា ទោះបីជាស្ថានភាពបច្ចុប្បន្នមានការរំខាន នៅតាមព្រំដែន ជាមួយប្រទេសថៃក៏ដោយ ក៏ទីផ្សារក្នុងស្រុក នៅតែអាចស្រូបយកទិន្នផលបានយ៉ាងល្អ។ នៅខែមករា ឆ្នាំ២០២៦ ការនាំចេញទៅកាន់ប្រទេសវៀតណាម បានកើនឡើងយ៉ាងខ្លាំង ដោយសារតែតម្រូវការខ្ពស់ វិស័យដំឡូងមីកំពុងផ្លាស់ប្តូរពីការនាំចេញវត្ថុធាតុដើម ទៅការកែច្នៃក្នុងស្រុក ដើម្បីបង្កើតតម្លៃបន្ថែម។
លោករដ្ឋលេខាធិការ បន្ថែមថា អ្នកជំនួញកសិឧស្សាហកម្មធំៗដូចជា ក្រុមហ៊ុនរបស់ឧកញ៉ា ម៉ុង ឫទ្ធី បានចំណាយប្រហែល៤០លានដុល្លារក្នុងមួយឆ្នាំ ដើម្បីទិញដំឡូងមី និងពោតពីកសិករ សម្រាប់ផលិតចំណីសត្វ ដែលបានជួយកាត់បន្ថយការនាំចូលចំណីសត្វ និងរក្សាចរន្តសេដ្ឋកម្មនៅក្នុងប្រទេស និងការអភិវឌ្ឍន៍។
ជាក់ស្តែងរដ្ឋាភិបាលកម្ពុជា បានផ្តល់អាទិភាពគន្លឹះទៅលើការធ្វើពិពិធកម្មសេដ្ឋកិច្ចវិស័យឯកជន និងការងារ ការអភិវឌ្ឍប្រកបដោយភាពធន ចីរភាព និងបរិយាបន្ន ក្នុងទិសដៅសម្រេចឱ្យបាន នូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ (២០២៣-២០២៨) និងចក្ខុវិស័យឆ្នាំ២០៣០-២០៥០។
លោក Yang youytong ប្រធានក្រុមហ៊ុន «Guanshen Shengda Agriculture Industry Co., Ltd.» បានលើកឡើងថា មិត្តភាពកម្ពុជា-ចិន មានប្រវត្តិយូរអង្វែង ហើយនៅក្នុងយុគសម័យថ្មីនេះ កិច្ចសហប្រតិបត្តិការ ផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ មានវឌ្ឍនភាពកាន់តែស៊ីជម្រៅ និងវិស័យផ្សេងៗក៏ទទួលបានសមិទ្ធផលគួរឲ្យកត់សម្គាល់។
ក្នុងនាមតំណាងឲ្យបុគ្គលិកគ្រប់ជាន់ថ្នាក់ នៃគម្រោង សូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភ្ញៀវកិត្តិយសទាំងអស់ សម្រាប់ការផ្តល់កិត្តិយសចូលរួមជាសេក្ខីភាព ក្នុងពិធីបញ្ចុះបឋមសិលា នៃគម្រោងរោងចក្រផលិត ម្សៅដំឡូងមីដែលមានលទ្ធភាពផលិតម្សៅ រហូតទៅដល់១០ម៉ឺនតោនក្នុងមួយឆ្នាំ របស់ក្រុម «Guanshen Shengda Agriculture Industry Co., Ltd.»។
លោក Yang youytong បានបញ្ជាក់ថា «ក្រោមការបណ្តាក់ទុនសរុបប្រហែល ២០លានដុល្លារ បន្ទាប់ពីបញ្ចប់ការសាងសង់ យើងខ្ញុំរំពឹងថា គម្រោងនេះនឹងអាចបង្កើតចំណូលលក់ប្រចាំឆ្នាំប្រមាណ ៩០លានដុល្លារ ដោយផលិម្សៅដំឡូងមី ១០ម៉ឺនតោន ដំឡូងមីស្ងួត ១០ម៉ឺនតោន និងកាតដំឡូងមីប្រើសម្រាប់ផលិតចំណីសត្វប្រមាណ ៣ម៉ឺនតោន»។
លោកចាត់ទុកថា វត្តមានរោងចក្ររបស់លោក នឹងបង្កើតជាប្រភពផ្គត់ផ្គង់ដ៏មានស្ថេរភាព គុណភាព ប្រកបទៅដោយទំនុកចិត្ត សម្រាប់ពាណិជ្ជកម្មដំឡូងមីរវាងកម្ពុជា និងចិន ព្រមទាំងចូលរួមពង្រីកកិច្ច សហប្រតិបត្តិការខ្សែសង្វាក់ផលិតកម្មកសិកម្ម កម្លាំងចលករថ្មី និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ៕













































