FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អង្គការសម្ព័ន្ធពិភពឥស្លាម (MWL) ផ្តល់អំណោយមនុស្សធម៌កញ្ចប់អាហារ ចំនួន១,៦០០គ្រួសារ ជូនពលរដ្ឋភៀសសឹកនៅខេត្តបន្ទាយមានជ័យ

27-04-2026 10:23

(បន្ទាយមានជ័យ)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស, សមាជិកឧត្តមក្រុមប្រឹក្សាជាន់ខ្ពស់ និងជាសមាជិកឧត្តមក្រុមប្រឹក្សាប្រតិបត្តិ នៃអង្គការសម្ព័ន្ធពិភពឥស្លាម(MWL) និងសហការី នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បានចុះសាកសួរសុខទុក្ខ និងចែកកញ្ចប់អាហារជូនពលរដ្ឋភៀសសឹក ចំនួន១,៦០០គ្រួសារ នៅភូមិជោគជ័យ, ព្រៃចាន់ និងត្រពាំងសំរោង ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលជាអំណោយរបស់អង្គការសម្ព័ន្ធពិភពឥស្លាម នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត រៀបចំដោយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា (CMDF)។

អង្គការសម្ព័ន្ធពិភពឥស្លាម (Muslim World League - MWL) ដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុងម៉ាកាស់ ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត គឺជាស្ថាប័នអន្តរជាតិដ៏មានឥទ្ធិពលមួយ ដែលត្រូវបានបង្កើតឡើង ក្នុងឆ្នាំ១៩៦២ ដោយព្រះចៅ ហ្វៃសល់ អាល់សាអូត តាមសេចក្តីសម្រេចរបស់អង្គការសហប្រតិបត្តិការឥស្លាម (OIC)។

ក្រោមការដឹកនាំរបស់លោកបណ្ឌិត មហាំម៉ាត់ អាប់ឌុលការីម អាល់អ៉ីសា ជាអគ្គលេខាធិការ អង្គការ MWL បានក្លាយជាអង្គការធំលំដាប់ទី២ បន្ទាប់ពីអង្គការសហប្រជាជាតិ ដោយមានអង្គការសមាគមជាបុត្រសម្ព័ន្ធ គ្របដណ្តប់លើ៩៥ប្រទេស និងមានរចនាសម្ព័ន្ធដឹកនាំយ៉ាងរឹងមាំ តាមរយៈឧត្តមក្រុមប្រឹក្សាដែលជាអំណាចកំពូល រួមជាមួយឧត្តមក្រុមប្រឹក្សាប្រតិបត្តិ ចំនួន៩រូប។ ដោយឡែក សម្រាប់ទំនាក់ទំនងជាមួយកម្ពុជា លោកបណ្ឌិតទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បេសកជនពិសេសនៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការ OIC ដែលទទួលបានការផ្ដល់សិទ្ធិពីសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការងារនេះផងដែរ។

លើសពីនេះ MWL ជាសមាជិកសង្កេតការណ៍ និងជាដៃគូយុទ្ធសាស្ត្ររបស់ស្ថាប័នកំពូលៗ លើសកលលោកជាច្រើន រួមមាន អង្គការសហប្រជាជាតិ (UN) ក្នុងនាមជាអ្នកប្រឹក្សាយោបល់ នៃក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម (ECOSOC), អង្គការ UNESCO, UNICEF, OCHA, WFP, UNHCR, WHO និង ICRC ជាដើម។ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នអន្តរជាតិទាំងនេះ រួមទាំងធនាគារអភិវឌ្ឍន៍ឥស្លាម (IsDB) អង្គការ MWL បាននិងកំពុងអនុវត្តបេសកកម្មយ៉ាងសកម្មលើវិស័យអប់រំ វិទ្យាសាស្ត្រ វប្បធម៌ និងការងារមនុស្សធម៌ ដើម្បីបម្រើដល់ប្រយោជន៍នៃសហគមន៍ឥស្លាម និងមនុស្សជាតិទូទាំងពិភពលោក។

អង្គការ MWL មាន «ឧត្តមក្រុមប្រឹក្សា» ដែលជាស្ថាប័នអំណាចកំពូល។ ឧត្តមក្រុមប្រឹក្សានេះ មានតួនាទីយ៉ាងសំខាន់ ក្នុងការពិនិត្យ និងអនុម័តលើរាល់ផែនការសកម្មភាពនានា ដែលដាក់ជូនដោយអគ្គលេខាធិការដ្ឋាន ដើម្បីធានាបាននូវប្រសិទ្ធភាព នៃបេសកកម្មរបស់អង្គការនៅទូទាំងសកលលោក។

បច្ចុប្បន្ន ឧត្តមក្រុមប្រឹក្សារបស់ MWL មានសមាជិកជាង២០រូប ដែលសុទ្ធសឹងជាឥស្សរជនជាន់ខ្ពស់ ក្នុងវិស័យសាសនាឥស្លាម តំណាងឲ្យបណ្តាប្រជាជាតិ និងសហគមន៍មកពីប្រទេសផ្សេងៗគ្នា។ ក្រៅពីនេះ អង្គការក៏មាន «ឧត្តមក្រុមប្រឹក្សាប្រតិបត្តិ» ចំនួន៩រូប ដែលជាយន្តការស្នូលក្នុងការសម្របសម្រួល និងជំរុញការអនុវត្តការងារឲ្យកាន់តែមានភាពរលូន និងច្បាស់លាស់៕