FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មហាជនប្រតិកម្មនឹងឥរិយាបថច្រឡើសបើសរបស់មន្ត្រីនគរបាល ក្នុងរឿងចរាចរណ៍​ (Video inside)

24-04-2026 12:55

(ភ្នំពេញ)៖ ប្រជាពលរដ្ឋខ្មែរតាមរយៈបណ្តាញសង្គម បាននាំគ្នារិះគន់យ៉ាងខ្លាំងចំពោះ​ឥរិយា​បថ​ច្រឡើសបើស សម្តីកោងកាចមិនមិនសមរម្យរបស់មន្ត្រីនគរបាលមួយរូប​នៅ​គណៈកម្មាធិការជាតិប្រយុ​ទ្ធ​ប្រឆាំង​អំពើជួញដូរមនុស្ស ព្រោះតែរឿងចរាចរណ៍​បន្តិច​បន្តួច​។

នៅវេលាម៉ោងប្រមាណ ១១៖៤៩នាទីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ មានគ្រោះ​ថ្នាក់​ចរាចររថយន្ត បើកបុករថយន្តចតនៅលើផ្លូវសាធារណៈ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ១ ជិតភោជនីយដ្ឋាន «ឫស្សីស្រស់» ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានី​ភ្នំ​ពេញ។

បន្ទាប់ពីកើតគ្រោះថ្នាក់ចរាចរណ៍នោះហើយ បុរសជាម្ចាស់រថយន្តដែលបានបើករថយន្ត​ទៅបុករថយន្តរបស់មន្ត្រីនគរបាលចតនៅលើផ្លូវសាធារណៈនោះ មិនបានបើកគេចទៅ​ណា​នោះឡើយ ហើយបានជជែកដោះស្រាយគ្នាផងដែរ។

ការប៉ះពារនោះបណ្តាលឱ្យខូចខាតរថយន្តទាំងសងខាងបន្តិចបន្តួច។ ការប៉ះពារនោះ នាំឱ្យមានការចាប់អារម្មណ៍ខ្លាំងលើវីដេអូនៅទីតាំងកន្លែងកើតហេតុ ជាពិសេសសម្តី និងកាយវិការរបស់មន្ត្រីនគរបាលជាម្ចាស់រថយន្តពាក់ផ្លាកលេខនគរបាល។

មន្ត្រីនគរបាលរូបនេះ ត្រូវបានគេស្គាល់ថាជាវរសេនីយ៍ឯក ខៀវ សុងច័ន្ទសុធា មាន​តួ​នា​ទី​ជាអនុប្រធាននាយកដ្ឋានមួយ ចំណុះគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង​អំពើជួញ​ដូរ​មនុស្ស (គជបជ) នៃក្រសួងមហាផ្ទៃ។

ក្នុងវីដេអូនោះ គេបានស្តាប់ឮវរសេនីយ៍ឯក ខៀវ សុងច័ន្ទសុធា បញ្ជាឱ្យកងកម្លាំងវ៉ៃខ្នោះ​ភាគី​​​ម្ខាងទៀត យកទៅដាក់គុក ដែលការបញ្ជានេះរំលោភទៅលើដែនសមត្ថកិច្ចរបស់​មន្ត្រី​នគរបាលអនុវត្តន៍ច្បាប់។ ក្រៅពីការចាប់អារម្មណ៍ទៅលើកាយវិការ និងសម្តីដ៏ច្រ​ឡើស​បើសមិនសមជាមន្ត្រីរាជការហើយនោះ គេក៏បានចាប់អារម្មណ៍ការជក់បារីអេឡិច​ត្រូនិករបស់មន្ត្រីនគរបាលរូបនេះផងដែរ។ បារីអេឡិចត្រូនិក ត្រូវបានណែនាំ និងហាម​ឃាត់មិនឱ្យចរាចរណ៍ដោយរាជរដ្ឋាភិបាលកម្ពុជា តែត្រូវបានមន្ត្រីនគរបាលរូបនេះ ជក់បង្ហុយដាក់កាមេរាអ្នកសារព័ត៌មានទៅវិញ។

ក្នុងគ្រាដែលមន្ត្រីនគរបាលរូបនេះ ជជែករកខុស និងត្រូវ ហើយបញ្ជាទាំងបំពានឱ្យនគរ​បាល​អនុវត្តច្បាប់វាយខ្នោះភាគីម្ខាងទៀតនោះ ក៏មានការចោទជាសំណួរវិញថា តើការ​ដែលលោកនគរបាលដ៏ច្រលើសបើសនេះ​ចត​ឡានលើផ្លូវសាធារណៈមិនមែនជា​កន្លែង​ឱ្យចតរថយន្តនោះ ត្រូវច្បាប់ដែរឬទេ? យកឡានពាក់ផ្លាកលេខនគរបាល ក្នុងម៉ោង​ការងារនោះតើត្រូវដែរទេ?

សម្តីអាក្រក់របស់មន្ត្រីរាជការ និងកងកម្លាំង គឺជាទំនាស់អារម្មណ៍របស់ប្រជាពលរដ្ឋ។ ក្នុងប្រវត្តិសាស្ត្រកម្ពុជា កាយវិការមិនសមរម្យ សម្តីអាក្រក់ ការប្រព្រឹត្តទង្វើខុសនឹងច្បាប់​របស់​អ្នករាជការ បូករួមនឹងផ្សព្វផ្សាយមនោគមន៍វិជ្ជាអាក្រក់ពីមន្ត្រីដោយអ្នកបដិវត្តន៍​ខ្មែរក្រហមផងនោះ នៅពេលរបប នល់ នល់ ត្រូវដួលរលំ ក្រុមអ្នកបដិវត្តន៍ ជាពិសេស​កម្មាភិបាលរបស់របបខ្មែរក្រហម បានកាប់សម្លាប់មិនញញើតដៃនោះឡើយ ចំពោះអ្នករាជការ និងកម្លាំងប្រដាប់អាវុធ។

ដូច្នេះកាយវិការមិនល្អ សម្តីអាក្រក់របស់អ្នករាជការ កងកម្លាំងសមត្ថកិច្ច គួរត្រូវបានគិតគូរជម្រុះចោល ដើម្បីចៀសវាងទំនាស់អារម្មណ៍របស់ប្រជាពលរដ្ឋ៕