FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម៖ កម្ពុជាទទួលបានជោគជ័យជាប្រវត្តិសាស្រ្តក្នុងឆ្នាំ២០២៥ ដោយពុំ​មាន​ករណី​ផ្សោតស្លាប់, នេះជាវិញ្ញាសាររបស់មន្ត្រី ដើម្បីរក្សាសមិទ្ធផលចាស់ បង្កើនសមិទ្ធផលថ្មី

24-04-2026 12:22

(ក្រចេះ)៖ កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ បាន​ថ្លែងថាកម្ពុជាទទួលបានជោគជ័យជាប្រវត្តិសាស្រ្តក្នុងឆ្នាំ២០២៥ ដោយពុំ​មាន​ករណី​ផ្សោតស្លាប់, នេះជាវិញ្ញាសាររបស់មន្ត្រី ដើម្បីរក្សាសមិទ្ធផលចាស់ បង្កើនសមិទ្ធផលថ្មី។

ការថ្លែងរបស់កញ្ញា បានធ្វើឡើងនាឱកាសដែលកញ្ញាដឹកនាំក្រុមការងារអភិរក្សជលផល និងខណ្ឌជលផល​ខេត្ត​ក្រចេះ និងអង្គការដៃគូ ជួបសំណេះសំណាលជាមួយមន្រ្តីឆ្មាំទន្លេ ដើម្បីពង្រឹងនិងបង្កើនប្រសិទ្ធភាពការងារគ្រប់គ្រង ការពារ អភិរក្ស​សត្វផ្សោត និងកន្ធាយក្បាលកង្កែប នៅតំបន់​ទន្លេ​មេគង្គ។

កិច្ចប្រជុំនេះធ្វើឡើងនៅទីស្នាក់ការអភិរក្សសត្វផ្សោត ស្ថិតនៅ​ឃុំ​សំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ដោយមានការចូលរួម ពីលោកបណ្ឌិត អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល នៃអគ្គនាយកដ្ឋានជលផល លោក ផៃ សុម៉ានី លោក អ៊ិន ហ៊ុល អនុប្រធាននាយកដ្ឋានអភិរក្ស​ជលផល លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ លោក នេត្រ វិបុល នាយករងអង្គការអភិរក្សសត្វព្រៃ (WCS) និងលោក អៀម សំអ៊ន់ ប្រធានកម្មវិធីតំណាងអង្គការ WWF កម្ពុជា និងមន្រ្តីឆ្មាំទន្លេ សរុបអ្នកចូលរួមប្រមាណ៤០នាក់។

កញ្ញាអនុរដ្ឋលេខាធិការ បានគូស​បញ្ជាក់ថា ជំនួបប្រចាំខែ គឺជាការផ្តល់ឱកាសដល់មន្រ្តីឆ្មាំទន្លេ ក្រុមការងារ​បច្ចេកទេសអភិរក្ស អង្គការដៃគូរួមមាន អង្គការ WWF និងអង្គការ WCS ពិនិត្យឡើងវិញនូវ​លទ្ធផល​នៃការងារដែលសម្រេចបាននាពេលកន្លងមក និងពិភាក្សា​លើកផែន​ការ​ការងារបន្ត​ ក្នុងគោលដៅធ្វើយ៉ាងណា គ្រប់គ្រង ការពារ និងអភិរក្ស សត្វផ្សោត និងសត្វកន្ធាយក្បាលកង្កែប ដែលជាប្រភេទសត្វកម្រជិតផុតពូជ ក្នុងដែនអភិរក្សនៃខេត្តក្រចេះ។

បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ, នៅក្នុងឆ្នាំ២០២៥កន្លងទៅ កម្ពុជាទទួលបានជោគជ័យជាប្រវត្តិសាស្រ្ត ដោយពុំ​មាន​ករណី​ផ្សោតស្លាប់ពេញ១ឆ្នាំ គិតក្នុងកំណត់ត្រារយៈពេលជាង​២០ឆ្នាំចុងក្រោយ។ ជោគជ័យនៅក្នុងឆ្នាំកន្លងទៅ គឺជាវិញ្ញាសាឆ្នាំថ្មី ឆ្នាំ២០២៦ សម្រាប់ភាគីពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងណារក្សាឲ្យបានជាដាច់ខាតនូវសមិទ្ធផលចាស់ និងបង្កើន​សមិទ្ធផលថ្មី។

ទន្ទឹមនឹងនោះកញ្ញា អ៊ឹម រចនា បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណ ដល់មន្ដ្រីជំនាញអភិរក្ស អង្គការ WWF ដែលបាននិងកំពុងប្រឹងប្រែងបន្តជួយទ្រទ្រង់ការងារល្បាតរបស់បងពូឆ្មាំ​ទន្លេ។ ឆ្លើយតបតាមសំណូមពររបស់ឆ្មាំទន្លេល្បាតផ្សោតទន្លេមេគង្គ លោករដ្ឋមន្ដ្រី ឌិត ទីណា បានសម្រេចផ្ដល់ម៉ាស៊ីនទូកចំនួន ២គ្រឿង ដើម្បីជំនួសម៉ាស៊ីនទូកចាស់។ ចំណែកអង្គការ WWF ក៏បានផ្ដល់ម៉ាស៊ីនទូកដូចគ្នាចំនួន ២គ្រឿងបន្ថែមទៀត ជូនដល់ឆ្មាំទន្លេ ដើម្បីឲ្យការងារល្បាតនិងបង្ក្រាបបទល្មើសនេសាទ ដំណើរការបានកាន់តែរលូន មានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕