FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី អញ្ជើញផ្តល់បទឧទ្ទេសនាមក្នុងកម្មវិធីវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី២៣

24-04-2026 10:56

(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ លោក ស សាម៉ីឌី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញផ្តល់បទឧទ្ទេសនាមស្តីពី «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ» ក្នុងកម្មវិធីវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី២៣ ជូនដល់សមាជិក សមាជិកា ចំនួន១៥០នាក់ នៅទីស្តីការកណ្តាលគណបក្សប្រជាជនកម្ពុជា វិមាន ៧មករា រាជធានីភ្នំពេញ។

ក្នុងបទឧទ្ទេសនាម លោក ស សាម៉ីឌី បានចែករំលែកពីភាពជាអ្នកដឹកនាំក្នុងសម័យកាលអតីតកាល និងភាពជាអ្នកដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន ប្រកបដោយនវានុវត្តន៍ គុណាធិបតេយ្យ និងប្រសិទ្ធភាព។

ក្នុងនោះ លោកក៏បានរំលេចពីការអនុវត្តវិធានការគន្លឹះទាំង៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដែលដឹកនាំអនុវត្តដោយឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ដែលជាកិច្ចការងារអាទិភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ក្រោមការដឹកនាំដោយផ្ទាល់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលហៅកាត់ថា គ.វ.រ.៕