សហជីពធំនៅកម្ពុជា៖ ហេតុអ្វីក្រុមប្រឆាំងមួយក្ដាបតូចនៅក្រៅប្រទេស មិនដែលជួយផ្សព្វផ្សាយឱកាសការងារជូនអតីតពលករខ្មែរ?
24-04-2026 10:20
(ភ្នំពេញ)៖ ជារឿយៗក្រុមបក្ខពួកប្រឆាំងមួយក្ដាបតូចនៅក្រៅប្រទេស តែងតែតាំងខ្លួនជាអ្នកស្នេហាជាតិ គិតផលប្រយោជន៍ប្រជាជនជាចម្បង ប៉ុន្ដែជាក់ស្ដែងពួកគេសូម្បីតែជួយផ្សព្វផ្សាយពីឱកាសការងារជូនអតីតពលករខ្មែរដែលប្រឡប់ពីប្រទេសថៃ ក៏មិនដែលជួយផ្សព្វផ្សាយដែរ។ ការណ៍នេះធ្វើឱ្យថ្នាក់ដឹកនាំសហជីពធំៗនៅកម្ពុជាបានចោទជាសំនួរមួយថា «ហេតុអ្វីក្រុមប្រឆាំងមួយក្ដាបតូចនៅក្រៅប្រទេស មិនដែលជួយផ្សព្វផ្សាយឱកាសការងារជូនអតីតពលករខ្មែរ?»
បើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃសរុបប្រមាណជាង ៩៧ម៉ឺននាក់ ក្នុងនោះមានអតីតពលករខ្មែរប្រមាណជាង ៦៧ម៉ឺននាក់ទទួលបានឱកាសការងារនៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាសនៅក្នុងស្រុក ដើម្បីទទួលបានប្រាក់ចំណូលឡើងវិញ ដែលទាមទារឱ្យមានការចូលរួមផ្សព្វផ្សាយឱកាសការងារឱ្យបានផុសផុលពីគ្រប់និន្នាការនយោបាយទាំងអស់។
លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC)បានលើកឡើងថា ក្រុមសកម្មជនប្រឆាំងមួយក្ដាបតូចនៅក្រៅប្រទេស តែងតែតាំងខ្លួនជាអ្នកស្នេហាជាតិ និងគិតគូផលប្រយោជន៍ប្រជាពលរដ្ឋជាចម្បង ប៉ុន្ដែជាក់ស្ដែងនៅលើបណ្ដាញសង្គមរបស់ពួកគេមិនដែលឃើញជួយចុច Like, Comment ឬShare ព័ត៌មានពីឱកាសការងារក្នុងការពង្រីកការផ្សព្វផ្សាយជូនដល់អតីតពលករខ្មែរនោះទេ។
លោកបានបន្តថា នៅលើបណ្ដាញសង្គម ពួកគេតាំងខ្លួនជាអ្នកស្នេហាជាតិ និងជាអ្នកគិតគូពីផលប្រយោជន៍ពលរដ្ឋ ហើយបែរជាបង្កើតមាតិការិះគន់ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការជួយអន្តរាគមន៍ពលករ និងអតីតពលករខ្មែរដែលប្រឡប់មកពីប្រទេសថៃ ដោយរាជរដ្ឋាភិបាលធ្វើបែបនេះខុស ហើយធ្វើបែបនោះក៏មិនត្រូវ។
បើតាមលោក ចាន់សំណាង សង្កត់ធ្ងន់ថា៖ «ក្រុមប្រឆាំងមួយក្ដាបតូចនៅក្រៅប្រទេសនោះ គឺជាអ្នកស្នេហាជាតិ និងជាអ្នកគិតគូពីផលប្រយោជន៍ពលរដ្ឋក្លែងក្លាយ និងជាអ្នកស្នេហាជាតិបែបសម្ដែងនិយម ដើម្បីកេងចំណេញយកមកធ្វើជាផលប្រយោជន៍កំដរឆាកនយោបាយបោកប្រាស់របស់បក្ខពួកខ្លួនប៉ុណ្ណោះ។ ពួកគាត់មិនដែលគិតគូពីផលប្រយោជន៍ជាតិឱ្យបានពិតប្រាកដនោះទេ»។
សម្រាប់លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា(CWPUC)បានបន្ថែមថា ប្រសិនបើក្រុមប្រឆាំងនៅក្រៅប្រទេសមួយក្ដាបតូចនោះ ពិតជាអ្នកស្នេហាជាតិ និងគិតគូពីផលប្រយោជន៍ពលរដ្ឋមែន គួរតែចូលរួមចែករំលែក និងផ្សព្វផ្សាយព័ត៌មានឱកាសការងារ, ការអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈ អត្ថប្រយោជន៍របបសន្ដិសុខសង្គម និងសមិទ្ធផលនានាដែលជាការជួយដល់អតីតពលករខ្មែរដែលប្រឡប់មកពីប្រទេសថៃ។
លោកបានបន្ដថា យន្តការអន្តរាគមន៍ជួយដល់អតីតពលករខ្មែរ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវបានផ្សព្វផ្សាយ និងអនុវត្តយ៉ាងទូលំទូលាយ ប៉ុន្ដែដោយឡែកសម្រាប់ក្រុមប្រឆាំងមួយក្ដាបតូចវិញអង្គុយរង់ចាំរិះគន់ និងបន្ទោសបង្អាប់រាជរដ្ឋាភិបាល ទាំងដែលខ្លួនស្នេហាជាតិតែនៅលើបណ្ដាញសង្គមប៉ុណ្ណោះ។
ថ្នាក់ដឹកនាំសហជីពរូបនេះ បានបញ្ជាក់ថា៖ «ការចូលរួមជួយប្រទេសជាតិ ជួយពលរដ្ឋ គឺជាកាព្វកិច្ចរបស់អ្នកនយោបាយគ្រប់និន្នាការទាំងអស់។ ខ្ញុំសុំលើកជាឧទាហរណ៍ថា ក្រសួងការងារ បានប្រមូលឱកាសការងារសម្រាប់ផ្ដល់ជូនបងប្អូនអតីតពលករយើង ហើយពួកគេដែលតាំងខ្លួនជាអ្នកស្នេហាជាតិនោះ គួរតែជួយ Like, Comment ឬShare ព័ត៌មានពីឱកាសការងារផ្សព្វផ្សាយថែមទៀត និងជួយផ្គូផ្គងការងារជូនអតីតពលករ។ ទង្វើរនេះ ទើបហៅថា អ្នកគិតគូពីផលប្រយោជន៍ជាតិពិតប្រាកដ»។
បើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តផ្សព្វផ្សាយ និងអំពាវនាវដល់បងប្អូនពលករខ្មែរត្រឡប់មកពីថៃ និងបងប្អូនប្រជាពលរដ្ឋដែលមិនទាន់មានការងារធ្វើ សូមទាក់ទងមកលេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារធ្វើនៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាសខ្នាតតូច និងមធ្យម សិប្បកម្ម កសិដ្ឋាន ភោជនីយដ្ឋាន និងនៅតាមការដ្ឋានសំណង់ជាដើម៕




