សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សូមស្វាគមន៍ លោក វ៉ាង យី និង លោក តុង ជុន ដែលមកកាន់កម្ពុជា ដើម្បីចូលរួមកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២
22-04-2026 18:18
(ភ្នំពេញ)៖ នៅលើបណ្តាញសង្គម នៅល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសស្វាគមន៍ចំពោះ លោក វ៉ាង យី (WANG Yi) រដ្ឋមន្ត្រីក្រសួងការបរទេស និងលោក តុង ជុន (DONG Jun) រដ្ឋមន្ត្រីក្រសួងការពារជាតិនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីចូលរួមកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ កម្ពុជា-ចិន លើកទី១ នៅទីក្រុងភ្នំពេញ។
សម្តេចបានលើកឡើងថា «កម្ពុជានិងចិនជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប ព្រមទាំងបាននិងកំពុងខិតខំកសាង សហគមន៍វាសនារួមកម្ពុជា-ចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មី»។
កិច្ចប្រជុំលើកទី១ នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២» រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជានិងចិន បានចាប់ផ្តើម នៅវេលាម៉ោងជិត៦ល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា។
កិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២» រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជានិងចិន ធ្វើឡើងក្រោមការឯកភាពគ្នារវាងថ្នាក់ដឹកនាំកំពូលកម្ពុជា-ចិន អំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន មកកាន់កម្ពុជា កាលពីខែមេសា ឆ្នាំ២០២៥ ក្នុងគោលបំណងជំរុញទំនាក់ទំនងយុទ្ធសាស្ត្រកម្រិតខ្ពស់ ធ្វើឱ្យស៊ីជម្រៅនូវទំនុកចិត្តផ្នែកនយោបាយ និងសន្តិសុខ និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ យន្តការថ្មីនេះគឺជាវេទិកា ដ៏សំខាន់មួយសម្រាប់ការផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដើម្បីផលប្រយោជន៍រួម៕


