FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ទទួលស្គាល់គុណភាពអប់រំពេញសិទ្ធិ សម្រាប់រយៈពេល៥ឆ្នាំ របស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ

22-04-2026 16:53

(ភ្នំពេញ)៖ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ទទួលបានការទទួលស្គាល់គុណភាពអប់រំពេញសិទ្ធិសម្រាប់រយៈពេល៥ឆ្នាំ (២០២៥-២០២៩) ពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (គ.ទ.ក. ACC)។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដែល Fresh News ទទួលបាន។

ការទទួលស្គាល់គុណភាពអប់រំពេញសិទ្ធិសម្រាប់រយៈពេល៥ឆ្នាំ (២០២៥-២០២៩) ពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (គ.ទ.ក. ACC) នេះជាសមិទ្ធផល និងជាឧត្តមភាពនៃភាពជោគជ័យ យ៉ាងត្រចះត្រចង់ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញ បានតាមលក្ខខណ្ឌ នៃស្តង់ដានិងសូចនាករលម្អិតដែលបានកំណត់ ជាពិសេសវឌ្ឍនភាពនៃការរីកចម្រើនខ្លាំង របស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ក្រោមការយកចិត្តទុកដាក់ ការឧបត្ថម្ភគាំទ្រជាប់ជាប្រចាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងធម្មការនិងសាសនា អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និង គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ។

សូមរម្លឹកថា លទ្ធផល នៃការទទួលស្គាល់គុណភាពអប់រំពេញសិទ្ធិនេះ បន្ទាប់ពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា បានចុះវាយតម្លៃកាលពីកំឡុង ខែតុលា ឆ្នាំ២០២៥ កន្លងទៅ។

បច្ចេកទេសវាយតម្លៃរបស់ គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (គ.ទ.ក. ACC) បានផ្តោតលើ៖
១៖ ការវាយតម្លៃបឋមលើរបាយការណ៍ស្វ័យវាយតម្លៃ
២៖ វាយតម្លៃលើឯកសារភស្តុតាង សង្កេត សម្ភាស សមណនិស្សិត និស្សិត គ្រូបង្រៀន មន្ត្រីសង្ឃ មន្ត្រីរាជការ និងគណៈគ្រប់គ្រង នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ
៣៖ ការវាយតម្លៃផ្ទាល់និងចុះពិនិត្យទីតាំង ហេដ្ឋារចនាសម្ព័ន្ធ សម្ភាររូបវន្ត ធនធានសិក្សាទាំងការរៀននិងការបង្រៀន
៤៖ ការផ្តល់លទ្ធផលត្រឡប់ផ្លូវការ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្តី ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធាន (គ.ទ.ក. ACC) ។

ជាមួយគ្នានោះដែរ គ.ទ.ក. ACC ក៏បានផ្តោតលើស្តង់ដាចំនួន៩ ស្មើនឹង៦៨សូចនាករ រួមមាន៖
១៖ ស្ដង់ដាផែនការយុទ្ធសាស្ត្រ (ចក្ខុវិស័យ បេសកកម្ម និងគោលដៅ)
២៖ ស្តង់ដាអភិបាលកិច្ចនិងការគ្រប់គ្រង
៣៖ ស្តង់ដាគ្រូបង្រៀន(បុគ្គលិកអប់រំ)
៤៖ ស្តង់ដាកម្មវិធីអប់រំ
៥៖ ស្តង់ដាសេវានិស្សិត
៦៖ ស្តង់ដាធនធានសិក្សា
៧៖ ស្ដង់ដាធនធានរូបវន្ត
៨៖ ស្ដង់ដាធនធានហិរញ្ញវត្ថុ
៩៖ ការធានាគុណភាពអប់រំផ្ទៃក្នុង។

សូមជម្រាបជូនថា លទ្ធផលវាយតម្លៃនេះ ពិតជាបានបង្ហាញអំពីកិត្យានុភាព ឧត្តមភាព និងការជឿទុកចិត្តមកលើពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ទាំងក្នុងក្របខណ្ឌជាតិនិងអន្តរជាតិ៕