FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន៥៤គ្រួសារ នៅមូលដ្ឋានឃុំស្លក្រាម ស្រុកស្វាយចេក បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ

22-04-2026 15:30

(បន្ទាយមានជ័យ)៖ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ដើម្បីចូលរួមចំណែកឆ្លើយតបជាមួយគ្រោះមហន្តរាយនៅក្នុងមូលដ្ឋានឃុំស្លក្រាម ស្រុកស្វាយចេក លោក អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ព្រមទាំងសហការី បានចុះទៅសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌សាខាដូចជាគ្រឿងឧបភោគ បរិភោគ និងស័ង្កសីចំនួន១,១៩០សន្លឹក ទៅផ្តល់ជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៥៤គ្រួសារ នៅមូលដ្ឋានឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

នាឱកាសនោះ លោក អ៊ុំ រាត្រី បាននាំមកនូវការផ្តាំផ្ញើសេចក្ដីនឹករឭក និងការសាកសួរសុខទុក្ខពីសំណាក់លោក ឌិត ទីណា ប្រធានកិត្តិយសសាខាខេត្ត និងជាពិសេសពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយប្រជាពលរដ្ឋរងគ្រោះដោយបាតុភូតខ្យល់កន្ត្រាក់ ដែលកំពុងជួបការលំបាកចំនួន៥៤គ្រួសារ នូវការគិតគូរយកចិត្តទុកដាក់ អំពីសុខទុក្ខប្រជាពលរដ្ឋ រៀងរាល់ពេលរបស់ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា ទោះជាស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយ គឺស្របតាមពាក្យស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា និងកាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នាមិនទុកនរណាម្នាក់ចោល»។

លោកក៏បានសំណូមពរឲ្យប្រជាពលរដ្ឋសូមបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បន្ថែមទៀត ដោយសារអាកាសធាតុមានការប្រែប្រួលអាចមានជាភ្លៀងលាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ទ្រាក់ ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ បែបនេះហើយត្រូវពិនិត្យស្ថានភាពផ្ទះ ដោយចងរឹតបន្ថែមផ្ទះដើម្បីកុំឲ្យរងគ្រោះដូចករណីខាងលើទៀត និងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់មេត្តា បង្កើនការប្រុងប្រយ័ត្ន ចំពោះការប្រើប្រាស់ភ្លើងអគ្គិសនីឲ្យបានខ្ពស់នៅរដូវក្ដៅនេះផង។

លោកបានសំណូមពរប្រជាពលរដ្ឋកុំភ្លេចបន្តចូលរួម ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺឆ្លងកាចសាហាវផ្សេងៗ ដូចជាជំងឺកូវីដ១៩ ផ្ដាសាយបក្សី(H5N1) គ្រុនចាញ់ គ្រុនឈីក-គ្រុនឈាម និងចូលរួមកំចាត់ជំងឺមិនឆ្លង តាមរយៈការបរិភោគអាហារមិនមានរសជាតិផ្អែមពេក ប្រៃពេក ខ្លាញ់ពេក កាត់បន្ថយការពិសារភេសជ្ជៈកំប៉ុង ហាត់ប្រាណជាប្រចាំរាល់ថ្ងៃ ជាពិសេសនាំគ្នាអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

សម្ភារៈផ្តល់ជូនគ្រួសារនីមួយៗ រួមមាន ស័ង្កសីចំនួនតាមប្រភេទរងគ្រោះ អង្ករ២៥គីឡូក្រាម មី២៥កញ្ចប់ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកាមួយចំនួនផងដែរ៕