អភិបាលខេត្តបន្ទាយមានជ័យ សំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស ដែលកំពុងរៀន និងបង្រៀន នៅជម្រកបណ្តោះអាសន្ន
22-04-2026 15:29
(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក ឃ្លោក នួយ អភិបាលរងខេត្ត នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ បានជួបសំណេះសំណាល ជាមួយលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស ដែលកំពុងរៀន និងបង្រៀន នៅជម្រកបណ្តោះអាសន្ន (ផ្ទះអតីតយុទ្ធជន) នៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
លោក អ៊ុំ រាត្រី ក៏បានថ្លែងអំណរគុណលោកគ្រ-អ្នកគ្រូ ដែលបានតស៊ូរាល់ការលំបាកគ្រប់បែបយ៉ាង ដើម្បីធ្វើការបង្ហាត់បង្រៀនទៅដល់ក្មួយៗ ក៏ដូចជាកូនៗសិស្សានុសិស្ស ឱ្យទទួលបាននូវចំណេះដឹង។ ដ្បិតតែយើងមិនទាន់អាច វិលទៅលំនៅឋាន និងសាលារៀនវិញបាន លោកគ្រូ-អ្នកគ្រូ បានលះបង់ពេលវេលាដ៏មានតម្លៃ ក្នុងការបណ្តុះបណ្តាល ដល់កុមារភៀសសឹកឱ្យទទួលបាននូវចំណេះដឹង ឱ្យក្លាយជាទំពាំងស្នងឬស្សីនាពេលអនាគត។
ទន្ទឹមគ្នានោះ លោកបានជំរុញណែនាំទៅដល់កូនៗ ក្មួយៗសិស្សានុសិស្សត្រូវខិតខំរៀន ក្រេបយកចំណេះដឹងដើម្បីក្លាយជាធនធានដ៏សំខាន់សម្រាប់ប្រទេសជាតិ។ បើទោះបីជាទីនេះ មិនដូចសាលារៀន ដែលយើងធ្លាប់រៀនពីមុនមកក៏ដោយ ប៉ុន្តែទីនេះវាក៏ផ្តល់នូវចំណេះដល់កូនៗ ក្មួយៗ ក្នុងសិក្សារៀនសូត្រ បណ្តោះអាសន្ន ជាជាងបណ្តោយពេល វាលចោលឡើយឥតប្រយោជន៍។
ក្នុងនោះលោក អភិបាលខេត្ត ក៏បានធ្វើការណែនាំបន្ថែមទៅដល់កូនៗ ក្មួយៗសិស្សានុសិស្ស ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ជាពិសេសត្រូវចៀសឱ្យឆ្ងាយអំពីគ្រឿងញៀន៕

















