កុមារស្លាប់ម្នាក់ និងបីនាក់ទៀតសង្រ្គោះទាន់ពេលវេលា ក្រោយលង់ទឹកសមុទ្រនៅឆ្នេរកោះពស់ ក្រុងព្រះសីហនុ
21-04-2026 22:57
(ព្រះសីហនុ)៖ ក្មេងប្រុស ស្រីចំនួន ៤នាក់ មកលេងទឹកសមុទ្រជាមួយគ្រួសារបណ្តាលឱ្យលង់ទឹក ក្នុងនោះស្លាប់ម្នាក់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ ចំណែក៣នាក់ទៀតឈ្លក់ទឹកធ្ងន់ធ្ងរ តែត្រូវសង្រ្គោះទាន់ពេលវេលា។ នេះបើតាមការបញ្ជាក់របស់ឧត្តមសេនីយ៍ត្រី វ៉ែន រ៉ាវឿន ស្នងការរងជួយដឹកនាំ ការិយាល័យនគរបាលទេសចរណ៍ និងការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦នេះ។
លោកបានបញ្ជាក់ឲ្យដឹងថា ករណីនេះបានកើតឡើងនៅវេលាម៉ោង១២៖១៥នាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅឆ្នេរសមុទ្រកោះពស់ ក្រុមទី៩ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។
ក្មេងប្រុសស្រីទាំង៤នាក់ មានឈ្មោះដូចខាងក្រោម៖
ទី១. ឈ្មោះ ផល សីហា ភេទប្រុស អាយុ ៧ឆ្នាំ មានស្រុកកំណើត ភូមិរលូន ឃុំបឹងត្រាំងខាងជើង ស្រុកសំរោង ខេត្តតាកែវ (ស្លាប់)។
ទី២. ឈ្មោះ ជួន សុវណ្ណមករា ភេទប្រុស អាយុ ៥ឆ្នាំ មានស្រុកកំណើត ភូមិពោធិ៍ធំ ស្រុកបសេដ ខេត្តកំពង់ស្ពឺ (រស់)។
ទី៣. ឈ្មោះ ជួន សុវណ្ណបញ្ញា ភេទស្រី អាយុ ៧ឆ្នាំ មានស្រុកកំណើត ភូមិពោធិ៍ធំ ស្រុកបសេដ ខេត្តកំពង់ស្ពឺ (រស់)។
ទី៤. ឈ្មោះ ជួន សុវណ្ណនីតា ភេទស្រី អាយុ ១០ឆ្នាំ មានស្រុកកំណើត ភូមិពោធិ៍ធំ ស្រុកបសេដ ខេត្តកំពង់ស្ពឺ (រស់)។
បើតាមការបញ្ជាក់របស់ឪពុកម្តាយក្មេងរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ក្មេងប្រុស-ស្រីទាំង ៤នាក់ខាងលើ បានរត់លេង និងចុះលេងទឹកសមុទ្រប្រហែល ៧នាទី ក៏លង់ទឹកតែម្តង។ ចំណែកក្មេងប្រុសដែលស្លាប់បាត់បង់ជីវិតនោះ តាមការបញ្ជាក់របស់ឪពុកម្តាយ ថា ក្មេងប្រុសនោះបានលិចទឹកសមុទ្រប្រហែល ២០នាទីទើបរកឃើញ។
បច្ចុប្បសពត្រូវបានរថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដឹកយកទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តរង់ចាំការត្រួតពិនិត្យរបស់នគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ។ចំណែកក្មេងចំនួន០៣នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕









