FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង ចាប់ផ្តើមការធ្វើជំរឿនមន្ត្រីនៅក្រសួងអភិវឌ្ឍន៍ជនបទ

21-04-2026 21:41

(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦នេះ គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង បានចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់អង្គភាពចំណុះទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចុះពិនិត្យទីតាំងដោយផ្ទាល់ពីសំណាក់លោក សុខ សង្វារ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការជំរឿនមន្ត្រី។

ជាក់ស្តែងក្នុងដំណើរការ នៃការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃនេះ មានការអញ្ជើញចូលរួមធ្វើជំរឿនដោយផ្ទាល់ពីលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ ដែលកំពុងបំពេញការងារនៅតាមអង្គភាពចំណុះក្រសួងអភិវឌ្ឍន៍ជនបទ។

ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់អង្គភាពចំណុះទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃពេញ ពោលគឺថ្ងៃទី២១ និងទី២២ ខែមេសា ឆ្នាំ២០២៦ នៅអគារនៃទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីការធានាមិនឱ្យប៉ះពាល់ដល់ដំណើរការនៃការងារប្រចាំថ្ងៃរបស់មន្ត្រី ហើយក៏មិនឱ្យប៉ះពាល់ដល់ដំណើរការនៃការផ្តល់សេវាសាធារណៈរបស់អង្គភាព ដែលជាគោលដៅនៃការធ្វើជំរឿន។

ដំណើរការនៃការចុះជំរឿននេះ ថ្នាក់ដឹកនាំ និងមន្ត្រីត្រូវតែមានវត្តមានដោយផ្ទាល់ ក្នុងពេលចុះធ្វើជំរឿន ដោយភ្ជាប់មកនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម (ករណីមិនមានអត្តសញ្ញាណប័ណ្ណត្រូវភ្ជាប់មកនូវលិខិតឆ្លងដែន ឬប័ណ្ណសម្គាល់ខ្លួនមន្ត្រីរាជការ)។

សូមជម្រាបថា ក្រសួងអភិវឌ្ឍន៍ជនបទ ជាក្រសួងទី៣ ដែលបាន និងកំពុងធ្វើជំរឿនមន្ត្រីជាក់ស្តែង បន្ទាប់ពីក្រសួងមុខងារសាធារណៈ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍៕