ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជូនដល់មន្រ្តីសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស
21-04-2026 21:04
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញផ្សព្វផ្សាយច្បាប់ស្តីពី «ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» (Online Scams) ជូនដល់មន្រ្តីសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស។
ពិធីនេះមានការចូលរួមពីសំណាក់លោក ងួន ណារ៉ា ប្រធានសាលាដំបូង និងលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និង មន្ត្រីបម្រើការនៅសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចំនួន ៦០៥នាក់ បានចូលរួមកិច្ចប្រជុំនេះក្រោមបរិយាកាសរីករាយ និងយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងបានប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់នេះ។
នាឱកាសនោះដែរ ឧបនាយក រដ្ឋ មន្ត្រី មានប្រសាសន៍ថា ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ក្រសួងយុត្តិធម៌ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយច្បាប់នេះដល់សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស។
ច្បាប់នេះបានកំណត់នូវវិធានផ្នែកព្រហ្មទណ្ឌដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ច្បាប់ស្តីពី «ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» (Online Scams) ត្រូវសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ បានចេញព្រះរាជក្រមប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ បន្ទាប់ពីរដ្ឋសភា និងព្រឹទ្ធសភាបានអនុម័តរួចរាល់ ហើយបានចូលជាធរមាននៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦។
ច្បាប់ស្តីពី «ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» (Online Scams) មាន ៥ជំពូក និងមាន២៤មាត្រា។
ច្បាប់នេះកំណត់អំពីវិធានផ្នែកព្រហ្មទណ្ឌដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅចូលរួមថែរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ។
បទល្មើសទាំងនេះ បានកំណត់ប្រឈមនឹង ការជាប់ពន្ធនាគារខ្ពស់បំផុតដល់ ១ជីវិត និង ពិន័យជាប្រាក់ដល់ទៅ ១ ពាន់លានរៀល (១០០០លានរៀល) ហើយថែមទាំងរឹបអូស ទ្រព្យសម្បត្តិរបស់ជនល្មើសផងដែរ៕





















