FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ និងឯកអគ្គរាជទូតកាណាដា ប្រចាំកម្ពុជា បើកវគ្គបណ្ដុះបណ្ដាលស្តីពី “Cambodia-UNIDIR Cyber Capacity-Building and  Policy Training”

21-04-2026 21:03

(ភ្នំពេញ)៖ លោក លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) និងលោក Christian DesRoches ឯកអគ្គរាជទូតកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្តីពី “Cambodia-UNIDIR Cyber Capacity-Building and Policy Training”។

ដោយមានការចូលរួមពីតំណាងវិទ្យាស្ថានស្រាវជ្រាវការរំសាយអាវុធរបស់អង្គការសហប្រជាជាតិ (The United Nations Institute for Disarmament Research - UNIDIR) ព្រមទាំងអ្នកជំនាញសន្តិសាយប័រមកពីបណ្ដារក្រសួង ស្ថាប័ន និងក្រុមហ៊ុនចំនួន ៣៨នាក់ នៅសណ្ឋាគារ សូហ្វីតែលភូគីត្រា ភ្នំពេញ។

វគ្គបណ្តុះបណ្តាលរៀបចំឡើងមានរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ក្រោមកិច្ចសហការរបស់ ក.ប.ទ. ជាមួយនិង UNIDIR ក្រោមជំនួយឧបត្ថមគាំទ្រដោយរដ្ឋាភិបាលនៃប្រទេសកាណាដា ដែលវគ្គបណ្តុះបណ្តាលនេះមានគោលបំណងពង្រឹងសមត្ថភាពសន្តិសុខសាយប័ររបស់កម្ពុជា តាមរយៈការពង្រឹងសមត្ថភាពអភិវឌ្ឍគោលនយោបាយ កិច្ចការពារ និងការឆ្លើយតបបន្ទាន់នៃសន្តិសុខសាយប័រ ជាពិសេសលើការការពារហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ និងការជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ។

វគ្គបណ្ដុះបណ្ដាលនេះ ក៏បានឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការលើកកម្ពស់បរិយាកាសឌីជីថលដែលមានសុវត្ថិភាព ស្ថិរភាព និងទំនុកចិត្ត ព្រមទាំងគាំទ្រដល់សេដ្ឋកិច្ចឌីជីថលកាន់តែទូលំទូលាយរបស់កម្ពុជា។

ជាមួយគ្នានេះ លោក លីវ សុផាណារិទ្ធិ បានថ្លែងថា ក.ប.ទ. បាននឹងកំពុងបន្តពង្រឹងកិច្ចសហការជាមួយ UNIDIR និងដៃគូអន្តរជាតិ ដើម្បីជំរុញការកសាងសមត្ថភាពសន្តិសុខសាយប័រ និងលើកកម្ពស់អាកប្បកិរិយាប្រកបដោយទំនួលខុសត្រូវក្នុងលំហសាយប័រ និងសូមអរគុណចំពោះកិច្ចសហការ និងគាំទ្រពីរដ្ឋាភិបាលនៃប្រទេសកាណាដា ដែលយកចិត្តទុកដាក់ និងមានកិច្ចសហការល្អ ព្រមទាំងគាំទ្រដល់គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់ប្រទេសកម្ពុជាឱ្យកាន់តែទូលំទូលាយ៕