FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការចុះផ្សាយរបស់ The Wall Street Journal ពាក់ព័ន្ធនឹងបញ្ហាឧក្រិដ្ឋកម្មអនឡាញ ដោយប្រើប្រាស់ភាសាមានលក្ខណៈ «វិទ្ធង្សនា» ប៉ះពាល់ដល់កិត្តិយស និងអត្តសញ្ញាណជាតិកម្ពុជា

21-04-2026 18:02

(ភ្នំពេញ)៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦នេះ បានសម្ដែងការសោកស្ដាយ និងបានប្រតិកម្មឆ្លើយតបខ្លាំងៗចំពោះអត្ថបទចុះផ្សាយដោយ The Wall Street Journal ពាក់ព័ន្ធនឹងបញ្ហាឧក្រិដ្ឋកម្មអនឡាញ ដែលប្រើពាក្យមានខ្លឹមសារម៉ាក់ងាយមកលើកម្ពុជា។

អ្នកនាំពាក្យក្រសួងព័ត៌មានបានចាត់ទុកថាទង្វើនេះជាការធ្វើវិទ្ធង្សនាមកលើកិត្តិយសប្រទេស និងប៉ះពាល់ដល់កិត្តិយស និងអត្តសញ្ញាណជាតិរបស់កម្ពុជា។

អ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងយ៉ាងដូច្នេះថា៖ «ក្នុងនាមអ្នកនាំពាក្យ និងពលរដ្ឋកម្ពុជាមួយរូប ខ្ញុំសោកស្តាយយ៉ាងខ្លាំងចំពោះសារព័ត៌មានដែលមានឈ្មោះបោះសំឡេងដូចជា WSJ ដែលបានប្រើពាក្យមានខ្លឹមសារម៉ាក់ងាយមកលើកម្ពុជា ក្នុងអត្ថបទរបស់ខ្លួន ដែលនេះជាការធ្វើវិទ្ធង្សនាលើកិត្តិយសប្រទេស»

អ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា ការយកឈ្មោះប្រទេសដែលមានអធិបតេយ្យភាព ដោយភ្ជាប់ជាមួយបញ្ហាឧក្រិដ្ឋកម្មរបស់សកលលោក គឺមានចេតនាធ្វើឱ្យមានការរើសអើងចំពោះប្រទេសនោះ។ ឈ្មោះប្រទេសគឺជាអត្តសញ្ញាណ និងជាមោទនភាពរបស់ប្រជាជាតិ ហើយការប្រើប្រាស់សំណេរបែបនេះជាការប្រមាថដល់កិត្តិយសជាតិរបស់ប្រជាជនកម្ពុជា និងធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋកម្ពុជានៅលើឆាកអន្តរជាតិ។

ជាមួយគ្នានេះដែរ លោក ទេព អស្នារិទ្ធ បានបន្តថា ឈ្មោះប្រទេស ឬពលរដ្ឋនៃប្រទេសមួយមិនត្រូវក្លាយជាកម្មវត្ថុនៃភាពរងគ្រោះដោយសារអំពើឧក្រិដ្ឋកម្មដែលជាបញ្ហាសកលលោកឡើយ និងរឹតតែមិនត្រូវក្លាយជាកម្មវត្ថុនៃសំណេរសារព័ត៌មានដែលខ្វះភាពចាស់ទុំឡើយ ពោលគឺការសរសេរដែលប្រើអារម្មណ៍ ជាមួយការប្រើពាក្យបង្អាប់ដើម្បីទាក់ទាញចំណាប់អារម្មណ៍ជាជាងការវិភាគដល់ឫសគល់នៃបញ្ហា ដែលវាជាទង្វើខ្វះវិជ្ជាជីវៈ។

ចំពោះករណីនេះ ត្រូវបានអ្នកនាំពាក្យក្រសួងព័ត៌មានកម្ពុជា សង្កត់ធ្ងន់ថា ពាក្យនេះមានប្រភពចេញពីក្រុមជ្រុលនិយម និងប្រព័ន្ធផ្សព្វផ្សាយដែលមាននិន្នាការអគតិ ដើម្បីបម្រើឱ្យសង្រ្គាមចិត្តសាស្ត្រ និងការបង្កើតគំនិតរើសអើងជាតិសាសន៍។ ការប្រើភាសាដែលត្រូវបានបង្កើតឡើងក្រុមជ្រុលនិយមនេះ គឺស្មើនឹងការមានចេតនាគាំទ្រដល់គំនិត ចលនាជ្រុលនិយមនោះ។ សារព័ត៌មានត្រូវរក្សាគុណតម្លៃនៃក្រមសីលធម៌ និងវិជ្ជាជីវៈ ដោយតម្លាភាព និងអព្យាក្រឹតភាព។ ក្រមសីលធម៌សារព័ត៌មានហាមដាច់ខាតការប្រើប្រាស់ភាសាដែលញុះញង់ឱ្យមានការរើសអើងជាតិសាសន៍ ឬការបង្ខូចកេរ្តិ៍ឈ្មោះប្រទេស ឬបុគ្គល។

បន្ថែមពីនេះ លោកបានគូសបញ្ជាក់ថា សំណេរបែបបន្តុះបង្អាប់ និងប្រើការសន្មត់ជាជាងការផ្តល់អង្គហេតុពិតនេះ ហាក់បង្ហាញពីការធ្លាក់ចុះនៃគុណភាពការងារវិជ្ជាជីវៈ និងការបោះបង់ចោលនូវអព្យាក្រឹតភាពរបស់កាសែតនោះ ដែលជាទង្វើខ្វះការទទួលខុសត្រូវ មិនសាកសមជាសារព័ត៌មានស្តង់ដាអន្តរជាតិ។ ភារកិច្ចរបស់សារព័ត៌មានគឺផ្តល់ព័ត៌មាន បង្ហាញការពិត ដើម្បីស្ថាបនា ឬចូលរួមរកដំណោះស្រាយចំពោះបញ្ហា មិនមែនដើម្បីបំផ្លាញសេចក្តីថ្លៃថ្នូររបស់ប្រជាជាតិ ប្រទេសណាមួយឡើយ។

លោក ទេព អស្នារិទ្ធ បានបន្ថែមថា ការដោះស្រាយបញ្ហាឧក្រិដ្ឋកម្មអនឡាញសកល ត្រូវតែធ្វើឡើងតាមរយៈការបង្ហាញអង្គហេតុ អំណះអំណាង និងតួលេខ មិនមែនតាមរយៈការដាក់ឈ្មោះបង្អាប់បង្ខូចប៉ះពាល់ដល់ប្រទេសណាមួយឡើយ។យើងស្វាគមន៍ការរាយការណ៍អំពីបញ្ហាប្រឈម ដើម្បីស្ថាបនា និងដោះស្រាយរួមគ្នា ប៉ុន្តែមិនអាចទទួលយកបានជាដាច់ខាតនូវការប្រើប្រាស់ភាសាប្រមាថ ដែលធ្វើឱ្យប៉ះពាល់ដល់អត្តសញ្ញាណជាតិ និងអធិបតេយ្យភាពរបស់យើង ពិសេសគឺការបង្កើតភាពអយុត្តិធម៌មកលើកម្ពុជាក្នុងឧក្រិដ្ឋកម្មសកលដែលពិភពលោកត្រូវរួមគ្នាដោះស្រាយ។

អ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងថា ក្នុងកិច្ចខិតខំបន្តបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសជំហរដាច់ខាត និងការប្តេជ្ញាចិត្តឥតងាករេ ក្នុងការលុបបំបាត់រាល់ទម្រង់នៃបទល្មើសឆបោកអនឡាញឱ្យអស់ពីទឹកដីកម្ពុជា។ នេះជាការប្តេជ្ញាចិត្តផ្នែកនយោបាយរបស់រដ្ឋាភិបាល ជាមួយការបន្តបោសសម្អាតអំពើល្មើសឆបោកអនឡាញយ៉ាងម៉ឺងម៉ាត់នៅទូទាំងប្រទេស និងការពង្រឹងការអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងច្បាប់ពាក់ព័ន្ធផ្សេងទៀត ជាឧបករណ៍គតិយុត្តដ៏រឹងមាំក្នុងការដាក់ទោសទណ្ឌដល់មេខ្លោង និងអ្នកពាក់ព័ន្ធទាំងឡាយឱ្យទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់។

លោកបានឱ្យដឹងថា ជាលទ្ធផល ដោយយោងតាមរបាយការណ៍នៃលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែពាក់កណ្តាលខែមេសា ឆ្នាំ២០២៦នេះ ពោលគឺក្នុងរយៈពេលជាង៩ខែចុងក្រោយសមត្ថកិច្ចកម្ពុជាក្នុងរាជធានី-ខេត្ត បង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានចំនួនជាង២៥០ ករណី ក្នុងនោះរាប់បញ្ចូលការបង្រ្កាបទីតាំងកាស៊ីណូចំនួន ៩១ទីតាំង ព្រមទាំងបានកសាងសំណុំរឿង ដើម្បីបញ្ចូនទៅតុលាការចំនួន ១១២ករណី ពាក់ព័ន្ធនឹងជនសង្ស័យ (ជនត្រូវចោទ) ចំនួនប្រមាណ ១ ០៨៩នាក់ មានជនជាតិចិន ថៃ វៀតណាម ជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី និងខ្មែរដែរ។

គិតចាប់ពីខែមករា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជាបានអនុវត្តនីតិវិធីបណ្តេញជនបរទេសពាក់ព័ន្ធនឹងការប្រព្រឹត្តការឆបោកអនឡាញ សរុបចំនួន ១៣ ០៣៩នាក់ ក្នុងនោះមានស្ត្រីចំនួន ១ ៥០៩នាក់ មាន ៣៣សញ្ជាតិ៕