FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Fresh Exclusive: យុទ្ធសាស្ត្រដដែលៗ៖ ពីការគំរាមខ្លាំង ទៅការពន្យារពេល, តើ Donald Trump អាចបង្ខំអ៊ីរ៉ង់លើកនេះបានទេ? (Video inside)

21-04-2026 17:25

(ភ្នំពេញ)៖ នៅពេលឱសានវាទកាន់តែខិតជិតមកដល់ លោក Donald Trump បានបន្តគំរាមថា នឹងវាយអ៊ីរ៉ង់ ប្រសិនបើក្រុងតេហេរ៉ង់ មិនចូលតុចរចាក្នុងជុំទី២នេះទេ។ អ៊ីរ៉ង់បដិសេធធ្វើការចរចាដែលស្ថិតក្រោមសម្ពាធ ប៉ុន្តែមិនបានបិទទ្វារផ្លូវការទូតឡើយ ដោយចាត់ទុកការចរចាក្រោមសម្ពាធ និង គំរាមថា ស្មើនឹងការចុះចាញ់។ តើយុទ្ធសាស្ត្រគំរាមវាយរបស់លោកត្រាំ លើកនេះអាចបង្ខំឲ្យមានកិច្ចព្រមព្រៀងបានដែរឬទេ?

Fresh Exclusive មានអត្ថបទវិភាគស៊ីជម្រៅមួយជុំវិញបញ្ហានេះ...

នៅពេលដែលថ្ងៃឱសានវាទកាន់តែខិតជិត សម្តីគំរាមរបស់លោក Donald Trump កាន់តែខ្លាំងឡើង។ ពីការធ្លាប់គំរាមថា នឹងវាយអ៊ីរ៉ង់ឱ្យត្រឡប់ទៅ «យុគសម័យថ្ម» ក្នុងមួយយប់ បានឈានទៅដល់ការព្រមានចុងក្រោយថា «គ្មានជម្រើសផ្សេងក្រៅពីការវាយប្រហារឡើយ» ប្រសិនបើតេហេរ៉ង់ មិនចូលតុចរចាក្នុងជុំទី២នេះទេ។ សំឡេងនយោបាយបែបនេះ មើលទៅដូចជាកំពុងបង្កើនសម្ពាធដល់កម្រិតខ្ពស់បំផុត។ ប៉ុន្តែខណៈសម្តីគំរាម ត្រូវបានប្រើម្តងហើយម្តងទៀតទម្ងន់នៃវា ហាក់ដូចជាកំពុងស្រកចុះ និងមិនអាចបង្កើតភាពជឿទុកចិត្តដូចមុនបានឡើយ។

ភាពជាក់ស្តែងនៅលើដី បង្ហាញពីរូបភាពខុសគ្នា។ សម្តីគំរាមខ្លាំងៗ មិនបានធ្វើឱ្យភាគីប្រឆាំងមានភាពខ្លាចរអារឡើងនោះទេ។ ផ្ទុយទៅវិញ បន្ទាប់ពីការគំរាមថា នឹងវាយអ៊ីរ៉ង់ឱ្យត្រឡប់ទៅ «យុគសម័យថ្ម» (Back to the Stone Ages) ក្នុងមួយយប់ ស្ថានការណ៍បានបង្វែរទិសទៅជាការឈប់បាញ់ ដែលត្រូវបានពង្រីក១៤ថ្ងៃ ហើយពេលនេះបានបន្តបន្ថែម២៤ម៉ោងទៀត។

ដូច្នេះសំណួរធំមួយ បានកើតឡើងភ្លាមៗ៖ តើយុទ្ធសាស្ត្រនេះ ជាកម្លាំងអាចបង្ខំឲ្យអ៊ីរ៉ង់ចូលតុចរចា ឬកំពុងបង្ហាញពីដែនកំណត់របស់វាដោយខ្លួនឯង?

* សម្តីគំរាមជាឧបករណ៍ មិនមែនសេចក្តីសម្រេចចុងក្រោយ

ការប្រើភាសាគំរាមខ្លាំង មិនមែនជារឿងថ្មីសម្រាប់លោក ដូណាល់ ត្រាំ ឡើយ។ នៅក្នុងកិច្ចសម្ភាសន៍មួយតាមកម្មវិធី « The John Fredericks Show » កាលពីថ្ងៃចន្ទ, លោក ដូណាល់ ត្រាំ បានព្រមានថា «ផលវិបាកនឹងកើតឡើង ប្រសិនបើអ៊ីរ៉ង់ មិនចូលរួមក្នុងតុចរចា» នោះទេ។ លោក ត្រាំ បោះសម្តីថា «ពួកគេនឹងត្រូវចូលចរចា ហើយប្រសិនបើពួកគេមិនធ្វើតាមទេ ពួកគេនឹងឃើញបញ្ហាដូចដែលពួកគេមិនធ្លាប់ឃើញពីមុនមកឡើយ»។ ភាសាគំរាមនេះ វាជាផ្នែកមួយនៃយុទ្ធសាស្ត្រចរចា ដែលមានគោលបំណងបង្កើតសម្ពាធចិត្តសាស្ត្រ ដាក់ទៅលើភាគីប្រឆាំង។ ប៉ុន្តែបើមើលតាមលំដាប់ព្រឹត្តិការណ៍ដែលបានកើតឡើងជាក់ស្តែង គំរូដដែលៗនៃភាសាគំរាមនេះ គ្មានអ្វីថ្មីឡើយ៖ គំរាម ដើម្បីបង្កសម្ពាធ និងដើម្បីពន្យារពេល ហើយបន្តចរចា។

នេះបង្ហាញថា គោលដៅមិនមែនជាការវាយភ្លាមៗទេ ប៉ុន្តែជាការបង្កើតលក្ខខណ្ឌបង្ខំឲ្យមានការចរចាតាមអ្វីដែលសហរដ្ឋអាមេរិកចង់សម្រេច។ ក្នុងន័យនេះ សម្តីគំរាម គ្រាន់តែជាឧបករណ៍មួយប៉ុណ្ណោះ មិនមែនជាចំណុចបញ្ចប់នៃល្បែងនយោបាយ និងយោធានេះឡើយ។ ទន្ទឹមនឹងនេះ ភាគីអ៊ីរ៉ង់ ក៏មិនមែនស្ថិតនៅក្នុងស្ថានភាពរងសម្ពាធតែមួយដែល។ តេហេរ៉ង់កំពុងប្រើប្រាស់ពេលវេលា និងលក្ខខណ្ឌនៃសង្គ្រាមអសមមាត្រ ដើម្បីអូសបន្លាយស្ថានការណ៍ និងបង្កើនថ្លៃដើមចំណាយសម្រាប់សត្រូវក្នុងការធ្វើសង្គ្រាមនៅមជ្ឈិមបូព៌ានេះ។

* ឱសានវាទ ក្លាយជាអាវុធនយោបាយ

ថ្ងៃកំណត់នៃឱសានវាទរយៈពេល១៤ថ្ងៃ តាមគម្រោងដើមគឺត្រូវបញ្ចប់នៅថ្ងៃអង្គារ៍ ប៉ុន្តែប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានសម្រេចពន្យារពេលបន្ថែម២៤ម៉ោងទៀត។ ការប្រែប្រួលនេះ បង្ហាញថា «ឱសានវាទ» មិនមែនជាកំណត់ពេលវេលាធម្មតាទេ។ វាជាឧបករណ៍សម្ពាធនយោបាយ។ លោក ដូណាល់ ត្រាំ បានថ្លែងនៅថ្ងៃចន្ទទៀតថា គេមិនមានជម្រើសផ្សេងអ្វីក្រៅពី «ការវាយប្រហារអ៊ីរ៉ង់» និងបញ្ជាក់ថា លោកនឹងមិនបន្តកិច្ចឈប់បាញ់ទៀតទេ ប្រសិនបើកិច្ចព្រមព្រៀងមិនត្រូវបានសម្រេចនៅមុនពេលកំណត់នោះ។

ក្នុងន័យយុទ្ធសាស្ត្រ ការកំណត់ថ្ងៃមានន័យថា បង្កើតអារម្មណ៍ជ្រួលច្រាលបន្ទាន់ និងដាក់សម្ពាធព្រួយបារម្ភលើភាគីប្រឆាំង។ ខណៈការពន្យារពេលវិញ បង្ហាញពីភាពបត់បែន និងបើកទ្វារសម្រាប់ការចរចា បន្តស្វែងរកចំណុចសម្របសម្រួលណាមួយកុំឱ្យបាក់មុខនយោបាយ ប្រទេសមហាអំណាច។ ការពន្យារពេលពី១៤ថ្ងៃ និងបន្ថែម២៤ម៉ោង បានបង្ហាញយ៉ាងច្បាស់ថា សហរដ្ឋអាមេរិកក៏ត្រូវការពេលវេលា ដើម្បីសម្រេចឲ្យបានកិច្ចព្រមព្រៀងមួយដ៏សមស្របផងដែរ។ ទោះជាយ៉ាងណា កិច្ចព្រមព្រៀងនោះ ត្រូវតែមានលក្ខណៈបង្ហាញពីភាពខ្លាំង និងសមត្ថភាពបង្ខំរបស់អាមេរិកផងដែរ។ វាមិនមែនជាការសម្របសម្រួលដែលអាចបណ្តាលឲ្យបាត់បង់មុខនយោបាយ របស់រដ្ឋាភិបាលវ៉ាស៊ីនតោនឡើយ។

នៅក្នុងបរិបទនេះ ការពន្យារពេលមិនមែនជាសញ្ញានៃភាពខ្សោយទេ ប៉ុន្តែជាយុទ្ធវិធីគ្រប់គ្រងមួយដើម្បីបន្តដាក់សម្ពាធលើភាគីប្រឆាំង ខណៈពេលតែមួយនេះ ក៏អាចរក្សាចន្លោះសម្រាប់ដំណោះស្រាយផ្លូវការទូតផងដែរ។ ជាពិសេសនៅពេលសង្គ្រាមមួយនេះ មិនទទួលបានការគាំទ្រពេញលេញពីសាធារណជនអាមេរិក ដូច្នេះការគ្រប់គ្រង «ពេលវេលា» នឹងក្លាយជាគន្លឹះសំខាន់ ដើម្បីជៀសវាងការបាក់មុខនយោបាយនៅក្នុងស្រុក។

* អ៊ីរ៉ង់ និងការរក្សាមុខជាតិ

រដ្ឋាភិបាលក្រុងតេហេរ៉ង់ បានបដិសេធការចូលរួមចរចា ដោយចាត់ទុកដំណើរការនេះថា ស្ថិតក្រោម «ស្រមោលនៃការគំរាមកំហែង»។ អ៊ីរ៉ង់បានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួននឹងមិនចូលចរចា «ក្រោមសម្ពាធ» ឡើយ។ សម្រាប់តេហេរ៉ង់ ការចូលចរចាក្រោមការគំរាម មិនមែនជាការចរចាទេ ប៉ុន្តែមានន័យស្មើនឹង «ការចុះចាញ់»។ ជាពិសេស នៅពេលដែលសម្ពាធ មិនត្រឹមតែជាសម្តីនយោបាយ ប៉ុន្តែត្រូវបានបញ្ជាក់តាមសកម្មភាពលើដី ដូចជា ការចាប់យកនាវាដឹកទំនិញ និងការបន្តបិទខ្ទប់នៅតំបន់ច្រក Hormuz។

សេចក្តីបដិសេធការចរចានេះទៀត បានកើតឡើងបន្ទាប់ពីកងទ័ពជើងទឹកអាមេរិក បានបាញ់និងចាប់យកនាវាផ្ទុកទំនិញអ៊ីរ៉ង់ Touska នៅដែនសមុទ្រ Oman កាលពីថ្ងៃអាទិត្យ បន្ទាប់ពីនាវានោះព្យាយាមឆ្លងកាត់ការបិទខ្ទប់។ ក្រសួងការបរទេសអ៊ីរ៉ង់ បានថ្កោលទោសសកម្មភាពនេះ ហើយទាមទារឲ្យដោះលែងភ្លាមៗទាំងនាវា និងក្រុមនាវិក។ តេហេរ៉ង់ បានព្រមានថា នឹងធ្វើការសងសឹក និងបានហៅសកម្មភាពនេះថា «គ្រោះថ្នាក់ខ្លាំង» និងជា «អំពើឧក្រិដ្ឋលើសមុទ្រ»។

អ៊ីរ៉ង់នៅបានបញ្ជាក់ដែរថា ខ្លួននឹងប្រើប្រាស់សមត្ថភាពទាំងអស់ ដើម្បីការពារប្រយោជន៍ជាតិ និងសុវត្ថិភាពប្រទេស។ ទន្ទឹមនឹងនេះ ក្រសួងការបរទេសអ៊ីរ៉ង់បានចោទប្រកាន់ថា អាមេរិកកំពុងប្រើ «សកម្មភាពញុះញង់» និងរំលោភបទឈប់បាញ់ជាបន្តបន្ទាប់ ដែលក្លាយជាឧបសគ្គចម្បងចំពោះការបន្តការចរចាផ្លូវការទូត។ នៅលើកម្រិតនយោបាយជាន់ខ្ពស់ ប្រធានសភាអ៊ីរ៉ង់ Mohammad Bagher Ghalibaf បានចោទប្រកាន់ថា លោក Donald Trump កំពុងព្យាយាមប្រែក្លាយតុចរចា «ទៅជាតុចុះចាញ់» ឬជាវិធីមួយដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការធ្វើសង្គ្រាមឡើងវិញ។

* ចំណុចជាប់គាំង និង បន្ទាត់ក្រហម

ភាពចម្រូងចម្រាស់ដែលកំពុងបន្ត មិនមែនកើតឡើងពីសម្តីគំរាមតែមួយទេ ប៉ុន្តែបណ្តាលមកពីការមិនស្របគ្នាលើចំណុចស្នូល ដែលភាគីទាំងពីរមិនអាចថយក្រោយបាន។
សម្រាប់សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់ Donald Trump «បន្ទាត់ក្រហម» ត្រូវបានគូសកំណត់យ៉ាងច្បាស់សម្រាប់ការដោះស្រាយជម្លោះក្នុងសង្គ្រាមនេះ ដោយតម្រូវឲ្យអ៊ីរ៉ង់ ផ្អាកការចម្រាញ់បន្ថែមសារធាតុអ៊ុយរ៉ានីញ៉ូម (uranium enrichment) និងត្រូវប្រគល់ស្តុកអ៊ុយរ៉ាញ៉ូមដែលជិតដល់កម្រិតផលិតអាវុធនុយក្លេអ៊ែរ។ ចំណែកពីភាគីអ៊ីរ៉ង់វិញក៏មានលក្ខខណ្ឌមូលដ្ឋាន ដែលមិនអាចបោះបង់បានដូចគ្នាគឺ រក្សាអធិបតេយ្យភាព និងការគ្រប់គ្រងលើតំបន់យុទ្ធសាស្ត្រ ដូចជាច្រក Hormuz និងទាមទារឲ្យសហរដ្ឋអាមេរិក ត្រូវលុបបំបាត់ទណ្ឌកម្មសេដ្ឋកិច្ចពីអ៊ីរ៉ង់។ លើសពីនេះសំណើរចរចាដែលបានដាក់មកមុននេះ មានភាពខុសគ្នាយ៉ាងខ្លាំង និងមិនទាន់ឈានដល់ចំណុចរួមណាមួយអាចដោះស្រាយបានឡើយដោយ ភាគីអាមេរិក ស្នើឲ្យផ្អាកការចម្រាញ់បន្ថែមអ៊ុយរ៉ាញ៉ូមរយៈពេល២០ឆ្នាំ ចំណែកអ៊ីរ៉ង់វិញ ស្នើផ្អាកត្រឹមតែ៥ឆ្នាំ ពេលនេះមានសំណើសម្របសម្រួលមួយ គឺផ្អាករយៈពេល១០ឆ្នាំ និងបន្ទាប់មកអនុញ្ញាតឲ្យបន្តបន្ថែមក្នុងកម្រិតទាបជាងកម្រិតផលិតអាវុធ។

ក្នុងពេលដូចគ្នា រដ្ឋាភិបាលអាមេរិកក៏កំពុងពិចារណាវិធានការលើកលែងមួយចំនួន ដូចជាការលែងបង្កកទ្រព្យសម្បត្តិអ៊ីរ៉ង់តម្លៃប្រមាណ ២០ពាន់លានដុល្លារ ដើម្បីជាការផ្លាស់ប្ដូរ ជាមួយការប្រគល់ស្តុកអ៊ុយរ៉ានីញ៉ូម។ ប៉ុន្តែទោះមានសំណើជាច្រើនក៏ដោយ បញ្ហាស្នូលនៅតែមិនបានដោះស្រាយ។ នេះមិនមែនជាការខ្វះសម្ពាធទេ ប៉ុន្តែជាការប៉ះទង្គិចលើគោលការណ៍មូលដ្ឋាន។ ចំណុចជាប់គាំងនោះគឺសម្រាប់អាមេរិក គឺការរារាំងមិនឱ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរ ប៉ុន្តែសម្រាប់អ៊ីរ៉ង់វិញ កម្មវិធីនុយក្លេអ៊ែ័រ ត្រូវបានចាត់ទុកថាជាផ្នែកមួយនៃការរក្សាអធិបតេយ្យភាព និងសេដ្ឋកិច្ចជាតិ។

ដូច្នេះចំណុចជាប់គាំងនេះ គឺជាការប៉ះទង្គិចជាប្រព័ន្ធដែលមិនអាចដោះស្រាយដោយសម្ពាធ ឬសម្តីគំរាមតែមួយបានឡើយ ប៉ុន្តែត្រូវការការសម្របសម្រួលយ៉ាងជ្រាលជ្រៅលើ «បន្ទាត់ក្រហម» របស់ភាគីទាំងពីរ។

* សេចក្តីសន្និដ្ឋា៖ អាមេរិកអាចបង្ខំចូលតុ ប៉ុន្តែមិនអាចបង្ខំឲ្យមានលទ្ធផល

នៅចុងក្រោយសំណួរមួយបានលេចឡើយ តើត្រាំអាចបង្ខំឱ្យអ៊ីរ៉ង់ ចូលតុចរចាក្នុងពេលនេះបានដែរឬទេ? ចម្លើយគឺអាច ប៉ុន្តែក្នុងកម្រិតមួយប៉ុណ្ណោះ។ ដូច្នេះសំណួរពិតក្នុងពេលនេះគឺថា៖ តើសម្ពាធអាមេរិក អាចបង្ខំឲ្យអ៊ីរ៉ង់យល់ព្រមលើលក្ខខណ្ឌសំខាន់ៗ ដោយមិនបាត់បង់មុខជាតិ បានដែរឬទេ?

ក្នុងបរិបទបច្ចុប្បន្ន សញ្ញាដែលលេចឡើងមកនេះ មិនមែនជាការឈ្នះដោយការដាក់សម្ពាធទេ ប៉ុន្តែជាសញ្ញាថា វាកំពុងឈានដល់ដែនកំណត់របស់វា។ សង្គ្រាមនេះមិនស្ថិតនៅចំណុច «វាយ ឬ មិនវាយ» ទេ។ វាស្ថិតនៅក្នុងចំណុចដែលស្មុគស្មាញជាងនេះគឺថាតើនរណាអាចបង្ខំម្ខាងទៀតចូលតុចរចា ដោយមិនបង្ខំឲ្យគេចុះចាញ់? បើអាមេរិកប្រើតុចរចា ដើម្បីបង្ខំឱ្យអ៊ីរ៉ង់ ចុះចាញ់សង្គ្រាមនឹងមិនបញ្ចប់ឡើយ៕