FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អនុប្រធានទី១ព្រឹទ្ធសភាកម្ពុជា អំពាវនាវអន្តរជាតិ គាំទ្រការអនុវត្តច្បាប់អន្តរជាតិដោយសង្គតិភាព ជា «អាជ្ញាកណ្តាលមិនលម្អៀង និងមិនប្រកាន់ប្រទេសធំឬតូចឡើយ»

19-04-2026 15:21

(អ៊ីស្តង់ប៊ុល)៖ ថ្លែងក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាត លើកទី១៥២ របស់សហភាពអន្តរសភា (IPU) ជាទីដែលអ្នកតាក់តែងច្បាប់មកពីជុំវិញពិភពលោកជួបជុំគ្នា លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ នៃព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានគណៈប្រតិភូសភា បានអំពាវនាវយ៉ាងខ្លាំងក្លាដល់សហគមន៍សកល ឱ្យបំប្លែងឧត្តមគតិអរូបិយ ទៅជាសកម្មភាពជាក់ស្តែងដែលចាំបាច់ ដើម្បីការពារសណ្តាប់ធ្នាប់អន្តរជាតិ និងជំរុញឱ្យមានការគាំទ្រដល់ការអនុវត្តច្បាប់អន្តរជាតិប្រកបដោយសង្គតិភាព ជា «អាជ្ញាកណ្តាលមិនលម្អៀង ក្នុងការការពារសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់គ្រប់ប្រជាជាតិទាំងអស់ ដោយមិនប្រកាន់ប្រទេសធំឬតូចឡើយ»

កិច្ចពិភាក្សាទូទៅនៃមហាសន្និបាត លើកទី១៥២ ដែលរៀបចំឡើង ក្រោមប្រធានបទ «ការពូនជ្រុំក្តីសង្ឃឹម និងការធានាយុត្តិធម៌សម្រាប់អ្នកជំនាន់ក្រោយ» កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុង អ៊ីស្តង់ប៊ុល លោកបានលើកឡើងថា ប្រធានបទនេះមិនមែនត្រឹមតែជាបំណងប្រាថ្នាប៉ុណ្ណោះទេ ប៉ុន្តែគឺជាកាតព្វកិច្ចសីលធម៌ នៅក្នុងពិភពលោកដែលកំពុងមានការបែកបាក់កាន់តែខ្លាំង។

ដកស្រង់ចេញពីដំណើរប្រវត្តិសាស្ត្ររបស់កម្ពុជាចេញពីជម្លោះឈានទៅរកការរស់ឡើងវិញរបស់ប្រទេសជាតិ អនុប្រធានទី១ នៃព្រឹទ្ធសភានៃកម្ពុជា បានសង្កត់ធ្ងន់ថា សន្តិភាព យូរអង្វែងមិនមែនជាទស្សនទានទ្រឹស្តីនោះទេ ប៉ុន្តែវាគឺជាសមិទ្ធផលដែលសម្រេចបានដោយពិបាក ដែលទាមទារឱ្យមានការប្តេជ្ញាចិត្តឥតងាករេ ចំពោះសច្ចភាព យុត្តិធម៌ និងនីតិរដ្ឋមិនលម្អៀង។

លោកបានកត់សម្គាល់ថា «សេចក្តីសង្ឃឹមនឹងនៅតែជាការបោកបន្លំ ប្រសិនបើសេចក្តីសង្ឃឹមមិនត្រូវបានផ្អែកលើ ការទទួលខុសត្រូវ និងការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនចំពោះភាពត្រឹមត្រូវនៃប្រវត្តិសាស្ត្រទេនោះ»

អនុប្រធានទី១ នៃព្រឹទ្ធសភានៃកម្ពុជា បានគូសបញ្ជាក់ដល់អង្គសន្និបាតអំពីគ្រោះថ្នាក់នៃការកែប្រែប្រវត្តិសាស្ត្រ ដោយបញ្ជាក់ ថា «ការពិតមិនអាចសម្រេចបាននោះទេ នៅពេលដែលប្រវត្តិសាស្ត្រត្រូវបានគេបំភ្លៃដោយចេតនាទៅជា ការភូតកុហក ដើម្បីបម្រើផលប្រយោជន៍នយោបាយចង្អៀតចង្អល់»
ការបំភ្លៃទាំងនេះ លោកបានកត់ សម្គាល់ថា វាអាចប្រឈមនឹងការបណ្តុះគ្រាប់ពូជនៃមន្ទិលសង្ស័យ កំហឹងស្អប់ខ្ពើម និងជម្លោះក្នុងចំណោម ប្រជាជាតិទាំងឡាយ ដែលវាសនាតម្រូវឱ្យរស់នៅក្បែរគ្នា។

ចំណុចសំខាន់មួយនៃបទអន្តរាគមន៍ បានផ្តោតលើការអនុវត្តយុត្តិធម៌ដោយមិនលម្អៀង។ ប្រធានគណៈប្រតិភូបានលើកឡើងថា មូលដ្ឋានគ្រឹះនៃស្ថិរភាពសកលនឹងត្រូវរង្គោះរង្គើ នៅពេល ដែលនីតិរដ្ឋត្រូវបានយកមកប្រើប្រាស់ដោយជ្រើសរើស ឬត្រូវបានបោះបង់ចោលដើម្បីតែផលប្រយោជន៍ ផ្ទាល់ខ្លួន មិនថាក្នុងក្របខណ្ឌជាតិ ឬក្នុងទំនាក់ទំនងអន្តរជាតិក៏ដោយ។

លោកបានអំពាវនាវឱ្យមានការគាំទ្រដល់ការអនុវត្តច្បាប់អន្តរជាតិប្រកបដោយសង្គតិភាព ជា «អាជ្ញាកណ្តាលមិនលម្អៀង ដែលការពារសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់គ្រប់ប្រជាជាតិទាំងអស់ ដោយមិនប្រកាន់ប្រទេសធំឬតូចឡើយ»

លោកបានកត់សម្គាល់ថា ការប្តេជ្ញាចិត្តចំពោះសង្គតិភាពនេះ ត្រូវតែគ្រប់ដណ្តប់ដល់ការអនុវត្តយ៉ាង មត់ចត់នូវកិច្ចព្រមព្រៀងទ្វេភាគី និងអន្តរជាតិ ជាពិសេសពាក់ព័ន្ធនឹងសន្ធិសញ្ញា និងការរៀបចំខ្សែបន្ទាត់ ព្រំដែន។

អនុប្រធានទី១ នៃព្រឹទ្ធសភានៃកម្ពុជា បានលើកឡើងបន្ថែមអំពីភាពផុយស្រួយនៃដំណើរការសន្តិភាព ដោយសង្កត់ធ្ងន់ថា បទឈប់បាញ់ត្រូវតែចាត់ទុកថាជាការសន្យាសន្តិភាពដ៏មានអត្ថន័យ ជាជាងត្រឹមតែ ជាការផ្អាកប្រយុទ្ធមួយគ្រា ដើម្បីកែសម្រួលយុទ្ធសាស្ត្រ។

ទន្ទឹមគ្នានេះ បានសម្តែងការព្រួយបារម្ភចំពោះ សកម្មភាពជាក់ស្តែងនៅទីលានជាក់ស្តែង ដែលខុសផ្ទុយពីការយោគយល់គ្នាដែលសម្រេចបានតាមការសន្ទនា ដែលសកម្មភាពទាំងនោះ «នឹងធ្វើឱ្យចុះខ្សោយនូវទំនុកចិត្តដោយជៀសមិនរួច»។ បន្ថែមពីនេះលោកបាន ជំរុញឱ្យមានការប្រុងប្រយ័ត្ន និងការអត់ធ្មត់ជាអតិបរមា នៅក្នុងតំបន់ដែលងាយរងគ្រោះ បន្ទាប់ពីមាន ការរៀបចំកិច្ចព្រមព្រៀងបែបនេះ ដើម្បីចៀសវាងការធ្វើឱ្យប៉ះពាល់ដល់មាគ៌ាឆ្ពោះទៅរកការដោះស្រាយ ដែលភាគីទាំងសងខាងអាចទទួលយកបាន។

លើសពីក្របខ័ណ្ឌច្បាប់ និងការទូត សុន្ទរកថាក៏បានលើកឡើងអំពីការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ មនុស្សជាតិ និងវប្បធម៌ដែលបណ្តាលមកពីជម្លោះ។ លោកបានរំឭកដល់ប្រតិភូទាំងឡាយថា ជម្លោះ បង្កការប៉ះទង្គិចខ្លាំងបំផុតដល់សហគមន៍ ប៉ះពាល់ដល់ជីវិត និងផ្ទះសម្បែងដែលរងការខូចខាត បង្កើតឱ្យ មានតថភាពដ៏ជូរចត់ បំផ្លាញដល់លទ្ធភាពនៃ ការផ្សះផ្សាគ្នា។

លោកបានសង្កត់ធ្ងន់បន្ថែមទៀតថា «ការបំផ្លិចបំផ្លាញបេតិកភណ្ឌវប្បធម៌ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់ការទទួលខុសត្រូវរួមរបស់យើង ក្នុង ការការពារកេរដំណែលនៃមនុស្សជាតិ ដែលជាសម្បត្តិទ្រព្យមានតម្លៃជាសកល និងមានវិសាលភាពហួស់ពី ព្រំដែនជាតិ»

ប្រធានគណៈប្រតិភូបានអំពាវនាវឱ្យមានសកម្មភាពសម្រាប់ សហគមន៍អន្តរជាតិ ក្នុងការរួបរួមប្រមូលផ្តុំ «កម្លាំងបញ្ញា និងសេចក្តីក្លាហាន» ដ៏ចាំបាច់ ដើម្បីដោះស្រាយ ឫសគល់នៃជម្លោះ។ លោកបានអះអាងថា បេសកកម្មសម្រាប់សភាសម័យទំនើប គឺត្រូវធានាថា ការសន្យាសន្តិភាពនឹងក្លាយជា តថភាពជាក់ស្តែង សម្រាប់អ្នកជំនាន់ក្រោយ។ តាមរយៈការគោរពតាម ការប្តេជ្ញាចិត្ត និងការប្រកាន់ខ្ជាប់នូវគោលការណ៍ចងភ្ជាប់គ្នា សហគមន៍សកលលោកនឹងអាចបំពេញ កាតព្វកិច្ចរបស់ខ្លួនចំពោះអ្នកដែលនឹងត្រូវរស់នៅបន្តក្នុងពិភពលោកនេះ ដោយប្រែក្លាយចក្ខុវិស័យ នៃយុត្តិធម៌ពីការយល់សប្តិ ឱ្យទៅជាកេរដំណែលពិតជាក់ស្តែង។