កម្លាំងអាវុធហត្ថខេត្តសៀមរាប ចូលរួមការពារសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរក្នុងព្រឹត្តិការណ៍ «សៀមរាបសង្ក្រាន្ត»
18-04-2026 15:28
(សៀមរាប)៖ សកម្មភាពក្នុងរយៈពេល៤ថ្ងៃ បងប្អូនភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ប្រហែលជាង ១ម៉ឺននាក់ ដែលបានមកចូលរួមលេងកម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថ ក្នុងព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត។
ក្រៅពីការងារធានាសន្តិសុខ និងរក្សាសណ្តាប់ធ្នាប់ ក្នុងព្រឹតិ្តការណ៍សៀមរាបសង្ក្រាន្ត ចាប់ពីថ្ងៃទី១៣ ដល់ទី១៦ ខែមេសា ឆ្នាំ២០២៦ កងរាជអាវុធហត្ថខេត្តសៀមរាប ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានរៀបចំស្តង់ ដើមី្បបង្កបរិយាកាសឱ្យមានភាពសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប។
ជាលើកទី២ហើយ ដែលបានរៀបចំឱ្យមានកម្មវិធី សប្បាយៗនេះឡើង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មានដូចជា៖ ដាក់ឱ្យឆ្លើយសំណួរ លេងកីឡា និងល្បែងប្រជាប្រិយ ដើមី្បឈ្នះរង្វាន់ពីកងរាជអាវុធហត្ថ ព្រមទាំងការស្លៀកពាក់ឯកសណ្ឋាន ដោយមានការចូលរួមពីភ្ញៀវជាតិ-អន្តរជាតិ ប្រហែលប្រមាណជាង ១មុឺននាក់(១០,០០០នាក់)។ រាល់សកម្មភាពទាំងនេះ គឺដើម្បីធ្វើឱ្យមានចំណងមិត្តភាពប្រជាពលរដ្ឋ និងកងរាជអាវុធហត្ថឱ្យកាន់តែជិតស្និទ្ធ នឹងភាពសិទ្ធស្នាលបំផុត។ ក្នុងនោះដែរក៏បានធ្វើការផ្សព្វផ្សាយនូវលេខអន្តរាគមន៍បន្ទាន់ (Hotline)1296 របស់កងរាជអាវុធហត្ថខេត្តសៀមរាបផងដែរ៕

































