FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញ នៅថ្ងៃទី៤ មានភ្ញៀវជាតិ និងអន្តរជាតិ កម្សាន្ដសប្បាយជាង១លាន៣សែននាក់ (Video inside)

18-04-2026 13:08

(ភ្នំពេញ)៖ នៅថ្ងៃទី៤ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ នៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦ បានបញ្ចប់ទៅ ក៏នៅមានភ្ញៀវជាតិ និងអន្តរជាតិ ចូលរួមអបអរសាទរ ជាង១លាន៣សែននាក់ ប្រកបដោយភាពសប្បាយរីករាយ និងសាមគ្គីភាព ក្រោមម្លប់សន្តិភាព។

នេះបើតាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយិការរងនិងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥៦។ លោកស្រីបានឱ្យដឹងទៀតថា ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញ នាថ្ងៃទី៤ មានភ្ញៀវជាតិ និងអន្តរជាតិ រួមជាមួយប្រជាពលរដ្ឋមកពីគ្រប់ទិសទីយ៉ាងច្រើនកុៈករ បានមកចូលរួមអបអរសាទរ សរុបចំនួន ១លាន៣សែននាក់ ក្នុងនោះប្រជាពលរដ្ឋមកដើរលេងកម្សាន្ត ចំនួន ១, ៣៧៤, ៧២០នាក់ និងភ្ញៀវទេសចរបរទេស មានចំនួន ៩, ៧៩១នាក់។

លោកស្រីអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា៖ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦ និងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» កន្លងមកនេះ នៅទូទាំងរាជធានីភ្នំពេញ មានភ្ញៀវជាតិ និងអន្តរជាតិ មកដើរលេងកម្សាន្ត មានចំនួនរហូតដល់ជាង៤លាន៣សែននាក់ ពោរពេញដោយភាពសប្បាយរីករាយ និងសាមគ្គីភាព ក្រោមម្លប់សន្តិភាពប្រកបដោយសុខសុវត្ថិភាព។

ក្នុងនោះ សម្រាប់ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី មានបងប្អូនប្រជាពលរដ្ឋ មកពីគ្រប់ទិសទី បានមកដើរលេងកម្សាន្ត មានចំនួន៩៨៣,០៨០នាក់ ក្នុងនោះភ្ញៀវទេសចរបរទេស ចំនួន៧,០៦៨នាក់ នៅថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី មានបងប្អូនប្រជាពលរដ្ឋ មកពីគ្រប់ទិសទី បានមកដើរលេងកម្សាន្ត ១,៥៦៥,៣៦៧នាក់ ក្នុងនោះភ្ញៀវទេសចរបរទេស ចំនួន១៧,៩៤០នាក់ និងសម្រាប់ថ្ងៃទី៣មានចំនួន ១,៨២៧,៩៩០នាក់។

បន្ថែមលើនេះ ទាក់ទិននឹងសុខសុវត្ថិភាព ក្នុងអំឡុងពេលអបអរសាទរឆ្នាំថ្មីនេះ ក៏មានភាពល្អប្រសើរ ប្រជាពលរដ្ឋដើរលេងកម្សាន្តដោយភាពសប្បាយរីករាយ ក្រោមម្លប់សន្តិភាព និងប្រកបដោយសុខសុវត្ថិភាព ពោលគឺពុំមានហេតុការណាមួយ បង្កជាគ្រោះថ្នាក់ធំដុំឡើយ។

សូមបញ្ជាក់ថា ឆ្នាំនេះព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ត្រូវបានរៀបចំឡើង រយៈពេល៦ថ្ងៃ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងរដ្ឋបាលរាជធានីភ្នំពេញ ដែលគិតមកដល់ថ្ងៃនេះ បានឈានដល់ថ្ងៃទី០៥ហើយ នៅសល់តែថ្ងៃសៅរ៌នេះនិងថ្ងៃអាទិត្យស្អែកប៉ុណ្ណោះ។ ដូច្នេះសូមប្រជាពលរដ្ឋបន្តមកលេងកម្សាន្ដឱ្យបានច្រើនកុះករបន្ថែមទៀត៕