FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជា-ជប៉ុន ពិភាក្សាអំពីសក្តានុពលនៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេស

18-04-2026 10:11

(ភ្នំពេញ)៖ លោក ជុំ សុន្ទរី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ បានជួបពិភាក្សាការងារប្រកបដោយផ្លែផ្កាជាមួយ លោកបណ្ឌិត កូបាយ៉ាស៊ី សូអ៊ីឈី ប្រធានវិទ្យាស្ថានអភិវឌ្ឍន៍ជប៉ុន (JDI) ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ដែលកំពុងដំណើរការ និងស្វែងយល់ពីកាលានុវត្តភាពនាពេលអនាគត ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជាបន្ថែមទៀត។

នៅក្នុងជំនួបនេះ ភាគីទាំងពីរ បានទទួលស្គាល់តួនាទីដ៏សំខាន់នៃតំបន់សេដ្ឋកិច្ចពិសេស ក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ការសម្រួលដល់ការធ្វើពិពិធកម្មឧស្សាហកម្ម និងការបង្កើតការងារ។ នៅក្នុងបរិបទនេះ ភាគីទាំងពីរបានពិភាក្សាអំពី សក្តានុពលនៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេសជប៉ុន-កម្ពុជា ដែលត្រូវបានរំពឹងថា នឹងលើកទឹកចិត្តបន្ថែមទៀតដល់ ការវិនិយោគរបស់ជប៉ុននៅក្នុងវិស័យអាទិភាពនៅក្នុងប្រទេសកម្ពុជា។

ក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរាជទូត បានសម្តែងការកោតសរសើរចំពោះ លោកបណ្ឌិត កូបាយ៉ាស៊ី ចំពោះការធ្វើបទបង្ហាញដ៏ទូលំទូលាយ និងព័ត៌មានអំពីវឌ្ឍនភាព នៃគម្រោងប្រកបដោយសក្តានុពលនានា នៅក្នុងប្រទេសកម្ពុជា។ លោក ក៏បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះការចូលរួមជាបន្តបន្ទាប់ និងការរួមចំណែកដ៏មានតម្លៃរបស់វិទ្យាស្ថាន JDI ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ជាពិសេសការជំរុញបង្កើតតំបន់សេដ្ឋកិច្ច ពិសេស (SEZs) គំនិតផ្តួចផ្តើមបង្កើតតំបន់ Agro-SEZ នៅខេត្តបាត់ដំបង និងគម្រោងទាក់ទងនឹងថាមពល។ លោកឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមដែលបានបង្ហាញដោយ លោកបណ្ឌិត កូបាយ៉ាស៊ី ក្នុងការគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា។

លោកឯកអគ្គរាជទូត បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយវិទ្យាស្ថាន JDI ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លើកកម្ពស់ការវិនិយោគ និងគាំទ្រដល់ការផ្លាស់ប្តូរសេដ្ឋកិច្ចរយៈពេលវែង របស់ប្រទេសកម្ពុជា។

កិច្ចប្រជុំបានបញ្ចប់ទៅ ដោយភាគីទាំងពីរ បានសម្តែងទំនុកចិត្តគ្នាក្នុងការពង្រឹងភាពជាដៃគូបន្ថែមទៀត និងសម្រេចបាននូវលទ្ធផលដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេសកម្ពុជា និងជប៉ុន៕