លោក អ៊ុច បូររិទ្ធ៖ សន្តិភាពយូរអង្វែងអាចរីកចម្រើនទៅបាន លុះត្រាតែមានការប្តេជ្ញាចិត្តឥតងាករេចំពោះសច្ចធម៌ យុត្តិធម៌ និងនីតិរដ្ឋមិនលម្អៀង
18-04-2026 09:16
(អ៉ីស្តង់ប៊ុល)៖ លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា សន្តិភាពយូរអង្វែងអាចរីកចម្រើនទៅបាន លុះត្រាតែមានការប្តេជ្ញាចិត្តឥតងាករេចំពោះសច្ចធម៌ យុត្តិធម៌ និងនីតិរដ្ឋមិនលម្អៀង។
អនុប្រធានទី១ ព្រឹទ្ធសភាកម្ពុជា បានលើកឡើងបែបនេះ អំឡុងកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតលើកទី១៥២ របស់សហភាពអន្តរសភា (IPU) ក្រោមមូលបទ៖ «ការពូនជ្រុំក្ដីសង្ឃឹម ការថែរក្សាសន្តិភាព និងធានាយុត្តិធម៌សម្រាប់អ្នកជំនាន់ក្រោយ» នៅទីក្រុងអ៉ីស្តង់ប៊ុល ប្រទេសតួគីយេ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦។
ក្នុងបរិបទសកលលោកដែលពោរពេញទៅដោយការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ប្រកបដោយសភាពខុសប្លែកៗគ្នា និងកាន់តែមានគ្រោះថ្នាក់ ប្រធានបទខាងលើ មិនត្រឹមតែមានភាពសមស្របតាមកាលៈទេសៈប៉ុណ្ណោះទេ តែជាការរំលឹកអំពីទំនួលខុសត្រូវក្នុងការលើកកម្ពស់សច្ចធម៌ ការពារសន្តិភាព និងការពារនីតិរដ្ឋ នៅពេលដែលគុណតម្លៃអស់ទាំងនេះកំពុងប្រឈមនឹងហានិភ័យបំផុត។
លោក អ៊ុច បូររិទ្ធ បានលើកឡើងថា សម្រាប់កម្ពុជា សេចក្តីប្រាថ្នាទាំងនេះមិនមែនត្រឹមតែជាទស្សនទានអរូបិយប៉ុណ្ណោះទេ ប៉ុន្តែគឺជាមេរៀនដែលទទួលបានដោយលំបាក និងត្រូវបានបណ្តុះចេញពីក្នុងភ្នក់ភ្លើងជម្លោះ សោកនាដកម្ម និងការរស់ឡើងវិញរបស់ប្រទេសជាតិ។ តាមរយៈបទពិសោធន៍ទាំងនេះ លោកមានជំនឿយ៉ាងមុតមាំថា «សន្តិភាពយូរអង្វែងអាចរីកចម្រើនទៅបាន លុះត្រាតែមានការប្តេជ្ញាចិត្តឥតងាករេចំពោះសច្ចធម៌ យុត្តិធម៌ និងនីតិរដ្ឋមិនលម្អៀង»។
អនុប្រធានទី១ ព្រឹទ្ធសភាកម្ពុជា បានរំលឹកអំពីមេរៀនប្រវត្តិសាស្ត្រ និងបទពិសោធន៍ដែលទទួលបានតាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងក្រៅតំបន់ បានបញ្ជាក់យ៉ាងច្បាស់នូវសច្ចភាពដ៏សំខាន់គឺ៖ «សេចក្តីសង្ឃឹម» ដែលខ្វះការទទួលខុសត្រូវ គ្រាន់តែជាការបោកបន្លំ និងជាសុបិនដែលត្រូវរលាយសាបសូន្យ នៅពេលត្រូវប្រឈមនឹងការពិត។
លោកថា «សេចក្តីសង្ឃឹម» អាចស្ថិតស្ថេរទៅបាន លុះត្រាតែ «ការពិត» ត្រូវបានប្រកាន់យ៉ាងខ្ជាប់ខ្ជួន ហើយ «ការពិត» មិនអាចសម្រេចបាននោះទេ ប្រសិនបើប្រវត្តិសាស្ត្រត្រូវបានបំភ្លៃដោយចេតនា ទៅជាការភូតកុហក ដើម្បីបម្រើផលប្រយោជន៍នយោបាយចង្អៀតចង្អល់ ដែលបង្កជាការសាបព្រោះគ្រាប់ពូជកំហឹងនិងជម្លោះរវាងប្រជាជាតិ ដែលវាសនាតម្រូវឱ្យរស់នៅក្បែរគ្នា។ ដូចគ្នាដែរ មូលដ្ឋានគ្រឹះនៃ «យុត្តិធម៌» មិនអាចស្ថិតស្ថេរបានឡើយ នៅពេលដែលនីតិរដ្ឋត្រូវបានប្រើប្រាស់ដោយជ្រើសរើស ឬត្រូវបានបោះបង់ចោលដើម្បីផលប្រយោជន៍ផ្ទាល់ មិនថាក្នុងក្របខ័ណ្ឌជាតិ ឬក្នុងទំនាក់ទំនងរវាងរដ្ឋអធិបតេយ្យ។ ការអនុវត្តបែបនេះនឹងធ្វើឱ្យបាត់បង់ទំនុកចិត្តចំពោះគ្នាទៅវិញទៅមក ដែលជាមូលដ្ឋានគ្រឹះនៃសន្តិភាពយូរអង្វែង។ យើងត្រូវបេ្ដជ្ញាចិត្តដោយឥតងាករេក្នុងការអនុវត្តច្បាប់អន្តរជាតិប្រកបដោយសង្គតិភាព ដោយគ្មានការភ័យខ្លាច ឬការយោគយល់។ ច្បាប់អន្តរជាតិគឺជាអាជ្ញាកណ្តាលមិនលម្អៀងដែលការពារសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់គ្រប់ប្រជាជាតិទាំងអស់ ដោយមិនប្រកាន់ប្រទេសធំឬតូច នោះឡើយ។
លោកបានបន្ថែមថា ការប្តេជ្ញាចិត្តចំពោះសង្គតិភាពនេះ ក៏ត្រូវតែគ្រប់គ្រងលើការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគី និងអន្តរជាតិផងដែរ។ ជាការពិតណាស់ ស្ថិរភាពក្នុងតំបន់គឺអាស្រ័យទៅលើការគោរពឥតងាករេចំពោះសន្ធិសញ្ញា និងការរៀបចំព្រំដែននានា ដែលបានបង្កើតឡើងរួចហើយ។ សន្តិភាពមិនអាចរក្សាបានឡើយ នៅពេលដែលក្របខ័ណ្ឌទាំងនេះ ត្រូវបានបកស្រាយខុសៗគ្នា ឬអនុវត្តដោយគ្មានសង្គតិភាព។ ស្រដៀងគ្នានេះដែរ បទឈប់បាញ់ត្រូវតែបានគោរពឱ្យបានទាំងខ្លឹមសារ និងស្មារតី ដែលជាការសន្យាដ៏មានអត្ថន័យចំពោះសន្តិភាព ជាជាងគ្រាន់តែជាការផ្អាកប្រយុទ្ធមួយគ្រា ដើម្បីកែសម្រួលយុទ្ធសាស្ត្រ។
លោកបញ្ជាក់បន្ថែមថា កាលណាសកម្មភាពនៅលើទីលានជាក់ស្តែង មានភាពផ្ទុយគ្នាពីការយល់យោគគ្នាដែលសម្រេចបានតាមរយៈការសន្ទនា វានឹងធ្វើឱ្យចុះខ្សោយនូវទំនុកចិត្ត ដោយជៀសមិនរួច។ នៅក្នុងបរិបទនេះ សកម្មភាពនៅក្នុងតំបន់ដែលងាយរងគ្រោះ ត្រូវតែអនុវត្តដោយការប្រុងប្រយ័ត្ន និងការអត់ធ្មត់ខ្ពស់បំផុត បន្ទាប់ពីមានកិច្ចព្រមព្រៀងឈប់បាញ់ ដើម្បីកុំឱ្យប៉ះពាល់ដល់មាគ៌ាឆ្ពោះទៅរកការដោះស្រាយដែលភាគីទាំងសងខាងអាចទទួលយកបាន។ លើសពីបច្ចេកទេសច្បាប់ និងការទូត យើងត្រូវតែនឹកឃើញដល់ការលំបាកវេទនារបស់ប្រជាជន និងការបាត់បង់តម្លៃវប្បធម៌ ដែលបណ្តាលមកពីជម្លោះនោះផងដែរ។ ផលវិបាកទាំងនេះ ប៉ះពាល់ខ្លាំងបំផុតទៅលើប្រជាសហគមន៍ដែលយើងកំពុងបម្រើ។ សម្រាប់ប្រជាជនដែលផ្ទះសម្បែងរងការខូចខាត និងជីវិតត្រូវបានរងទុក្ខរង្គោះរង្គើដោយសារជម្លោះ បញ្ហាទាំងនេះមិនមែនជាក្តីបារម្ភបែបអរូបិយនោះទេ ប៉ុន្តែវាគឺជាការពិតដ៏ជូរចត់ ដែលកំពុងតែបំផ្លាញរាល់លទ្ធភាពនៃ «ការផ្សះផ្សារគ្នា»។ លើសពីនេះ ការបំផ្លិចបំផ្លាញបេតិកភណ្ឌវប្បធម៌ គឺជាការប្រមាថដល់ការទទួលខុសត្រូវរួមរបស់យើងក្នុងការថែរក្សាកេរដំណែលរបស់មនុស្សជាតិ ដែលជាទ្រព្យសម្បត្តិមានតម្លៃជាសកលមិនអាចកាត់ថ្លៃបាន និងហួសពីព្រំដែននៃប្រទេសនីមួយៗ។
លោកបានបន្តទៀតថា ផ្លូវខាងមុខពិតជាមានភាពលំបាកខ្លាំង ប៉ុន្តែបេសកកម្មរបស់យើងគឺច្បាស់លាស់ណាស់។ ប្រសិន បើយើងចង់បន្សល់ទុកនូវពិភពលោកមួយដែលពោរពេញដោយក្តីសង្ឃឹម និងយុត្តិធម៌សម្រាប់ជំនាន់ក្រោយ យើងត្រូវតែធ្វើសកម្មភាពដោយភាពម៉ឺងម៉ាត់ និងការប្តេជ្ញាចិត្តខ្ពស់បំផុត។ យើងទាំងអស់គ្នាត្រូវរួបរួមកម្លាំងបញ្ញា និងភាពក្លាហាន ដើម្បីដោះស្រាយឫសគល់នៃជម្លោះ គោរពតាមការប្តេជ្ញាចិត្ត និងប្រកាន់ខ្ជាប់នូវគោលការណ៍ទាំងឡាយ ដែលចងភ្ជាប់យើងក្នុងនាមជាសហគមន៍អន្តរជាតិ។ មានតែការធ្វើបែបនេះប៉ុណ្ណោះ ទើបយើងអាចបំពេញកាតព្វកិច្ចចំពោះអ្នកជំនាន់ក្រោយដើម្បីឱ្យពួកគេរស់នៅក្នុងពិភពលោកដែលយើងបន្សល់ទុកឱ្យ គឺពិភពលោកមួយដែលសន្តិភាព មិនមែនគ្រាន់តែជាការយល់សប្តិ ប៉ុន្តែជាសន្តិភាពពិតប្រាកដដែលយើងទាំងអស់គ្នាអាចរស់នៅបានយ៉ាងសុខសាន្ត៕







