ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចុះត្រួតពិនិត្យ និងលើកទឹកចិត្តកម្លាំងក្រោមឱវាទ ដែលកំពុងមមាញឹកបំពេញបេសកកម្មការពារសុវត្ថិភាព ក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» រាជធានីភ្នំពេញ!
18-04-2026 00:52
(ភ្នំពេញ)៖ នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញចុះត្រួតពិនិត្យកម្លាំង មធ្យោបាយ និងបរិក្ខារបំពាក់ នៅតាមបណ្ដាគោលដៅដែលកំពុងចូលរួមជាមួយសមត្ថកិច្ចចម្រុះ ក្នុងការការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ក្នុងថ្ងៃទី៣ នៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
ក្នុងឱកាសនោះ លោកមេបញ្ជាការបានបន្តទៅទស្សនាស្តង់ពិព័រណ៍ផ្សព្វផ្សាយពី តួនាទី ភារកិច្ច សកម្មភាពការងាររបស់អាវុធហត្ថរាជធានីភ្នំពេញ និងលេខទូរស័ព្ទអន្តរាគមន៍បន្ទាន់ (Emergency Hotline) ១២៩១ ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ-អន្តរជាតិ។ ភ្ញៀវកម្សាន្តជាច្រើនបានចូលរួមឆ្លើយសំណួរ ប្រកួតកីឡា និងលេងល្បែងប្រជាប្រិយ ដើម្បីទទួលបានរង្វាន់លើកទឹកចិត្តពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ យ៉ាងកុះករ។
ទន្ទឹមនឹងនោះ លោកឧត្តមសេនីយ៍ឯក ក៏បានថ្លែងអំណរគុណ និងលើកទឹកចិត្តដល់នាយ-នាយរងអាវុធហត្ថរាជធានីភ្នំពេញ តាមបណ្តាគោលដៅទាំងអស់ ដែលបានយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចរៀងៗខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ផ្តល់នូវភាពកក់ក្តៅជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលមកកម្សាន្តនៅតាមបណ្តាទីតាំងនានាក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» រយៈពេល ០៣ថ្ងៃ កន្លងមកនេះ៕
https://www.facebook.com/share/v/1H6qRrmxW9/



































