រយៈពេល៣ថ្ងៃ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី កម្លាំងនគរបាល និងអាវុធហត្ថខេត្តត្បូងឃ្មុំ ចុះល្បាតទាំងយប់ថ្ងៃ ការពារធានាសុវត្ថិភាពជូនភ្ញៀវជាតិ និងអន្តរជាតិ បានយ៉ាងល្អប្រសើរ
17-04-2026 22:56
(ត្បូងឃ្មុំ)៖ ក្រោមការបញ្ជា និងដឹកនាំផ្ទាល់ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ក្នុងរយៈពេល៣ថ្ងៃ គិតចាប់តាំងពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៦ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កម្លាំងនគរបាល និងអាវុធហត្ថទូទាំងខេត្ត បានចុះល្បាតជាប់ជាប្រចាំទាំងយប់ថ្ងៃ។
ក្នុងនោះ ក្នុងគោលដៅការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពរបស់ភ្ញៀវទេសចរ ដែលបានធ្វើដំណើរកម្សាន្តនៅទីរួមខេត្ត-ក្រុង-ស្រុក តាមទីប្រជុំជន ទីវត្តអារាម កន្លែងប្រមូលផ្តុំលេងល្បែងប្រជាប្រិយខ្មែរ រាំលេងកំសាន្ត និងតាមរមណីយដ្ឋានទេសចរណ៍ទូទាំងខេត្តត្បូងឃ្មុំ។
សូមជម្រាបថា រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្នុងឆ្នាំ២០២៦នេះ ខេត្តត្បូងឃ្មុំទទួលបានភ្ញៀវសរុបចំនួន ៨៦៣,៣៣១នាក់។ ក្នុងនោះដើរកម្សាន្តវិលល្ងាច ៨៦៣,១៨៧ នាក់ ទេសចរជាតិ (ស្នាក់នៅ) ១២១ នាក់ ទេសចរបរទេស២៣នាក់។
តាមរយៈតួលេខនេះ បង្ហាញថាចំនួនភ្ញៀវទេសចរ មានការ កើនឡើង ២០.៥៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ (ដែលមានចំនួន ៧១៦,០៥៥ នាក់)៕
































