ពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន៩គ្រួសារ នៅឃុំអន្លង់វិល ទទួលបានអំណោយមនុស្សធម៌ពីអនុសាខាកាកបាទ ក្រហមកម្ពុជាស្រុកសង្កែ
17-04-2026 21:31
(បាត់ដំបង)៖ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសង្កែ ដឹកនាំដោយលោក នាង ចន្ទថារ៉ា អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខា ព្រមទាំងសហការី នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សប្បុរសជន តាមរយៈអនុសាខាកាកបាទក្រហមកម្ពុជា ស្រុក ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្រ្តាក់បណ្ដាលឲ្យប៉ើងតំបូលផ្ទះ សរុបចំនួន៩គ្រួសារ ក្នុងនោះប៉ើងបំបូងទាំងស្រុងចំនួន២ខ្នងផ្ទះ ស្ថិតនៅភូមិដំបូកបុណ្យ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។
ថ្លែងក្នុងឱកាសសំណេះសំណាលនេះ លោក នាង ចន្ទថារ៉ា ប្រធានគណៈកម្មាធិការអនុសាខាស្រុក បាននាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ លោក សុខ លូ ប្រធាគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត ជាពិសេសសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបានសម្ដែងនូវការសោកស្ដាយ ចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិរបស់បងប្អូនដែលនេះជាគ្រោះមហន្តរាយបង្កដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។
លោកប្រធានអនុសាខាបានបន្តទៀតថា ជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់រូប ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ពោលគឺទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ។
ទន្ទឹមនោះ លោកប្រធានអនុសាខាក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំអស់ មានការប្រុងប្រយ័ត្នឲ្យបានគ្រប់ៗគ្នា ជាពិសេស សូមមេត្តាថែទាំសុខភាពឱ្យបានល្អ ថែទាំកូនចៅតូចៗត្រូវប្រុងប្រយ័ត្ន ខ្លាចក្រែងជួបវិបត្តិផ្សេងៗ ព្រោះដើមរដូវវស្សាជិត មកដល់ហើយ ម្យ៉ាងវិញទៀត បើឃើញភាពមិនស្រួលចំពោះសុខភាពត្រូវប្រញាប់ទៅមណ្ឌល សុខភាព ឬមន្ទីរពេលដែលនៅជិតបំផុត ដើម្បីអាចពិគ្រោះ ឬព្យាបាលបានទាន់ពេលវេលា។
ប្រជាពលរដ្ឋរងគ្រោះទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់គិតគូរ ជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះគ្រប់រូបទាំងអស់ ដោយគ្មានការ
រើសអើង មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ។ ប្រជាពលរដ្ឋ ក៏សូមថ្លែងអំណរ
គុណដល់អាជ្ញាធរមូលដ្ឋាន និងសប្បុរសជននានាដែលបានជួយឧបត្ថម្ភ និងជ្រោមជ្រែងដល់ពួកគាត់ក្នុងស្ថានភាពលំបាកបែបនេះ។
សូមបញ្ជាក់ថា គ្រួសារនីមួយៗ ទទួលបានអំណោយរួមមាន អង្ករ២៥គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ និងសំពត់តង់១ សម្រាប់គ្រួសាររលំទាំងស្រុងផងដែរ៕









