FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្ងៃនេះប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ នៅតែបន្តមកដើរលេងកម្សាន្ត «នគរសង្ក្រាន្ត» យ៉ាងច្រើនកុះករដដែល, កម្មវិធីកម្សាន្ដនឹងបន្ដដល់ដាច់សប្ដាហ៍នេះ

17-04-2026 21:12

(ភ្នំពេញ)៖ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦ និងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញ នៅមិនទាន់បិទបញ្ជប់នូវឡើយទេ ពោលគឺ បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ នៅតែបន្តមកដើរលេងកម្សាន្តយ៉ាងច្រើនកុះករដដែល សម្រាប់ថ្ងៃទី៤ នៃពិធី ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦នេះ។

នៅល្ងាច និងរាត្រីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី អមដោយអភិបាលរងរាជធានី ប្រធានមន្ទីរចំណុះរដ្ឋបាលរាជធានី និងលោកស្រីនាយិការង និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានី បានអញ្ជើញទស្សនាការដេីរលេងកម្សាន្តរបស់ប្រជាពលរដ្ឋ ក៏ដូចជាការតាំងលក់ដូររបស់អាជីវករ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន្ត» ដោយបានទស្សនាការលេងអុកចក្រត្រង់ ដែលកំពុងប្រកួតគ្នាយ៉ាងស្វិតស្វាញនៅក្នុងភូមិវប្បធម៌។

លោកស្រី ដោ សម្ផស្ស នាយិការរង និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ការចុះមកទីតាំងសប្បាយភាពនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងរដ្ឋបាលរាជធានីភ្នំពេញ នៅល្ងាច និងរាត្រីថ្ងៃទី១៧ ខែមេសាឆ្នាំ២០២៦នេះ របស់លោក ឃួង ស្រេង និងលោកស្រី គឺដើម្បីទស្សនាការដេីរលេងកម្សាន្តរបស់ប្រជាពលរដ្ឋ ក៏ដូចជា ការលក់ដូររបស់អាជីវករក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន្ត» នេះ។

សូមជម្រាបថា រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦ និងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅទូទាំងរាជធានីភ្នំពេញ មានភ្ញៀវជាតិ និងអន្តរជាតិ មកដើរលេងកម្សាន្តនៅភ្នំពេញ មានចំនួនរហូតជាង៤លាន៣សែននាក់ ពោរពេញដោយភាពសប្បាយរីករាយ និងសាមគ្គីភាព ក្រោមម្លប់សន្តិភាពប្រកបដោយសុខសុវត្ថិភាព។

នៅរាជធានីភ្នំពេញ នៅថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី មានបងប្អូនប្រជាពលរដ្ឋ មកពីគ្រប់ទិសទី បានមកដើរលេងកម្សាន្ត មានចំនួន៩៨៣,០៨០នាក់ ក្នុងនោះភ្ញៀវទេសចរបរទេស ចំនួន៧,០៦៨នាក់ នៅថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី មានប្រជាពលរដ្ឋមកពីគ្រប់ទិសទី បានមកដើរលេងកម្សាន្ត ១,៥៦៥,៣៦៧នាក់ ក្នុងនោះភ្ញៀវទេសចរបរទេសចំនួន១៧,៩៤០នាក់ និងសម្រាប់ថ្ងៃទី៣ មានចំនួន ១,៨២៧,៩៩០នាក់។

បន្ថែមលើនេះ ទាក់ទិននឹងសុខសុវត្ថិភាព ក្នុងអំឡុងពេលអបអរសាទរឆ្នាំថ្មីនេះ ក៏មានភាពល្អប្រសើរ ប្រជាពលរដ្ឋដើរលេងកម្សាន្ត ដោយភាពសប្បាយរីករាយ ក្រោមម្លប់សន្តិភាព និងប្រកបដោយសុខសុវត្ថិភាព ពោលគឺពុំមានហេតុការណាមួយ បង្កជាគ្រោះថ្នាក់ធំដុំឡើយ ។

ឆ្នាំនេះព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ត្រូវបានរៀបចំឡើង រយៈពេល៦ថ្ងៃ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងរដ្ឋបាលរាជធានីភ្នំពេញ ដែលគិតមកដល់ពេលនេះ បានឈានដល់ថ្ងៃទី៤ហើយ នៅសល់២ថ្ងៃទៀត គឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ដូច្នេះសូមអញ្ជើញប្រជាពលរដ្ឋបន្តមកលេងកម្សាន្ដឲ្យបានច្រើនកុះករបន្ថែមទៀត៕