វិភាគអន្តរជាតិ៖ ហេតុអ្វីចិនមិនបង្ខំឱ្យអ៉ីរ៉ង់បញ្ចប់សង្រ្គាមជាមួយសហរដ្ឋអាមេរិក?
17-04-2026 20:42
(វ៉ាស៊ីនតោន)៖ ខណៈសហរដ្ឋអាមេរិកអនុវត្តការបិទខ្ទប់លើកំពង់ផែអ៉ីរ៉ង់ សម្ពាធក៏កំពុងកើនឡើងផងដែរលើទីក្រុងប៉េកាំងដើម្បីជំរុញឱ្យទីក្រុងតេហេរ៉ង់ទទួលយកលក្ខខណ្ឌ ដែលនឹងបិទបញ្ចប់សង្រ្គាម និងវិបត្តិថាមពលជាសកល។ ប៉ុន្តែព្រមពេលជាមួយគ្នា ក្រុមអ្នកជំនាញមើលឃើញថាវាមានភាគរយតិចណាស់ដែលចិនអាច ឬនឹងដាក់សម្ពាធលើប្រទេសជាដៃគូរបស់ខ្លួននៅក្នុងតំបន់មជ្ឈិមបូព៌ា។
លោក Ding Long ជាសាស្ត្រាចារ្យម្នាក់មកពីវិទ្យាស្ថានសិក្សាពីតំបន់មជ្ឈិមបូព៌ានៃសាកលវិទ្យាល័យសិក្សាអន្តរជាតិសៀងហៃ បាននិយាយថាការស្នើឱ្យចិនដាក់សម្ពាធលើអ៉ីរ៉ង់ គឺជាការភ័នច្រឡំលើ គោលនយោបាយ និងគោលជំហររបស់ចិន ហើយការជួយសហរដ្ឋអាមេរិក ឬអ៉ីស្រាអែលមិនមែនជាបំណងរបស់ចិនទេ ពីព្រោះចិនបានជំទាស់នឹងសង្រ្គាមនេះតាំងពីដំបូងមកម្ល៉េះ។ ផ្ទុយពីអាមេរិក ដែលរក្សាអំណាចរបស់ខ្លួនតាមរយៈប្រព័ន្ធសម្ព័ន្ធមិត្តការពារគ្នាទៅវិញទៅមក ចិនមានសម្ព័ន្ធមិត្តចងភ្ជាប់ដោយសន្ធិសញ្ញាតែមួយគត់ នោះគឺកូរ៉េខាងជើង។ ថ្នាក់ដឹកនាំចិនមិនសូវជាមានបំណងបង្ហាញ ការប្ដេជ្ញាចិត្តការពារប្រទេសដទៃនោះទេ និងតែងតែចៀសវាងមិនចង់ជាប់ផុងក្នុងសង្រ្គាមមួយដែលអាចធ្វើឱ្យភាពខ្លាំងរបស់ខ្លួនចុះខ្សោយឡើយ។ ក្នុងន័យនេះថ្នាក់ដឹកនាំចិនមើលឃើញថា ការធ្វើអន្តរាគមន៍របស់សហរដ្ឋអាមេរិកក្នុងតំបន់មជ្ឈិមបូព៌ា គឺជាកត្តាដ៏ចម្បងមួយដែលធ្វើឱ្យឥទ្ធិពលរបស់អាមេរិកថយចុះ ដូច្នេះចិនមិនចង់យកគំរូតាមសហរដ្ឋអាមេរិកទេ។ នេះបើតាមលោកស្រី Patricia Kim ជាអ្នកវិភាគជាន់ខ្ពស់ម្នាក់មពីមជ្ឈមណ្ឌល John L. Thornton China Center នៃវិទ្យាស្ថាន Brookings Institution មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន។
* ជាការពិតណាស់ ចិនក៏រងផលប៉ះពាល់ពីសង្រ្គាមអ៉ីរ៉ង់ដែរ
ចិនមានរបស់ជាច្រើនដែលអាចនឹងត្រូវបាត់បង់ ប្រសិនបើសង្រ្គាមអ៉ីរ៉ង់នៅតែបន្ត។ ច្រកសមុទ្រ Hormuz ជាផ្លូវទឹកដ៏សំខាន់មួយសម្រាប់ថាមពល និងទំនិញរបស់ចិន ពោលគឺ១ភាគ៣ នៃប្រេងឆៅ នាំចូលសរុបរបស់ចិនមានប្រភពមកពីតំបន់ឈូងសមុទ្រពែក្ស។ លើសពីនេះទៅទៀត បច្ចុប្បន្នជាពេលវេលាមួយដែលចិនត្រូវពឹងផ្អែកលើការនាំចេញ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចផងនោះ ការឡើងថ្លៃ តម្លៃថាមពលអាចនឹងធ្វើឱ្យតម្រូវការទំនិញចិនមានការថយចុះដោយសារតែទំនិញឡើងថ្លៃ។ លោកស្រី Yun Sun ជាអ្នកជំនាញមកម្នាក់មកពីស្ថាប័ន Stimson Center ក្នុងទីក្រុងវ៉ាស៊ីនតោន យល់ថាចិនមានប្រេងបម្រុងទុកយុទ្ធសាស្ត្រ ប៉ុន្តែស្ដុកប្រេងបម្រុងនេះមិនមែនមិនចេះរីកស្ងួតនោះទេ។ លោកស្រីបន្ថែមថាចិនមិនចង់ឃើញអស្ថិរភាពឡើយ ហើយក៏មិនចង់ឃើញសង្រ្គាមមួយដែល ជាមូលដ្ឋានគំរាមកំហែងដល់ផលប្រយោជន៍របស់ខ្លួននោះដែរ។
ម្លោះហើយជាសញ្ញាមួយបង្ហាញពីការកើនឡើងការព្រួយបារម្ភ ក្រុមមន្ត្រីចិនបានចូលរួមក្នុងសកម្មភាពការទូតភ្លាមៗ បន្ទាប់ពីកិច្ចចរចាសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ក្នុងប្រទេសប៉ាគីស្ថាន កាលពីសប្ដាហ៍មុន បរាជ័យដោយមិនអាចសម្រេចបានកិច្ចព្រមព្រៀងសន្តិភាព។ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទមួយបានជំរុញឱ្យសមភាគីប៉ាគីស្ថានរបស់ជួយថែរក្សាវឌ្ឍនភាព ដែលទទួលបានមកយ៉ាងលំបាក ក្រោយមានបទឈប់បាញ់បណ្ដោះអាសន្នមួយកាលពីសប្ដាហ៍មុន។ ដោយឡែក ក្នុងកិច្ចសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ លោក Wang បាននិយាយថាចិននឹងបន្តគាំទ្រអ៉ីរ៉ង់ ប៉ុន្តែលោកប្រមុខការទូតចិនក៏បានជំរុញឱ្យបើកច្រកសមុទ្រ Hormuz ឡើងវិញផងដែរដោយសង្កត់ធ្ងន់ថាសេរីភាពធ្វើនាវាចរ គួរតែទទួលបាន ការការពារ។
* ប៉ុន្តែ ការបង្វែរចំណាប់អារម្មណ៍របស់វ៉ាស៊ីនតោនក៏ជាឱកាសមួយផងដែរ
តាមពិតទៅ សង្រ្គាមអ៉ីរ៉ង់ក៏បានផ្ដល់ផលចំណេញដល់ចិនផងដែរ។ ពីព្រោះការជាប់គាំងណាមួយរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ា បានបង្វែរការផ្តោតអារម្មណ៍របស់ទីក្រុងវ៉ាស៊ីនតោនចេញពី តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ឬចេញពីការកំញើញទប់ស្កាត់ការសម្លុតគំរាមរបស់ចិនដើម្បីគ្រប់គ្រប់តៃវ៉ាន់ដែលប៉េកាំងចាត់ទុកថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។ សង្រ្គាមអ៉ីរ៉ង់បានផ្ដល់ឱកាសឱ្យចិនប្រើប្រាស់ សកម្មភាពយោធារបស់សហរដ្ឋអាមេរិក ដើម្បីបង្ហាញប្រាប់ពិភពលោកថាខ្លួនជាប្រទេសគាំទ្រសន្តិភាព និងលើកកម្ពស់ស្ថិរភាពពិភពលោក បើប្រៀបធៀបទៅនឹងសហរដ្ឋអាមេរិក។ មិនតែប៉ុណ្ណោះ សង្រ្គាមនេះក៏បានធ្វើឱ្យបណ្ដាប្រទេសមួយចំនួន ក្នុងនោះរួមមានទាំងសម្ព័ន្ធមិត្តរបស់អាមេរិកខ្លួនឯងខកចិត្តចំពោះលោក ត្រាំ ហើយចិនសង្ឃឹមថាការខកចិត្តនេះនឹងជំរុញឱ្យពួកគេងាកមករកខ្លួន ដែលជាដៃគូមួយគួរឱ្យទុកចិត្តបាន។
«ខ្ញុំគិត៥០-៥០ ល្អ និងអាក្រក់»។ នេះជាការយល់ឃើញរបស់លោក Xin Qiang ជាអ្នកជំនាញម្នាក់អំពីសហរដ្ឋអាមេរិក និងចិន មកពីសាកលវិទ្យាល័យ Fudan ក្នុងទីក្រុងសៀងហៃ។ លោកបាននិយាយថាខណៈការកើនឡើងតម្លៃថាមពលបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចចិន ការមិនពេញចិត្តរបស់បណ្ដាប្រទេសដទៃចំពោះសហរដ្ឋអាមេរិកអាចនឹងជំរុញឱ្យប្រទេសទាំងនោះពង្រឹង ទំនាក់ទំនងជាមួយចិនដែលការណ៍នេះអាចនឹងជួយពង្រីកឥទ្ធិពលចិនជាសកល។ តាមអ្នកជំនាញរូបនេះ វាក៏បង្ហាញដែរថាចិនយ៉ាងហោចណាស់ក្នុងពេលបច្ចុប្បន្នជាប្រទេសមួយមានទំនួលខុសត្រូវ អាចជឿទុកចិត្តបាន មានហេតុផល និងសន្តិភាពនិយមជាងសហរដ្ឋអាមេរិក។
* ចិនមិនចង់ត្រូវបានគេស្ដីបន្ទោស បើកិច្ចចរចាសន្តិភាពបរាជ័យ
នៅពេលដែលក្រុមមន្ត្រីអ៉ីរ៉ង់កោតសរសើរចិនសម្រាប់ការជួយជំរុញឱ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីសប្ដាហ៍មុន ប៉េកាំងមិនបានទទួលស្គាល់ តែក៏មិនបានប្រកែកចំពោះតួនាទីរបស់ខ្លួន នោះដែរ។ អ្នកនាំពាក្យម្នាក់នៃក្រសួងការបរទេសចិនគ្រាន់តែនិយាយថាចិនបាន និងកំពុងធ្វើការយ៉ាងសកម្មដើម្បីនាំវិបត្តិទៅរកទីបញ្ចប់។ ក្រុមអ្នកជំនាញយល់ថាការប្រកាន់យកជំហរមិនចូលរួម ដោយផ្ទាល់នេះអាចសន្មត់បានថាទីក្រុងប៉េកាំងបារម្ភខ្លាចថាអាចបាក់មុខ ឬត្រូវបានគេស្ដីបន្ទោសប្រសិនបើកិច្ចចរចាសន្តិភាព ឬបទឈប់បាញ់ទទួលបរាជ័យ ដោយចិនសុខចិត្តចូលរួមដោយប្រយោល ក្នុងកិច្ចចរចា ហើយជំរុញជាសាធារណៈឱ្យភាគីជម្លោះត្រឡប់ទៅរកតុចរចា។ កត្តាសមត្ថភាពយោធាក៏ជាមូលហេតុមួយធ្វើឱ្យចិនស្ទាក់ស្ទើរក្នុងការចូលរួមពាក់ព័ន្ធនឹងជម្លោះក្នុងតំបន់មជ្ឈិមបូព៌ាផងដែរ។ ចិនបានពង្រីកសមត្ថភាពយោធាយ៉ាងឆាប់រហ័ស តែចិនមិនមានបណ្ដាញមូលដ្ឋានទ័ពនៅក្រៅប្រទេសដូចជាសហរដ្ឋអាមេរិកឡើយ។
លោក Xin Qiang យល់ថាចិនអាចដើរតួនាទីជាក់លាក់មួយ តែតួនាទីនោះនៅតែមានដែនកំណត់។ លោកពន្យល់ថាប្រសិនបើអ៉ីរ៉ង់ត្រូវការការធានាសន្តិសុខ នោះវាជារឿងដ៏ពិបាកមួយសម្រាប់ចិន ដើម្បីផ្ដល់ការធានាសន្តិសុខឱ្យអ៉ីរ៉ង់។ មួយវិញទៀត ប្រសិនបើសហរដ្ឋអាមេរិកចង់ឱ្យអ៉ីរ៉ង់បោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ ចិនក៏ប្រហែលជានឹងមិនបង្ខំឱ្យអ៉ីរ៉ង់បោះបង់ចោលនោះដែរ។
ខណៈប៉េកាំងមានបំណងជំរុញសន្តិភាព វានៅតែមានបញ្ហាខ្ទាស់ជាមួយនឹងអាទិភាពរបស់ខ្លួន។ ជាក់ស្ដែងចិនចាំបាច់ត្រូវគ្រប់គ្រងផលវិបាកសេដ្ឋកិច្ចដែលបង្កឡើងដោយសង្រ្គាមអ៉ីរ៉ង់ផង និងស្ដារទំនាក់ទំនងរបស់ខ្លួនឡើងវិញជាមួយទីក្រុងវ៉ាស៊ីនតោន មុនកិច្ចប្រជុំកំពូលរវាងលោក ស៊ី ជីនពីង និងលោក ដូណាល់ ត្រាំផង។ លោកស្រី Sun បាននិយាយថាលទ្ធភាពដែលសហរដ្ឋអាមេរិក និងអ៉ីស្រាអែលអាចយកឈ្នះលើអ៉ីរ៉ង់ភ្លាមៗ ទំនងជាមានភាគរយតិចណាស់។ ដូច្នេះវិធីសាស្ត្ររបស់ចិនក៏បានផ្លាស់ប្ដូរដែរ។ ប្រសិនបើសហរដ្ឋអាមេរិកអាចយកឈ្នះអ៉ីរ៉ង់ក្នុងពេល១ ឬ២សប្ដាហ៍ ម្លេះចិនក៏គ្មានជម្រើសអ្វីនោះដែរក្រៅតែពីទទួលយកលទ្ធផលបែបនេះ។ តែឥលូវ យុទ្ធសាស្ត្ររបស់ចិន នោះគឺស្វែងរកបទឈប់បាញ់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយព្យាយាមបង្កើនតួនាទីរបស់ខ្លួន បើទោះជាត្រូវចូលរួមដោយប្រយោលក្នុងកិច្ចចរចាក៏ដោយ ដ្បិតធ្វើបែបនេះចិននឹងទទួលបានជឿទុកចិត្តកាន់តែច្រើនពីបណ្ដាប្រទេសដទៃ៕







