FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Fresh Exclusive: អត្ថន័យនៃ «របួសកូនដៃមួយ» ការរក្សាស្ថិរភាពជាតិ ខណៈកម្ពុជាបន្តតស៊ូទាមទារទឹកដីដោយមធ្យោបាយសន្តិវិធី

17-04-2026 18:10

(ភ្នំពេញ)៖ ប្រសាសន៍បង្កប់អត្ថន័យដ៏ជ្រាលជ្រៅរបស់សម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន «របួសកូនដៃមួយ» បានធ្វើឲ្យក្រុមប្រឆាំង បានបកស្រាយក្នុងន័យខុស ក្នុងការចង់ញុះញង់ ឱ្យប្រទេសរងអស្ថិរភាពនយោបាយ។ តើប្រសាសន៍នេះមានអត្ថន័យយ៉ាងណា? ជាការមើលងាយទឹកដី ឬជាយុទ្ធសាស្ត្ររក្សាជាតិ? ហើយហេតុអ្វីកម្ពុជា ជ្រើសសន្តិវិធី មិនមែនសង្គ្រាម ក្នុងការការពារអធិបតេយ្យជាតិក្នុងពេលនេះ?
Fresh Exclusive មានអត្ថបទស៊ីជម្រៅជុំវិញបញ្ហានេះ...

នៅពេលអារម្មណ៍ជាតិនិយម កំពុងកើនឡើង និងសំឡេងញុះញង់កាន់តែពង្រីកលើបណ្តាញសង្គម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចេញសារឆ្លើយតបតាមបណ្តាញសង្គមវិញ ដោយប្រើពាក្យប្រៀបធៀបដ៏ខ្លាំងមួយថា៖ «របួសកូនដៃមួយ មិនគួរធ្វើឲ្យខ្លួនប្រាណពិការទាំងមូលនោះឡើយ»។ សម្តីនេះមិនមែនបន្ទាបតម្លៃទឹកដីទេ ប៉ុន្តែបញ្ជាក់ថា កម្ពុជា មិនអាចអនុញ្ញាតឲ្យបញ្ហាព្រំដែនមួយផ្នែក បម្លែងទៅជាវិបត្តិសង្គម សេដ្ឋកិច្ច និងវប្បធម៌ទាំងមូលបានឡើយ។

ប្រសាសន៍ដែលមានអត្ថន័យជ្រាលជ្រៅនេះ ក៏ជាការឆ្លើយតបទៅនឹងការរិះគន់ដែលចោទថា ការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ គឺមិនគិតដល់ទឹកដី និងកងទ័ពនៅតាមព្រំដែន។ ក្នុងការបកស្រាយរយៈពេលជាង៣០នាទី សម្តេចតេជោ បានលើកឡើងសំណួរមួយដ៏សំខាន់៖ តើការពារជាតិ មានន័យថា «ឈប់រស់នៅ» ឬ «បន្តរស់នៅដើម្បីការពារ»?

* ការប្រៀបធៀប «របួសកូនដៃ» មិនមែនសម្តីមើលងាយ ប៉ុន្តែជាការការពារសរីរាង្គជាតិ

ប្រសាសន៍បកស្រាយរបស់សម្តេ តេជោ បានបញ្ជាក់យ៉ាងច្បាស់ថា ពាក្យ «របួសកូនដៃ» គឺជាការប្រៀបធៀបអំពីសមាមាត្រ រវាងបញ្ហាមួយផ្នែកតូច និងស្ថិរភាពទាំងមូលរបស់ប្រទេស មិនមែនជាការបន្ថយតម្លៃទឹកដីឡើយ។ ក្នុងន័យយុទ្ធសាស្ត្រ វាបង្ហាញថា កម្ពុជាមិនមើលរំលងបញ្ហាទឹកដីទេ ប៉ុន្តែក៏មិនអនុញ្ញាតឲ្យបញ្ហានោះ ក្លាយជាហេតុបំផ្លាញសង្គម សេដ្ឋកិច្ច និងជីវភាពជាតិទាំងមូលផងដែរ។ ជាតិមួយ មិនអាចឈប់ដំណើរការបាន ដោយសារតែឆ្លើយតបទៅនឹងវិបត្តិមួយផ្នែកបានឡើយ ព្រោះការធ្វើបែបនោះនឹងបង្កគ្រោះថ្នាក់ធំជាងបញ្ហា ដែលកំពុងប្រឈមមុខ។
ដូច្នេះប្រសាសន៍របស់សម្តេចតេជោនេះ មិនត្រឹមតែជាការពន្យល់ទេ ប៉ុន្តែជាការឆ្លើយតបយ៉ាងត្រង់ទៅនឹងសម្លេងញុះញង់ ដែលលើកឡើងថា ការបាត់បង់ផ្នែកតូចមួយនៃទឹកដី គួរត្រូវនាំឲ្យប្រទេសបញ្ឈប់សកម្មភាពទាំងអស់ សូម្បីតែពិធីបុណ្យប្រពៃណីជាតិ ដូចជាពិធីបុណ្យចូលឆ្នាំខ្មែរជាដើម។

* ស្វែងជម្រើសពិតប្រាកដ៖ តើជ្រើសសង្គ្រាម ឬ ជ្រើសការដោះស្រាយដោយសន្តិវិធី?

ក្នុងប្រសាសន៍បកស្រាយសម្តេចតេជោ ហ៊ុន សែន បានដាក់សំណួរដ៏ត្រង់មួយទៅកាន់អ្នករិះគន់ រួមទាំងក្រុមប្រឆាំងនៅក្រៅប្រទេសផងដែរ៖ តើគួរជ្រើស «ការវាយយកវិញ» ឬ «ការចរចារដោយសន្តិវិធី» ចំពោះបញ្ហាទឹកដីដែលកើតឡើងពីជម្លោះជាមួយប្រទេសថៃ ដែលមានប្រវត្តិចង់បានទឹកដីកម្ពុជាជាយូរឆ្នាំរួចមកហើយនោះ?

ប្រសាសន៍របស់សម្តេចនេះ បានបង្ហាញជម្រើសពីរយ៉ាងយ៉ាងច្បាស់៖ ជម្រើសទី១ គឺការប្រើប្រាស់កម្លាំងយោធា ដែលនាំឲ្យមានការបាត់បង់ជីវិតទាហាន និងប្រជាពលរដ្ឋ ការខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងការកើនឡើងនៃជនភៀសខ្លួនរាប់សែននាក់ ស្ថានភាពដែលកម្ពុជាធ្លាប់បានឆ្លងកាត់រួចមកហើយក្នុងអតីតកាល។ សម្តេចបញ្ជាក់ថា រាជរដ្ឋាភិបាលមិនត្រូវការជម្រើសទីមួយនេះទេ។

ចំណែកជម្រើសទី២ គឺការដោះស្រាយដោយសន្តិវិធី តាមរយៈការទូត និងយន្តការច្បាប់អន្តរជាតិ។ សម្តេចបានបញ្ជាក់ថា នេះជាជម្រើស ដែលគិតគូរដល់សុខុមាលភាពប្រជាពលរដ្ឋ ការរក្សាជីវិតមនុស្ស និងស្ថិរភាពជាតិ ខណៈដែលការតស៊ូទាមទារទឹកដីនៅតែបន្តដោយមិនបានបោះបង់ឡើយ។

សម្តេចក៏បានបញ្ជាក់ថា កម្ពុជាមិនទទួលស្គាល់ការប្រើប្រាស់កម្លាំង ដើម្បីកាន់កាប់ទឹកដីជាក់ស្តែងទេ ប៉ុន្តែបានព្រមានថា ការញុះញង់ឲ្យប្រើអំពើហិង្សារបស់ក្រុមប្រឆាំងនិងក្រុមជ្រុលនិយមគឺ «មិនខុសពីការរុញភ្លើងឲ្យឆេះកាន់តែខ្លាំងឡើយ»។ សម្តេចតេជោបញ្ជាក់ថា ជម្រើសសង្គ្រាម មិនត្រឹមតែបង្កការប៉ះទង្គិចនៅតាមព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែអាចរាលដាលទៅដល់សេដ្ឋកិច្ច សង្គម និងជីវភាពប្រជាជននៅទូទាំងប្រទេស។
ដូច្នេះជម្រើសដែលរាជរដ្ឋាភិបាលកម្ពុជា បានយកគឺមានភាពច្បាស់លាស់៖ បញ្ចៀសការបាត់បង់ជីវិត រក្សាសន្តិភាព និងដោះស្រាយបញ្ហាតាមផ្លូវសន្តិវិធី តាមរយៈការទូត និងការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ ដើម្បីឈានទៅដល់ការវាស់វែង និងដោះស្រាយបញ្ហាព្រំដែនដោយយុទ្ធសាស្ត្ររយៈវែង។

* ការបាត់បង់ដីធ្លាប់គ្រប់គ្រង មិនមែនមានន័យថា បាត់បង់អធិបតេយ្យភាព

ចំណុចសំខាន់មួយ ដែលត្រូវបានយល់ច្រឡំជាញឹកញាប់ គឺការភាន់ច្រឡំរវាង «ការបាត់បង់ការគ្រប់គ្រងដីបណ្តោះអាសន្ន» និង «ការបាត់បង់ទឹកដីជាស្ថាពរ»។ ការប្រកាន់យកទស្សនៈទាំងពីរនេះថាមានភាពស្មើគ្នា មិនត្រឹមតែបង្កការភាន់ច្រឡំទេ ប៉ុន្តែអាចជំរុញឲ្យមានការសម្រេចចិត្តខុសក្នុងកម្រិតជាតិផងដែរ។ ក្នុងបរិបទនេះ ក្រុមប្រឆាំង និងក្រុមជ្រុលនិយមមួយចំនួន តែងប្រើសម្តីញុះញង់ ដើម្បីបង្កើតការយល់ច្រឡំថា ការបាត់បង់ការគ្រប់គ្រងលើផ្នែកតូចមួយនៃទឹកដី គឺស្មើនឹងការបាត់បង់អធិបតេយ្យភាពទាំងស្រុង ហើយត្រូវឆ្លើយតបវិញដោយអំពើហិង្សា។ ទោះជាយ៉ាងណា សម្តេច តេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនទទួលស្គាល់ការកាន់កាប់ទឹកដីដោយកម្លាំងទេ។ ផ្ទុយទៅវិញ ការតស៊ូត្រូវធ្វើតាមយន្តការច្បាប់ និងការទូត ដែលជាវិធីសាស្ត្រមានប្រសិទ្ធភាពក្នុងការរក្សាសិទ្ធិ និងអធិបតេយ្យភាពជាតិ។

សម្តេចបានលើកឡើងថា ប្រវត្តិសាស្ត្របានបញ្ជាក់រួចហើយថា ការទាមទារទឹកដីតាមផ្លូវច្បាប់ មិនមែនជាការប្រកួតរយៈពេលខ្លីទេ។ ករណីប្រាសាទព្រះវិហារ គឺជាឧទាហរណ៍ច្បាស់លាស់មួយ ដែលកម្ពុជាត្រូវចំណាយពេលជាច្រើនឆ្នាំក្នុងការតស៊ូតាមផ្លូវច្បាប់ មុននឹងឈ្នះក្តី និងទទួលបានការទទួលស្គាល់ពីអន្តរជាតិ។ ដូច្នេះប្រសាសន៍នេះ បង្ហាញយ៉ាងច្បាស់ថា ការការពារទឹកដី មិនមែនអាស្រ័យលើល្បឿននៃសកម្មភាពទេ ប៉ុន្តែអាស្រ័យលើយុទ្ធសាស្ត្រ និងការអត់ធ្មត់ក្នុងការសម្រេចលទ្ធផលយូរអង្វែង។

* ការរៀបចំពិធីបុណ្យចូលឆ្នាំ៖ មិនមែនជាទង្វើភ្លេចជាតិ ប៉ុន្តែបញ្ជាក់ថា ជាតិមិនបានរលំឡើយ

ក្នុងរយៈពេលបីថ្ងៃ នៃបុណ្យចូលឆ្នាំខ្មែរ ប្រជាពលរដ្ឋរាប់លាននាក់បានចូលរួមសប្បាយរីករាយយ៉ាងទូលំទូលាយ។ ប៉ុន្តែសម្រាប់មតិប្រឆាំងមួយចំនួន ការរៀបចំនេះអាចត្រូវបានបកស្រាយថា ជាការមិនគិតដល់បញ្ហាព្រំដែន។ ប៉ុន្តែអត្ថន័យជាក់ស្តែងវិញ គឺផ្ទុយទាំងស្រុង។ ការប្រារព្ធបុណ្យចូលឆ្នាំ គឺជាសញ្ញាបង្ហាញថា សង្គមនៅតែដំណើរការសេដ្ឋកិច្ចមិនត្រូវបានបិទទ្វារ ហើយប្រពៃណីវប្បធម៌ជាតិមិនត្រូវបានបោះបង់ឡើយ។ ជាតិមួយដែលអាចបន្តអនុវត្តប្រពៃណី និងរក្សាជីវភាពប្រចាំថ្ងៃបាន ទោះបីជាកំពុងប្រឈមមុខនឹងវិបត្តិ ក៏ជាជាតិមួយ ដែលមានភាពរឹងមាំ មិនមែនជាជាតិដែលទន់ខ្សោយឡើយ។

ភាពសប្បាយរីករាយក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ មិនមែនជាការភ្លេចជាតិ ឬភ្លេចទឹកដីទេ ប៉ុន្តែជាការបង្ហាញថា ប្រជាជនមិនអនុញ្ញាតឲ្យវិបត្តិមួយ បំផ្លាញស្ថិរភាព និងជីវិតប្រចាំថ្ងៃរបស់ខ្លួនបានឡើយ។ អ្វីដែលគួរឲ្យកត់សម្គាល់ គឺនៅក្នុងពេលដែលប្រជាជននាំគ្នាសប្បាយរីករាយ ពួកគេមិនបានបាត់បង់ការយកចិត្តទុកដាក់លើបញ្ហាជាតិឡើយ។ ផ្ទុយទៅវិញ មានការជឿជាក់កាន់តែច្បាស់លាស់ថា រាជរដ្ឋាភិបាលមានគោលនយោបាយច្បាស់ក្នុងការបញ្ចៀសសង្គ្រាម ខណៈបន្តការតស៊ូទាមទារទឹកដីតាមមធ្យោបាយសន្តិវិធី និងផ្លូវច្បាប់។

ការសន្និដ្ឋាន៖ ជាតិមិនអាចឈប់ដំណើរការ ដើម្បីដេករង់ចាំជ័យជំនះទេ

នៅចុងក្រោយសំណួរដ៏ធំមួយត្រូវបានដាក់ចេញ៖ តើការពារជាតិ គឺគេត្រូវឈប់រស់នៅ ឬបន្តរស់នៅ ដើម្បីការពារ?

ចម្លើយរបស់រាជរដ្ឋាភិបាលកម្ពុជា គឺច្បាស់លាស់ គឺមិនជ្រើសសង្គ្រាមដែលនាំឲ្យបាត់បង់ជីវិត, មិនបោះបង់ការទាមទារទឹកដី និងមិនអនុញ្ញាតឲ្យវិបត្តិ បញ្ឈប់ដំណើរការជាតិឡើយ។
ដូច្នេះពាក្យ «របួសកូនដៃមួយ» មិនមែនជាការបន្ថយតម្លៃបញ្ហាជាតិ និងទឹកដីឡើយ ប៉ុន្តែជាការរំលឹកថា ជាតិមួយ មិនអាចឈប់ដំណើរការ ដើម្បីរង់ចាំជ័យជំនះបានឡើយ។ ផ្ទុយទៅវិញ ជាតិមួយត្រូវបន្តរស់នៅ បន្តភាពរីកចម្រើន និងបន្តការតស៊ូ ដោយភាពអត់ធ្មត់ និងយុទ្ធសាស្ត្រ ទោះបីមានរបួសក៏ដោយ។យើងជាកូនខ្មែរត្រូវចងចាំថា «ជ័យជំនះមិនបានមកពីការឈប់ដំណើរការឡើយ ប៉ុន្តែបានមកពីជាតិ ដែលដឹងថា គេត្រូវបន្តដើរទៅមុខយ៉ាងណា ទោះបីមានរបួសក៏ដោយ»