មានទេសចរកម្សាន្តក្នុងខេត្តកែប ជាង ១១ម៉ឺននាក់ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី
17-04-2026 16:29
(កែប)៖ លោក ប៉ុក ទង ប្រធានមន្ទីរទេសចរណ៍ខេត្តកែប បានឲ្យដឹងថា រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ (ថ្ងៃទី១៤-១៥-១៦ ខែមេសា) ខេត្តកែប ទទួលបានភ្ញៀវទេសចរសរុប ចំនួន ១១០,១៨៦នាក់។ ក្នុងនោះ ភ្ញៀវជាតិ មានចំនួន ១០៩,៧៣៩នាក់ ខណៈភ្ញៀវអន្តរជាតិ មានចំនួន ៤៤៧នាក់។
ចំពោះស្ថានភាពទេសចរណ៍ទូទៅ មានភាពល្អប្រសើរ ដោយមិនមានពាក្យបណ្ដឹង គ្រោះថ្នាក់ ឬបាតុភាពអវិជ្ជមានណាមួយប៉ះពាល់ដល់ភ្ញៀវទេសចរនោះឡើយ។ ដោយឡែក អាជ្ញាធរបានចាត់តាំងកម្លាំងនគរបាលទេសចរណ៍ ចុះរៀបចំសណ្ដាប់ធ្នាប់ និងរក្សាសន្តិសុខតាមគោលដៅទេសចរណ៍នានាទូទាំងខេត្ត ធានាឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទទួលបានសុវត្ថិភាព និងកក់ក្តៅក្នុងការមកកម្សាន្តលេង៕























