៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី មានភ្ញៀវទេសចរ ជាង៤៣ម៉ឺននាក់ លេងកម្សាន្តខេត្តកំពត
17-04-2026 16:32
(កំពត)៖ លោក សយ សុីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឲ្យដឹង នៅថ្ងៃទី១៧ ខែមេសា នេះថា រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ភ្ញៀវទេសចរជាតិ អន្តរជាតិ បានដើរលេងកម្សាន្ត និងស្នាក់នៅក្នុងភូមិសាស្ត្រខេត្តកំពត ចំនួន ៤៣២.៨១៦នាក់ ក្នុងនោះភ្ញៀវជាតិ មាន ៤៣០.៤២៦នាក់ និងទេសចរបរទេសចំនួន ២.៣៩០នាក់។
លោកប្រធានមន្ទីរ បន្តថា ភ្ញៀវជាតិ និងអន្តរជាតិ ដែលដើរលម្ហែកម្សាន្តតាមរមណីយដ្ឋាន សហគមន៍ គោលដៅទេសចរណ៍នានា មានចំនួន ១៤៦.៧៨៦នាក់ ចំណែកភ្ញៀវ និងបងប្អូប្រជាពលរដ្ឋុ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍សង្ក្រាន្តមាន ២៨៦.០៣០នាក់។ សម្រាប់ស្ថានភាពទូទៅនៅតាមកន្លែងកម្សាន្ត រមណីយដ្ឋានទេសចរណ៍ រួមនឹងសេវាស្នាក់នៅ មានភាពល្អប្រសើរ មិនមានបញ្ហា ឬបាតុភាពអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះទេ។ រីឯតម្លៃសេវាកម្ម ក៏ពុំមានការតម្លើងថ្លៃហួសហេតុដែលមិនអាចទទួលយកបាន ពីភ្ញៀវទេសចរនោះដែរ ខណៈក្រុមអាជីវករ សប្បាយចិត្តក្នុងការលក់ដូរមានភាពប្រសើរ និងលក់ដាច់ខ្លាំង។
លោកប្រធានមន្ទីរ បានលើកបញ្ជាក់ថា ខេត្តកំពត ក្រោមការដឹកនាំប្រកបដោយភាពច្នៃប្រឌិត របស់លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត បានធ្វើឱ្យវិស័យទេចរណ៍ខេត្ត មានការអភិវឌ្ឍន៍រីកចម្រើនច្រើន និងកាន់តែមានភាពទាក់ទាញទេសចរកាន់តែច្រើនឡើង។
សូមរំលឹកថា រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព នៅទូទាំងខេត្តមានភាពល្អប្រសើរ ចំណែកការធ្វើដំណើរនៅក្នុងក្រុង ក៏មិនមានការកកស្ទះចរាចរណ៍នោះទេ ដោយសារកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត បានជួយសម្រួលដើម្បីបញ្ជៀសនូវការកកស្ទះ៕























